បន្ទាប់ពីការសាកសួរអស់ប៉ុន្មានថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃច័ន្ទនេះ បានសម្រេចបញ្ជូនឧកញ៉ាម្នាក់ឈ្មោះ សង ថន ដែលកាន់កាប់ដីជាង ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ និងអភិបាលរងខេត្តបាត់ដំបង គឺលោក ស៊ូ អារ៉ាហ្វាត់ ទៅតុលាការ។
អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងទាក់ទងនឹងលោក សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ ដែលជាមន្រ្តីទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ មកតុលាការ ហើយព្រះរាជអាជ្ញាបានសាកសួរពួកគេ។ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់អំពីការចោទប្រកាន់លើពួកគេនៅឡើយទេ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃច័ន្ទនេះ។
មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអង្គភាពប្រឆាំងអំពើពុករលួយថា តើពួកគេទាំងពីរត្រូវបានសង្ស័យពីបទអ្វី ក្នុងរឿងជម្លោះដីធ្លីនេះទេ។ ជម្លោះដីធ្លីនៅស្រុកគាស់ក្រឡក៏នាំឲ្យមានការដកតំណែងអភិបាលស្រុកគាស់ក្រឡផងដែរ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបង ដកហូតដីពីលោក សង ថន ត្រឡប់មកវិញ ដោយបានចោទឧកញ៉ារូបនោះថា «បានទន្ទ្រានរំលោភយកដោយខុសច្បាប់» និងត្រូវបានប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង គ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
លោក ស៊ឹប គូ អាយុ៤៩ឆ្នាំ រស់នៅក្បែរភ្នំវែង ក្នុងភូមិតារួន ឃុំព្រះផុស ថ្លែងប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា ប្រជាពលរដ្ឋបានកាប់ឆ្ការដីព្រៃជិត ១០ឆ្នាំមកហើយ ដោយសារពួកគេពុំមានដីរស់នៅ។
លោក ស៊ឹប គូ ដែលតំណាងឲ្យប្រជាពលរដ្ឋជាង ២០០គ្រួសារ អះអាងថា ប្រជាពលរដ្ឋបានកាន់កាប់ដីនោះយូរមកហើយ និងពួកគេយល់ថា មិនមែនជាដីរបស់ឧកញ៉ា សង ថន នោះទេ។ ប៉ុន្តែពួកគេឆ្ងល់ថា ហេតុអ្វីបានជាឧកញ៉ារូបនេះថា ជាដីរបស់លោក ដែលមានទៅដល់ជាង ៥ពាន់ហិកតា។
ជម្លោះដីធ្លីនេះកើតឡើងតាំងពីឆ្នាំ ២០១៥ រហូតដល់មានការប្តឹងផ្តល់ ហើយអ្នកភូមិ ៧នាក់ ត្រូវបានតុលាការខេត្តបាត់ដំបង កាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ក្នុងមួយនាក់៕