ការលះបង់​ជីវិត​របស់​កម្មករ​ដែល​រង​នឹង​ការបង្ក្រាប​របស់​អាជ្ញាធរ​ ទទួល​បាន​លទ្ធផល​ខ្លះ

រូបឯកសារ៖ កម្មករ​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដោយ​នគរបាល​បង្ក្រាប​កុបកម្ម ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត៖ Reuters)

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ការ​លះ​បង់​របស់​កម្មករ​ដែល​បាន​ស្លាប់​ទៅ​ ឬ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​នោះ​បាន​ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​វិជ្ជ​មាន​សំខាន់​ចំនួ​ន​ពីរកើត​ឡើង​ជុំ​វិញ​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់ឈ្នួល​កម្មករ​។

រយៈ​ពេល​ពីរ​ឆ្នាំ​ ក្រោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​នៅ​លើ​ផ្លូវ​វេងស្រេងនោះ ​លក្ខខណ្ឌ​ការងារ​កម្មករ​ និង​ប្រាក់ឈ្នួល​នៅ​តែ​ស្ថិត​ក្រោម​ការ​ពិភាក្សា។ ការ​ធ្វើ​បាតុកម្ម​ ដោយ​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់ឈ្នួល​កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ​២០១៤​ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​ការ​ស្លាប់​កម្មករ​ចំនួន​៥រូប​ និង​ការ​ចាប់ខ្លួន​អ្នក​តំណាង​ក្រុមបាតុករ​ចំនួន​២៤​រូប​ផ្សេង​ទៀត​។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ការ​លះ​បង់​របស់​កម្មករ​ដែល​បាន​ស្លាប់​ទៅ​ ឬ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​នោះ​បាន​ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​វិជ្ជ​មាន​សំខាន់​ចំនួ​ន​ពីរកើត​ឡើង​ជុំ​វិញ​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់ឈ្នួល​កម្មករ​។​ ​មួយ​គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​ជាង​មុនជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ទី២​ គឺ​រយៈពេល​នៃ​ការកែសម្រួល​ប្រាក់​ឈ្នួល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​៥ឆ្នាំ​ម្តង​ មក​មួយ​ឆ្នាំ​ម្តង​។​

លោក មឿន តុលា​ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ឲ្យ​ដឹង​ថា​លក្ខខណ្ឌ​ការងារ​នេះ​ត្រូវ​បាន​កែប្រែ​ និង​ផ្តល់​ជាអត្ថ​ប្រយោជន៍​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ទៅ​ដល់​កម្មករ​និយោជិត​ បន្ទាប់ពី​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វេង​ស្រេង​នាខែ​មករា ​ឆ្នាំ​២០១៤​នោះ​។​

«ចឹង​ វា​ជា​សមិទ្ធផល​មួយ​របស់​កម្មករ​ទោះបីការ​តស៊ូ​របស់​គាត់​កន្លង​មក​ មាន​ការ​ស្លាប់ ឬ​របួសខ្លះ​ ហើយ​ជាប់​ពន្ធ​នាគារ​ខ្លះ​ក៏​ដោយ ​ក៏​ប៉ុន្តែ​ការតស៊ូ​នោះ​មិន​មែន​អត់​ប្រយោជន៍​ទេ​គឺ​បាន​ផល»។

ប្រាក់ឈ្នួល​គោល​របស់​កម្មករ​មាន​ការ​កើនឡើង​ពី​ចន្លោះ​៨០ដុល្លារ មក​១០០ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ​២០១៤។ រួច​បន្ត​ឡើង​ដល់​១២៨ដុល្លា​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ និង​ចំនួន​១៤០ដុល្លារ​ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៦​នេះ។ អត្ថ​ប្រយោជន៍​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ដែល​ពួក​គេ​ទទួល​បាន មាន​ដូចជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ការ​ទៀងទាត់ ប្រាក់​ឧបត្ថម្ភ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់នៅ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អតីត​ភាព​ការងារ​ ជា​ដើម​។​ បន្ថែម​ពីនេះ​ទៀត​ ក៏​មាន​ការ​សហការ​គ្នា​ជា​មួយ​បេឡាជាតិ​សន្តិសុខ​សង្គម​ ដែល​មាន​ជា​ការ​ធានា​រ៉ាប់រង​សម្រាប់​គ្រោះ​ថ្នាក់​ការងារ​ផង​ដែរ។

