សហរដ្ឋ​អាមេរិក​អបអរ​សាទរ​ប្រធានាធិបតី​ថ្មី​របស់​​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត

រូបឯកសារ៖ លោក Yoon Seok-youl នៃគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ថ្លែងនៅពេលគាត់ត្រូវបានអបអរសាទរដោយសមាជិក និងសមាជិកសភារបស់គណបក្សនៅឯរដ្ឋសភាក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក បាន​អបអរ​សាទរ​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោតថ្មី​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​លោក Yoon Seok-youl ហើយ​បាននិយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទន្ទឹង​រង់ចាំ​ដើម្បី​ពង្រីក​សម្ព័ន្ធភាព​ដ៏​រឹង​មាំជា​មួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បោះឆ្នោត​ជ្រើសរើស​លោកYoon Seok-youl បេក្ខ ជន​គណបក្ស​អំណាច​ប្រជា​ពលរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំង​និង​ជា​អតីតរដ្ឋអាជ្ញា​ឲ្យ​ធ្វើ​ជា​ប្រ ធានាធិបតី​ថ្មី​របស់កូរ៉េខាង​ត្បូង បន្ទាប់ពី​ការប្រកួត​ប្រជែង​ដ៏​ល្មីង​ជូចត់​នៅ​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​នោះ។

លោកYoon ដែល​ជា​អ្នក​អភិរក្សនិយម​ត្រូវគេ​រំពឹង​ថា នឹង​ប្រកាន់​ជំហរតឹង​រឹង​ប្រឆាំង​នឹង​កូរ៉េ ខាង​ជើង​និង​ចិន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​វីអូអេ​ថា «សម្ព័ន្ធភាពរវាង​សហរដ្ឋ​អាមេរិក​ និងសាធារណរដ្ឋ​កូរ៉េ សេដ្ឋកិច្ច​របស់​យើង​និង​ប្រជាពលរដ្ឋ​របស់​យើង មាន​ភាពរឹង​មាំ​ខ្លាំង»។ អ្នក​នាំពាក្យ​នោះ បាន​បន្ថែម​ទៀត​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden ទន្ទឹង​រង់ចាំធ្វើ ការជាមួយ​រដ្ឋបាល​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធរបស់​យើង»។

លោកYoon ត្រូវ​គេរំពឹង​ថា នឹង​បង្កើត​ក្រុម​អន្តរកាល​មួយ​មុន​ពេល​ចូល​កាន់​តំណែង​ជា​ផ្លូវការនៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ដើម្បី​ជំនួស​លោកMoon Jae-in ប្រធានាធិបតី​ដែលនឹង​ចេញពី​តំណែង​ដែលត្រូវ​បាន​រដ្ឋធម្មនុញ​កូរ៉េ​ខាង​ត្បូង​ហាមប្រាម​មិន​ឲ្យឈរ​ឈ្មោះបោះ​ឆ្នោតអណ្ណត្តិ​ទី២ដែល​មាន​រយៈពេល​៥​ឆ្នាំទៀត។

ស្រប​ពេល​ដែល​មន្ត្រី​អាមេរិក​មួយ​ចំនួន មិន​អាច​ព្យាករណ៍​ពី​ទំនាក់​ទំនងក្នុង​ពេល​អនាគត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នោះ គេ​រំពឹង​ថា ភាគ​ច្រើន​នៃ​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ទៅ​មុខទៀត។

ស្តីពី​នយោបាយ​ការបរទេស​របស់​កូរ៉េ​ខាង​ត្បូង​វិញ លោក Yoon ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​គាំទ្រ​គោលនយោបាយ «សន្តិភាព​តាម​រយៈ​កម្លាំង» ជា​មួយ​កូរ៉េខាង​ជើង​ ហើយ​និង​ជា​អ្នក​រិះគន់​ដ៏​ខ្លាំង​លើ​ប្រទេស​ចិន។ អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា ប្រធានាធិតី​ថ្មី​នេះ នឹងត្រូវ​គ្រប់គ្រង​សមត្ថភាព​ពង្រីក​កម្លាំង​យោធា​របស់​កូរ៉េខាង​ជើង​និងការ​ប្រកួត​ប្រជែង​ដ៏​ស្វិត ស្វាញ​រវាង​ចិន​និង​អាមេរិក​ផង​ដែរ។

សហរដ្ឋ​អាមេរិក នឹង​បន្ត​ការសម្រប​សម្រួលជាមួយ​សម្ព័ន្ធមិត្ត​ដែល​រួមមាន​កូរ៉េខាង​ត្បូងនិង​ជប៉ុន​ដើម្បីត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការចូលរួម​ក្នុង​ការងារការទូតដ៏ម៉្មត់ចត់​និង​ចីរភាព​មួយជា​មួយកូរ៉េ​ខាង​ជើង៕