ក្រុមសមាជិកសភាអាមេរិកដាក់គម្រោងការធ្វើសន្និសីទសារព័ត៌មានមួយដើម្បីរំលេចពីកំណត់ត្រាសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា វៀតណាម ឡាវនិងភូមាចំពេលលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងជួបប្រជុំជាមួយមេដឹកនាំអាស៊ានរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២-១៣ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ សកល ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ហើយត្រូវគេសង្ស័យថា រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលអាចមានការយកចិត្តទុកដាក់តិចជាងនោះ។
សេចក្តីប្រកាសព័ត៌មានមួយដែលវីអូអេទទួលបានពីការិយាល័យសមាជិកសភាអាមេរិក គឺលោកAlan Lowenthal ដែលតែងជួយគិតគូរពីបញ្ហាកម្ពុជា នៅថ្ងៃនេះ បានឱ្យដឹងថា សន្និសីទនេះគឺដើម្បី «ទទូចឱ្យមានការយកចិត្តទុកដាក់ចំពោះភាពចាំបាច់ដែលបន្តគិតពីបញ្ហាសិទ្ធិមនុស្សជាអាទិភាពក្នុងគោលនយោបាយអាមេរិក ចំពោះរដ្ឋក្នុងតំបន់អាស៊ានរួមទាំងវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា»។
សេចក្តីប្រកាសដដែលបានបន្តថា៖ «ការរំលោភសិទ្ធិមនុស្សនានាបាននាំឱ្យមានវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ការបំបាត់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា និងការបំបាត់សំឡេងអ្នកសារព័ត៌មាន អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំសាសនានៅវៀតណាម»។
បើតាមសេចក្តីថ្លែងការណ៍ដដែល ដែលចេញផ្សាយនៅថ្ងៃនេះសមាជិកសភាបីរូបចម្រុះគណបក្សគឺលោក Alan Lowenthal លោក Lou Correa លោកស្រី Young Kim នឹងធ្វើសន្និសីទកាសែតរួមគ្នារយ:ពេល៤៥នាទីចាប់ពីម៉ោង៩ព្រឹកថ្ងៃទី១២ ខែឧសភា រួមគ្នាជាមួយនឹងក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សមួយចំនួនដូចជា Amnesty International ក្នុងកន្លែងធ្វើសន្និសីទកាសែតនៅមុខអគារសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីតោន។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psakiបង្ហាញឱ្យដឹងពីការយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សរបស់លោកប្រធានាធិបតី Joe Biden ពេលលោកជំនួបជាមួយមេដឹកនាំទាំងឡាយដែលលោកបានជួបសន្ទនាជាមួយ។ លោកស្រីមានប្រសាសន៍ឆ្លើយតបនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មាន
វីអូអេប្រចាំសេតវិមានតាមខ្លឹមសារដើមថា៖ «ខ្ញុំអាចនិយាយបានថា លោកប្រធានាធិបតី មិនដែល មិននិយាយលើកឡើងពីក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស នៅពេលលោកធ្វើកិច្ចសន្ទនាជាមួយមេដឹកនាំនានាដែលមានជាប់ទាក់ទងនឹងរឿងសិទ្ធិមនុស្សនេះទេ»។
ក្រុមជនជាតិខ្មែរអាមេរិកាំងនិងភូមានិងពលរដ្ឋជនជាតិដើមផ្សេងៗទៀតគ្រោងនឹងធ្វើបាតុកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីតោនដើម្បីទាមទារឱ្យលោកប្រធានាធិបតី Joe Biden ស្តារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយលើកឡើងពីបញ្ហានេះនៅពេលជួបជាមួយមេដឹកនាំអាស៊ាន។
ក្រុមអ្នកវិភាគខ្លះបានអះអាងថា បញ្ហាភូមិសាស្ត្រនយោបាយ ផលប្រយោជន៍សេដ្ឋកិច្ចទំនងជាគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានខាងមុខ៕