នៅ​ក្នុង​មាត្រា​១០៤​ នៃ​ច្បាប់​ការងារ​ចែង​ថា​ «​ប្រាក់ឈ្នួល​យ៉ាង​តិច​ណាស់ក៏​ត្រូវ​ឲ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​ ពោល​គឺ​រ៉ាប់រង​កម្មករ​និយោជិត​គ្រប់រូប​ឲ្យ​មាន​កម្ពស់​ជីវភាព​សមរម្យ​ទៅ​តាម​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស»។

កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)

ថ្វី​បើ​ នា​ពេល​បច្ចុប្បន្ន​នេះ​ លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួលរបស់​កម្មករ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​មួយ​កម្រិត​យ៉ាង​ណា​ក្តី​ ក៏​ប៉ុន្តែ​សុខ​មាលភាព​ការងារ​របស់​ពួក​គេ​ហាក់​មិន​ទាន់គ្រប់​គ្រាន់​នៅ​ឡើយ​ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ចំណាយ​ទូទៅនិង​តម្រូវ​ការ​សង្គម​មាន​តម្លៃ​ខ្ពស់​នោះ។

កម្មករ​ភាគច្រើន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង​ឈាន​ដល់​១០ម៉ោង​ ទៅ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ព្រម​ទាំង​សម្រេច​ចិត្ត​លះបង់​ចោល​ថ្ងៃ​ឈប់​សម្រាកចុង​សប្តាហ៍​ឬ​ថ្ងៃបុណ្យ​ជាតិ​នានា​។ ​

លោក​មឿន តុលា​ លើក​ឡើង​យ៉ាង​ដូច្នេះ​៖ ​«ជា​គោល​ការណ៍​ហេតុ​អីបាន​ជាគេ​កំណត់​ឲ្យ​កម្មករ​និយោជិតធ្វើការ​មិន​ឲ្យ​លើស​ពី​៨ម៉ោង​ គឺ​គេ​បារម្ភ​ពី​សុខភាព​របស់​កម្មករ​ទាំង​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត​។​ ព្រោះ​មនុស្ស​យើង​មិន​មែន​ជាម៉ាស៊ីន​ទេ»។​

ក្រៅ​អំពី​ច្បាប់​ការងារ​ ក៏​មាន​សេចក្តី​ព្រាង​ច្បាប់​សហ​ជីព​ដ៏​ចម្រូង​សម្រាស់​ផង​ដែរ​ ដែល​គ្រប​ដណ្តប់​ លើ​លក្ខខណ្ឌ​ការងារ​កម្មករ​និយោជិត​។​ ​ជា​គោល​ការណ៍​ ច្បាប់ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ធានា​ និង​ការពារនូវ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់ភាគី​ពាក់ព័ន្ធ​ដែល​គ្រប់​ដណ្តប់​ដោយ​ច្បាប់។ ក៏​ប៉ុន្តែ​ សេចក្តី​ព្រាង​ច្បាប់​សហជីព​ ​ទំនង​ក្លាយ​ជា​កង្វល់សម្រាប់​ក្រុម​កម្មករ​សហជីព​ច្រើន​ជាង​ការការ​ពារ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ មឿន​ តុលា​។​

បើ​តាម​លោក​ មឿន​ តុលា​ ​ចំណុច​៣​សំខាន់ៗ​ដែលជា​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្មករ​សហ​ជីព​នោះ​គឺសិទ្ធិ​ក្នុង​ការ​ចង​ក្រង​ជា​សហជីព​ សិទ្ធិ​ក្នុង​ការ​ចរចារ​ជា​សមូហភាព​និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​សេចក្តី​ព្រាង​ច្បាប់​នេះ។

