សៀមរាប — ជាទូទៅទាំងនៅកម្ពុជានិងនៅជុំវិញពិភពលោក វិស័យស្ថាបត្យកម្មសម្បូរទៅដោយស្ថាបត្យករជាបុរស។ ស្ថាបត្យករជាស្ត្រីមួយចំនួនតូចនៅឡើយត្រូវបានទទួលស្គាល់សម្រាប់ស្នាដៃរចនាបថសំណង់ ឬការពារនិងអភិរក្សសំណង់ប្រាសាទបុរណ បើធៀបនឹងស្ថាបត្យករជាបុរស។
នៅកម្ពុជា លោកស្រី ជាម ផល្លី ជាស្ថាបត្យករស្រ្តីដំបូងគេ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ លោកស្រីបានឆ្លងកាត់ការសិក្សាផ្នែកស្ថាបត្យកម្មរយៈពេល ៧ ឆ្នាំ ហើយទទួលបានការបណ្តុះបណ្តាលពីលោក វណ្ណ មូលីវណ្ណ កំពូលស្ថាបត្យករខ្មែរ និងលោកព្រឹទ្ធាចារ្យ ឆេង ផុន។
បច្ចុប្បន្ននេះ លោកស្រីគឺជាស្ថាបត្យករជាន់ខ្ពស់មួយរូប និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក (World Monuments Fund) តាំងតែពីពេលបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មក្នុងឆ្នាំ ១៩៩៦ មក។
លោកស្រីក៏ជាស្ថាបត្យករជាន់ខ្ពស់ផ្នែកសំណង់បុរាណជាស្រ្តីម្នាក់ ក្នុងចំណោមស្រ្តីត្រឹមតែ ៣ ទៅ ៤ នាក់ប៉ុណ្ណោះ ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិរក្ស និងការរក្សាប្រាសាទបុរាណនៅកម្ពុជា។
កំពុងអង្គុយក្នុងការិយាល័យអង្គការមូលនិធិប្រាសាទពិភពលោក ដែលមានទីតាំងនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប ស្រ្តីសម្បុរស្រអែមវ័យ ៥៥ រូបនេះ ប្រាប់ពីមូលហេតុដែលលោកស្រីចាប់យកអាជីពជាស្ថាបត្យករសំណង់ប្រាសាទបុរាណ ថា៖
«វាជានិស្ស័យ ទី១។ ទី ២ ទៀតគឺធ្វើការមិនមែនដើម្បីតែជាតិសាសន៍ខ្ញុំទេ គឺខ្ញុំធ្វើការសម្រាប់មនុស្សជុំវិញពិភពលោក ហើយខ្ញុំស្រឡាញ់ដើម្បីថែរក្សារបស់នេះឯង មិនចង់ឱ្យបាត់បង់ទៅទេ ដើម្បីបង្ហាញអំពីចំណេះដឹងដែលបុព្វបុរសហ្នឹងបានបន្សល់ទុកមក ខ្ញុំត្រូវបន្តដើម្បីឱ្យមនុស្សជាន់ក្រោយទៀត។ អស់ពីយើងទៅយើងត្រូវតែមានអ្វីទុកឱ្យគេ ប្រាប់គេឲ្យគេបន្តរក្សាអ៊ីចឹងទៅរហូតទៅកុំឲ្យបាត់បង់»។
លោកស្រី ជាម ផល្លី មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងមានម្តាយជាមេផ្ទះ។ ឪពុករបស់លោកស្រី ជាអ្នកម៉ៅការសាងសង់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងអំឡុងឆ្នាំ ១៩៦០។
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅ លោកស្រីបានទៅរស់នៅក្នុងខេត្តសៀមរាបមួយរយៈ។ ពេលនោះហើយដែលលោកស្រីចាប់ផ្តើមស្រឡាញ់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត។
«ឡើងពីសម័យប៉ុលពតមកហ្នឹង មករស់នៅខេត្តសៀមរាបហ្នឹងមួយរយៈពេលខ្លី ពេលបែកប៉ុលពត។ ពេលនោះខ្ញុំដើរទៅអង្គរ ទៅក៏មានអារម្មណ៍ដូចថាស្រឡាញ់អង្គរ ហើយក៏គិតឃើញទុកក្នុងចិត្ត មិនបានគិតថា យើងត្រូវត្រឡប់មកជួយសង្គ្រោះអង្គរ ធ្វើការនៅអង្គរទេ។គ្រាន់តែមានអារម្មណ៍មួយដក់ក្នុងចិត្តតែប៉ុណ្ណឹងទេ»។
