សហរដ្ឋ​អាមេរិក​និង​ក្រុមតាលីបង់​ព្រម​ព្រៀង​គ្នា​លើ​ផែនការ​ដក​កងទ័ព

សមាជិក​នៃ​គណប្រតិភូ​តាលីបង់ចូល​អង្គុយក្នុង​កិច្ច​ពិភាក្សា​សន្តិភាពអំពី​អាហ្វហ្គានីស្ថាន​ក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​ប្រហែល​បាន​ព្រម​ព្រៀង​គ្នា​លើ​ផែនការ​សម្រាប់កង​ទ័ព​អាមេរិកាំងដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។​នេះ​តាម​ប្រភព​នានាដែល​បាន​ប្រាប់ VOAនៅ​ថ្ងៃ​សៅរ៍នេះ។ ជាការ​ដោះ​ដូរ​វិញ ក្រុម​បះបោរ ​បាន​ផ្តល់​ការធានា​ថា មិន​មាន​ក្រុម​ភេរវជន​អន្តរជាតិ ​នឹង​ត្រូវ​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ទឹក​ដីអាហ្វហ្គានីស្ថាន​ដើម្បី​គំរាម​កំហែង​ប្រទេស​អាមេរិក​ឬ​ប្រទេស​ដ៏​ទៃ​ផ្សេង​ទៀត​នៅ​ថ្ងៃ​អនាគត​ទេ។

ការព្រម​ព្រៀង​គ្នា​នេះ​ជាលទ្ធ​ផល​នៃ​ការ​ចរចា​ដ៏​ខ្លាំងក្លានិង​គ្មានការ​រំខាន​រយៈ​ពេលជិត​មួយ​សប្តាហ៍​រវាង​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​បះបោរ​នៅ​ក្នុង​ទីក្រុង​ដូហា​នៃ​ប្រទេស​កាតា។​ ពួក​អ្នក​តំណាង​នៃរដ្ឋាភិបាល​ម្ចាស់ផ្ទះ​និង​ប៉ាគី​ស្ថាន​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​នោះ​ដែរ។

ប្រភព​នានា​បាន​ប្រាប់ VOA ថា ​ពួកគេ​រំពឹង​ថា ភាគី​ចរចា​ទាំង២​នឹង​ប្រកាស​ពី​ផែនការ​ដក​កងទ័ពយ៉ាង​លឿនបំផុត​នៅ​ថ្ងៃ​សៅរ៍នេះ​ហើយ​យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ​ប្រសិន​បើអ្វី​ៗ​ទាំងអស់​ប្រព្រឹត្ត​ដូច​ទៅ​តាម​ការ​គ្រោង​ទុក។ ​ផែន​ការ​របស់​សហរដ្ឋ​អាមេរិក​ នឹងតម្រូវ​ឲ្យ​ក្រុមតាលីបង់​គោរព​ការឈប់​បាញ់​គ្នា។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ប្រភព​នានា​មិន​បាន​ច្រាន​ចោល​ពី​លទ្ធភាព​នៃ​ប្រធានា​ធិប​តី ដូណាល់ ​ត្រាំ ​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀង​ចុងក្រោយ​ជាមួយ​ក្រុម​តាលីបង់​នៅ​ឯសុន្ទរកថា​ស្តី​ពី​ស្ថាន​ភាព​សហព័ន្ធ​ឥឡូវនេះ​ដែល​ការបិទ​រដ្ឋាភិបាល​សហរដ្ឋ​អា​មេរិកបាន​បញ្ចប់។

​មិនមាន​អត្ថាធិប្បាយ​ភ្លាម​ៗ​មក​ពី​សហរដ្ឋ​អាមេរិក​ឬក្រុម​តាលីបង់​ស្តី​ពី​របាយ​ការណ៍​ជឿនលឿន​នៅ​ក្នុង​ការ​ចរចា​របស់​ខ្លួន​នោះ​ទេ។ ​លោក Zalmay Khalilzad តំណាង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថានកំពុង​ដឹកនាំ​ភាគី​អាមេរិកាំង​បាន​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​ពួក​អ្នក​សង្កេតការ​ពណ៌នា​ថា​ជា​ទាក់​ទង​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន​រវាង​គូ​សត្រូវទាំង២​នៅ​ក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល​១៧​ឆ្នាំ​នេះ៕