ក្រុមការងារអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីព្យុះមួយ ដែលបានបោកបក់ទៅលើប្រទេស ហ្វីលីពីន កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្សស្លាប់អស់ជិត២០០នាក់។
បេសកកម្មរបស់ក្រុមការងារជួយសង្គ្រោះកំពុងដំណើរការដោយយឺតៗ ខណៈដែលភ្លៀងបន្តធ្លាក់ ហើយស្ពាននិងផ្លូវនានានៅលើកោះ មិនដាណាវ ត្រូវបានបំផ្លិចបំផ្លាញ ឬរាំងស្ទះដោយសារការបាក់ដី ដែលកើតមានឡើងក្រោយពីព្យុះត្រូពិក Tembin បានកើតឡើង។ ក្រុមមន្ត្រីខាងគ្រោះមហន្តរាយបាននិយាយថា មនុស្សជាង៧ម៉ឺននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដែលស្ថិតនៅប៉ែកខាងត្បូងប្រទេស ហ្វីលីពីន ក្រោយពីព្យុះបានកើតឡើង។ ក្រុមមន្ត្រីនិយាយថា ប្រជាជនក្នុងស្រុកជាច្រើនមិនស្តាប់តាមការព្រមានឲ្យជម្លៀសខ្លួនចេញនោះទេ ហើយក្រោយមកទើបពួកគេដឹងថា ព្យុះនោះមានកម្លាំងខ្លាំងក្លាប៉ុណ្ណា។
ប្រទេស ហ្វីលីពីន ជួបព្យុះប្រមាណ២០ដងជារៀងរាល់ឆ្នាំ ហើយធ្លាប់មានប្រវត្តិជួបព្យុះទីហ្វុង នៅជិតដំណាច់ឆ្នាំ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan បានកើតមាននៅក្នុងប្រទេស ហ្វីលីពីន ដែលជាព្យុះដ៏ប្រល័យ ដែលបានសម្លាប់អស់ច្រើនបំផុតមួយនៅក្នុងកំណត់ត្រា។ ព្យុះទីហ្វុងដែលគេស្គាល់ថា ព្យុះ Yolanda នៅក្នុងប្រទេស ហ្វីលីពីន បានសម្លាប់មនុស្សអស់ចំនួន៧៨០០នាក់ នេះបើយោងតាមក្រុមមន្ត្រីគ្រប់គ្រងគ្រោះអាសន្នជាតិ៕