មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ផ្នែកខ្លះនៃប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលជាភ្លៀង និងខ្យល់បោកបក់បង្កមកពីឥទ្ធិពលនៃព្យុះត្រូពិកឈ្មោះ«ព្យុះដំរី» នៅក្នុងសប្ដាហ៍នេះ តែថាព្យុះនេះនឹងមិនបង្កជាបច្ច័យអ្វីអាក្រក់ដល់ក្របខណ្ឌទូទាំងប្រទេស និងក៏ដូចជាដល់ដំណើរការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ VOAកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា «ព្យុះដំរី» ដែលមាននាមស័ព្ទជាភាសាខ្មែរ បានបោកបក់ចេញពីប្រទេសហ្វីលីពីន និងវិវត្តក្លាយជាព្យុះត្រូពិកឆ្លងកាត់ ផ្ទៃសមុទ្រចិនខាងត្បូង ក្នុងដំណើរឡើងគោកឆ្ពោះមកកាន់ឆ្នេរភាគខាងត្បូងប្រទេសវៀតណាម មុននឹងចូលមកដល់ប្រទេសកម្ពុជា នៅអំឡុងព្រលប់ថ្ងៃសៅរ៍។
មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបញ្ជាក់ថា ដោយព្រមពេលជាមួយគ្នាដែលកម្ពុជាកំពុងទទួលរងនូវខ្យល់ជំនោរឦសាន ម្ល៉ោះហើយបញ្ហាខ្យល់បោកបក់ដែលបង្កពី «ព្យុះដំរី» នេះនឹងមិនសូវបង្កជាបញ្ហាអ្វីចោទខ្លាំងនោះទេ តែនៅក្របខណ្ឌទូទាំងប្រទេស ភ្លៀងនឹងចាប់ផ្ដើមធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ។
តំបន់ដែលនឹងទទួលបានទឹកភ្លៀងជាឥទ្ធិពល«ព្យុះដំរី»នេះច្រើន រួមមានបណ្ដាខេត្តជាប់ព្រំដែនវៀតណាម តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាលប៉ែកខាងត្បូង ដែលនៅតាមបណ្ដាទីប្រជុំជន រួមមានទាំងរាជធានីភ្នំពេញផង អាចមានបង្កជាជំនន់ទឹកភ្លៀង ហើយការធ្វើដំណើរនេសាទ និងទេសចរណ៍នៅលើផ្ទៃសមុទ្រ ក៏ត្រូវបានលោក ចាន់ យុត្ថា ដាស់តឿនឱ្យមានការតាមដាន និងប្រុងប្រយ័ត្នជាប់ជាប្រចាំផងដែរ។
រីឯតំបន់ជនបទស្រុកស្រែចម្ការវិញ ការធ្លាក់ភ្លៀងជាប់ៗគ្នានាពេលខាងមុខ នឹងមិនបង្កជាបញ្ហានោះទេ ដ្បិតអីខណៈពេលនេះជាចុងរដូវវស្សាទៅហើយ ដែលត្រពាំងបឹងបួរអាចទទួលយកទឹកភ្លៀងបង្ការការជន់លិចបាន។ នេះបើតាមលោក ចាន់ យុត្ថា។
មន្ត្រីរូបនេះបានបញ្ជាក់ថា ខ្យល់«ព្យុះដំរី»នេះ នឹងមិនបង្កការរំខានអ្វីដល់ព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំដែលកំពុងប្រារព្ធនៅភ្នំពេញឡើយសម្រាប់ថ្ងៃទីមួយ និងថ្ងៃទីពីរនៃព្រះរាជពិធី តែសម្រាប់ថ្ងៃទីបីវិញ អាចចាប់ផ្ដើមមានភ្លៀងធ្លាក់នៅអំឡុងពេលក្បាលព្រលប់ ដែលក្រសួងក៏កំពុងពិនិត្យតាមដានផងដែរ។
បើយោងតាមការផ្សាយរបស់គេហទំព័រ AccuWeather នៅថ្ងៃព្រហស្បតិ៍នេះ ខ្យល់«ព្យុះដំរី» បានបង្កជាការរអិលបាក់ដី និងការរំខានដល់អាកាសចរណ៍ និងសកម្មភាពនាវាចរណ៍ក្នុងប្រទេសហ្វីលីពីន នឹងបានបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់។ មានការរំពឹងទុកអំពីការរអិលបាក់ដី ព្យុះបោកបក់ និងភ្លៀងខ្យល់ផងដែរ នៅពេល«ព្យុះដំរី»នេះ ធ្វើដំណើរមកដល់វៀតណាម អំឡុងថ្ងៃសុក្រ និងថ្ងៃសៅរ៍៕