អាមេរិក​និង​បណ្ដា​ប្រទេស​អាហ្វ្រិក​ប្រឹងប្រែង​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នានៅស៊ូដង់

  • ​Reuters

រថយន្តត្រូវបានបំផ្លាញនៅតំបន់ខាទុំ នៃប្រទេសស៊ូដង់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។

សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​យោធា​ស៊ូដង់​បាន​ផ្ដល់​ការ​យល់ព្រម​ដំបូង​ចំពោះ​សំណើ​មួយ​របស់​អង្គការ​អាហ្វ្រិក ដែល​ស្នើ​ឱ្យ​មាន​ការ​ចរចា​គ្នា ​បើ​ទោះបីជា​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ជម្លោះ​រយៈពេល​ជិត​ពីរ​សប្ដាហ៍​កន្លង​មក​ រវាង​យោធា​ស៊ូដង់​និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) ដែល​ភាគី​ទាំង​ពីរ​កំពុង​ប្រជែង​អំណាច​គ្នា​ដែល​អាច​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​តំបន់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ កងកម្លាំង RSF បាន​ចោទ​ប្រកាន់​យោធា​ស៊ូដង់​ថា​បាន​វាយ​ប្រហារ​លើ​កង​កម្លាំង​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​និង​បាន​ផ្សព្វផ្សាយ «ពាក្យ​ចចាមអារ៉ាម​មិន​ត្រឹមត្រូវ»។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​លើកឡើង​អំពី​សំណើ​ដែល​យោធា​ស៊ូដង់​បាន​និយាយ​ថា​បាន​ស្នើ​ឡើង​ដោយ​អាជ្ញាធរ​អន្តរ​រដ្ឋាភិបាល​អភិវឌ្ឍន៍ (IGAD) ដែល​ជា​ប្លុក​ថ្នាក់​តំបន់​មួយ​នៅ​ទ្វីប​អាហ្វ្រិក​នោះ​ទេ។

គេ​អាច​ឮ​ស្នូរ​កាំភ្លើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​តំបន់​ខាទុំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ពលរដ្ឋ​ម្នាក់​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ៣ ថ្ងៃ ដែល​កំពុង​មាន​ស្រាប់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ ដោយ​មិន​មាន​ការ​បញ្ឈប់​ការ​បាញ់​គ្នា​ទាំងស្រុង​នោះ​ទេ។ ប៉ុន្តែ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​គ្រោង​នឹង​ផុត​កំណត់​នៅ​ពាក់​កណ្ដាល​យប់ ហើយ​ជន​បរទេស​ជា​ច្រើន​នៅ​ជាប់​នៅ​ក្នុង​ប្រទេស​ស៊ូដង់​នៅ​ឡើយ បើ​ទោះបីជា​មាន​ជន​បរទេស​ជា​ច្រើន​បាន​ចាកចេញ​ពី​ស៊ូដង់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ក៏ដោយ។

យោធា​ស៊ូដង់​បាន​បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា មេដឹកនាំ​របស់​ខ្លួន​លោក​នាយ​ឧត្ដមសេនីយ៍ Abdel Fattah al-Burhan បាន​ផ្ដល់​ការ​យល់ព្រម​ដំបូង​ចំពោះ​ផែនការ​នេះ​ ដើម្បី​ពន្យារ​កិច្ច​ឈប់​បាញ់​គ្នា​នេះ ៧២ ម៉ោង​បន្ថែម​ទៀត និង​ដើម្បី​បញ្ជូន​បេសកជន​យោធា​មួយ​រូប​ទៅ​កាន់​រដ្ឋធានី​ជូបា​ របស់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដើម្បី​ចរចា។

យោធា​ស៊ូដង់​បាន​បញ្ជាក់​ថា ប្រធានាធិបតី​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង កេនយ៉ា និង​ជីប៊ូទី បាន​ធ្វើ​ការ​លើ​សំណើ​មួយ​ ដែល​រួម​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​និង​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​លោក Moussa Faki Mahamat បាន​ពិភាក្សា​អំពី​ការ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ឱ្យ​មាន​ការ​បញ្ចប់​ជា​រៀង​រហូត​នូវ​ការ​ប្រយុទ្ធ​គ្នា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​កាលពី​ថ្ងៃ​ពុធ៕