ព្យុះទីហ្វុង Mangkhut បានបោកបក់ទៅលើខេត្ត Guangdong ដែលជាខេត្តដែលមានមនុស្សរស់នៅច្រើនកុះករបំផុតនៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីព្យុះនេះបានបន្សល់នូវភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង ហុងកុង និងបង្កឲ្យមានខ្យល់បក់រហូតដល់២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សជាង២លាន៤សែននាក់ត្រូវបានជម្លៀសចេញពីខេត្ត Guangdong ដោយសារតែព្យុះនេះត្រូវបានគេចាត់ទុកថា គឺជាព្យុះដ៏ខ្លាំងក្លាបំផុតដែលបានបោកបក់ទៅតំបន់នេះនៅក្នុងឆ្នាំនេះ។
បណ្តាញសារព័ត៌មានរបស់ចិនបានផ្សាយថា មនុស្សចំនួនពីរនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅប៉ែកខាងត្បូងប្រទេស ចិន។ ព្យុះដូចគ្នានេះបានសម្លាប់មនុស្សអស់ចំនួនជាង៥០នាក់នៅក្នុងប្រទេស ហ្វីលីពីន។
ទីក្រុង ហុងកុង បានព្រមានថាព្យុះនេះមានកម្រិតគ្រោះថ្នាក់រហូតដល់ ១០ ដែលនេះជាតួលេខខ្ពស់បំផុត។
មជ្ឈមណ្ឌលឧតុនិយម The Hong Kong Observatory បាន «អំពាវនាវជាពិសេសដល់សាធារណជនឲ្យនៅក្នុងផ្ទះ កុំចេញទៅក្រៅ» ប៉ុន្តែគ្រប់គ្នាមិនស្តាប់តាមការអំពាវនាវនេះទេ។
លោក Hao Chen វ័យ ២៨ឆ្នាំ បាននិយាយថា «ខ្ញុំបានចេញទៅរត់កាលពីព្រឹកមិញនេះ។ ខ្ញុំចូលចិត្តខ្យល់អាកាសបរិសុទ្ធ ហើយគ្មាននរណាម្នាក់ធ្វើដំណើរតាមផ្លូវទេ។ នៅថ្ងៃធម្មតា យើងមិនអាចមើលឃើញទិដ្ឋភាពដូច្នេះទេ»៕