លោកស្រីបានសម្រេចចិត្តចូលសិក្សាផ្នែកស្ថាបត្យកម្មនៅមហាវិទ្យាល័យស្ថាបត្យកម្មដោយមិនបង់ថ្លៃក្នុងឆ្នាំ ១៩៨៩ និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៦ ដោយនៅពេលនោះ មាននិស្សិតជាស្រ្តីមិនដល់ ៥ នាក់ផង ក្នុងចំណោមនិស្សិតប្រមាណជា ១០០ នាក់។
លោកស្រីរៀបការនៅឆ្នាំ ១៩៩៧ ជាមួយស្វាមីដែលជាមន្រ្តីរាជការ ហើយបច្ចុប្បន្នមានកូនស្រីម្នាក់អាយុ ១៧ ឆ្នាំ។
ក្រោយបញ្ចប់ការសិក្សា លោកស្រីចាប់ផ្តើមធ្វើការនៅអង្គការមូលនិធិប្រាសាទពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ពេលបច្ចុប្បន្ន ដែលមានមុខតំណែងជាស្ថាបត្យកររហូតមក។
ក្នុងតួនាទីជាស្ថាបត្យករសំណង់ប្រាសាទបុរាណ លោកស្រីត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិរបស់ប្រាសាទ អាយុកាល ស្ថានភាពបែកបាក់នៃគ្រឿងបង្គំ មូលហេតុនៃការខូចខាតនៃប្រាសាទប្រាសាទជាដើម មុននឹងអាចជួសជុល ឬជួយសង្គ្រោះប្រាសាទឡើងវិញ។
«ប្រមូលព័ត៌មានឲ្យអស់ពីហេតុការណ៍ដែលបុព្វបុរសយើងបានប្រើប្រាស់សម្ភារៈរៀបចំយ៉ាងម៉េចៗ បច្ចេកទេសរបស់បុរាណហ្នឹងយកមកឲ្យអស់។ យកព័ត៌មានមកឲ្យអស់ហើយ យើងចាប់ផ្ដើមគូរប្លង់ គូរប្លង់មើលពីលើ survey [វាស់ស្ទង់] វាឲ្យអស់ហេតុផល ហើយយើងយកមកបញ្ចូលបច្ចេកទេសទំនើបរបស់យើងនេះដើម្បីជួយសង្គ្រោះ [ប្រាសាទ]»។
ក្នុងពេលបច្ចុប្បន្ន លោកស្រី ផល្លី ជាអ្នកដឹកនាំការងារពាក់ព័ន្ធនឹងការអភិរក្ស សំណង់ប្រាសាទបុរាណ លើមនុស្សប្រមាណជាជិត ១០០ នាក់។
លោកស្រីលើកឡើងថា ការងារផ្នែកស្ថាបត្យកម្មប្រាសាទបុរាណ ជាការងារដែលត្រូវមានភាពប្រុងប្រយ័ត្ន និងអត់ធ្មត់ខ្លាំងដើម្បីធានាថា រាល់ការថែរក្សា ជួលជុល និងកែលម្អ ធ្វើឡើងដោយមិនខាតបង់ភាពចំណាស់របស់ប្រាសាទ។
«វាលំបាកណាស់ ព្រោះយើងទៅប្រមូលព័ត៌មានឲ្យអស់មុននឹងធ្វើការសម្រេចចិត្តដើម្បីទ្រទ្រង់ឡើង ពីព្រោះអាហ្នឹងវានៅលើតម្លៃ។កាលណាយើងរើកាន់តែច្រើនយើងរើទាំងមូល ដូចថាប្រាសាទមួយទាំងមូលអញ្ចឹង វាខូចតែ ៧០% ទេ ប៉ុន្តែនៅ ៣០%ទៀត ប៉ុន្តែយើងត្រូវតែសង្គ្រោះតែ៧០% អា ៣០% ហ្នឹងគឺមិនប៉ះ មិនឱ្យប៉ះទេ។ កាលណាយើងរើទាំងអស់តែម្ដង តម្លៃអាយុកាលគឺត្រូវបាត់បង់ដែរ»។
ទន្ទឹមនឹងការងារអភិរក្សប្រាសាទបុរាណមានភាពលំបាក ប៉ុន្តែក្នុងនាមជាស្ថាបត្យករជាន់ខ្ពស់ជាស្រ្តីនាពេលកន្លងមក ក៏បានធ្វើឲ្យលោកស្រីប្រឈមនឹងផលលំបាកផងដែរ។
«ប្រឈមសំខាន់បំផុត យើងជាស្ត្រីហើយយើងធ្វើការងារបុរស។ ហើយនៅការដ្ឋានហ្នឹងមិនមានស្ត្រីទេដែលចូលរួម គឺយើងជាស្ត្រីហើយជាមេទៀត។ អ៊ីចឹងហើយយើងពិបាកក្នុងការនិយាយណាស់ និយាយទៅគេដូចថា វាស្រាល វាអត់ធ្ងន់ គេមិនសូវជាស្ដាប់យើងប៉ុន្មានទេ វាលំបាកអ៊ីចឹង»។
ទោះយ៉ាងណា លោកស្រី ផល្លី បានឆ្លងកាត់រាល់ការលំបាកទាំងនោះដោយសារការខិតខំប្រឹងប្រែងនិងការអត់ធ្មត់ខ្ពស់។
លោកស្រីនិយាយទាំងកំពុងញញឹមថា៖ «យើងត្រូវតែមានការអត់ធ្មត់ ការតាំងចិត្តខ្ពស់។ ទោះបីយើងត្រូវប្រឈមបែបណាក៏ដោយ តែយើងត្រូវតែជាមនុស្សស្រីដែលទន់ភ្លន់ហើយរឹងមាំ។ បញ្ហាប្រឈមដែលគេមិនពេញចិត្ត វាជារឿងមួយដែលយើងងាយទេ តែយើងសំដៅទៅលើការងារ ហើយធ្វើផែនការឲ្យច្បាស់លាស់ទៅ យើងដើរទៅមុខហើយ។ គឺភាពអត់ធ្មត់ជាអំណាចដ៏អស្ចារ្យ»។
ចាប់តាំងពីឆ្នាំ ១៩៩៦ មក លោកស្រី ជាម ផល្លី មានសមិទ្ធផលជាច្រើន តាមរយៈការងារដែលជាស្ថាបត្យករផ្នែកសំណង់ប្រាសាទបុរាណ។ លោកស្រីបានជួសជុលរូបចម្លាក់គ្រុឌជាច្រើននៅប្រាសាទព្រះខ័ន បន្ទាប់មកគម្រោងទាំងអស់ដែលមានក្នុងប្រាសាទព្រះខ័ន។
លោកស្រីក៏បានជួសជុលរោងទងកូរសមុទ្រទឹកដោះក្នុងប្រាសាទអង្គរវត្ត គម្រោងជួសជុលប្រាសាទតាសោម គម្រោងជួសជុលប្រាសាទភ្នំបាខែង ស្ពានបុរាណធំជាងគេដែលមានឈ្មោះថា ស្ពានទិព្វក្នុងខេត្តឧត្តរមានជ័យ ប្រាសាទឯកភ្នំ ក្នុងខេត្តបាត់ដំបង ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
និយាយទាំងទឹកមុខមាំ ជាមួយការដំឡើងសំឡេងបន្តិចផងលោកស្រី ផល្លី បញ្ជាក់ថា ប្រសិនបើមិនមានស្ថាបត្យករផ្នែកសំណង់ប្រាសាទបុរាណទេ នោះប្រាសាទបុរាណនានានៅកម្ពុជាអាចប្រឈមនឹងការបាត់បង់។
«ក្មេងជំនាន់ក្រោយ គឺថាត្រូវតែបណ្ដុះឱ្យស្រឡាញ់បេតិភណ្ឌតែម្ដងបើមិនអ៊ីចឹងទេគឺថា modern [ទំនើប] ចូលមកគេគ្របសង្កត់បុរាណហ្នឹងអស់ហើយ គឺលុបបំបាត់តែម្ដង ពីព្រោះគេអត់យល់ គេអត់មានបេះដូងស្រឡាញ់អ្វីដែលជារបស់បុរាណគឺនឹងត្រូវបាត់បង់ហើយ។ យើងត្រូវតែខំពង្រឹង បង្កើតមនុស្សផ្នែកបេតិកភណ្ឌឲ្យកាន់តែច្រើន ឱ្យស្រឡាញ់ បើថាមិនបានធ្វើការងារហ្នឹងក៏មានចិត្តស្រឡាញ់ដែរ ដើម្បីជួយថែរក្សា»។
ជាស្រ្តីស្ថាបត្យករជាន់ខ្ពស់ផ្នែកសំណង់ប្រាសាទបុរាណម្នាក់ក្នុងចំណោមស្រ្តីស្ថាបត្យករ ៣ ទៅ ៤ នាក់ នៅទូទាំងប្រទេសកម្ពុជា លោកស្រី ផល្លី លើកឡើងថា លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងនាមជាស្រ្តីដែលបានធ្វើការងារដើម្បីជាតិ និងដើម្បីពិភពលោក។
លោកស្រីផល្លី ដែលមានបទពិសោធន៍ការងារប្រមាណជា ២៦ ឆ្នាំមកហើយនោះ បន្ថែមថា លោកស្រីនឹងនៅតែបន្តធ្វើការងារជាស្ថាបត្យកររហូតដល់ពេលដែលលោកស្រីមិនអាចធ្វើអ្វីកើត។
«និយាយរួម គឺខ្ញុំមួយជីវិតនេះ គឺខ្ញុំបូជាដើម្បីតែបេតិកភណ្ឌ»៕