«មូលហេតុ​ដែល​ច្បាប់​នេះ​ចេញ​មក​អញ្ចឹង​គឺ​ទី​មួយ​គឺ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើសុំ​ដោយ​និយោជក​។ បើ​និយោជក​ស្នើរសុំ​ច្បាប់​សហជីពមិន​មែន​លើក​កម្ពស់​ច្បាប់​សហជីព​ទេ​ ប្រាកដ​ជារិត​បណ្តឹង​សេរីភាព​សហ​ជីព​។​ ទី២​ រដ្ឋាភិបាល​ហាក់ដូចជា​មើលឃើញ​ថាសន្ទុះ​របស់​កម្មករ​ពិបាក​នឹង​ទប់ស្កាត់​ហើយ​ក៏​សម្រេច​ចិត្ត​ត​ម្លើង​ប្រាក់​ឈ្នួល​មន្ត្រីរាជ​ការ​ដែរ​។ ​ការទាមទារ​របស់​កម្មករ​វា​មាន​ផល​ប៉ះពាល់​ជាវិជ្ជមាន​ចំពោះ​បងប្អូន​នៅក្នុង​វិស័យ​ផ្សេងៗ​ដែរ​ ​ទាំង​មន្ត្រី​សាធារណៈ»​។

​លោក​ថា​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​រូប​ភាព​ ​និង​ទំហំ​នៃការ​ធ្វើ​បាតុកម្ម​មាន​ការ​ថម​ថយ​ ​ជំនួស​វិញ​ដោយ​ការ​ចរចារ​ ឬ​វិធាន​ការណ៍​ផ្សេង​ទៀត​។​

លោក​ អាត់ ធន ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ឲ្យ​ដឹង​ថា​ការ​ចរចារ​អាច​នឹង​មាន​សក្តា​នុពល​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​ភាគី​និយោជក​គោរព​ច្បាប់​ និង​គិត​គូរ​ពី​សិទ្ធិ​ពេញ​លេញ​ទៅ​ដល់កម្មករ​នយោជិត​របស់​ខ្លួន​។​

​«តាម​ពិត​យើង​ប្រើប្រាស់​ការ​ចរចា​និង​ការពិភាក្សា​គ្នា។ ប៉ុន្តែ​ការ​ធ្វើ​កូដកម្ម​នៅ​តែ​មាន​គ្រាន់​តែ​វា​មាន​លក្ខណៈ​តូចៗ​ជា​លើក​មុន​ ហើយ​ធ្វើ​នៅ​តាម​ក្រុម​ហ៊ុន។​ ធម្ម​តា​ការ​ចរចា​មិន​សូវ​បាន​ផល​អី​ប៉ុន្មាន​ទេ​ ។​ ពេលខ្លះ ​យើង​អត់ជម្រើស​ក្រៅ​ពីការ​ចរចា។​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​បើ​សិន​ជា​ក្រុម​ហ៊ុន​ចាប់​ផ្តើម​គោរព​ច្បាប់​ ​និង​គិតគូរ​ពីសិទ្ធិ​ ការ​ចរចាជា​រឿង​ល្អ​បំផុត​ហើយ​»។

លោក​ វ៉ន ​ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​IDE​A​ និង​តំណាង​កម្មករ​ ព្រម​ទាំង​ជា​ម្នាក់​ក្នុង​ចំណោម​២៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​វាយដំ​ដោយ​កងទព័​ពិសេស​នៃ​កងពល​៩១១​ ដែល​គេ​ស្គាល់​ថា​ជា​ជំនិត​លោក​ហ៊ុនសែន ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ដោយ​ហិង្សា​មក​លើ​ក្រុម​បាតុ​ករ​ថ្ងៃ​ទី២​មករាគឺ​មួយ​ថ្ងៃ​មុន​ការ​បាញ់​ប្រហារ​បាតុករ​ នា​ផ្លូវ​វែង​ស្រេង​។​

​«សម្រាប់​ឥឡូវ​គេ​យក​យន្តការ​ចរចា​ដើម្បី​ដំឡើង​ប្រាក់ឈ្នួល​វិញ​ម្តង​ មាន​ក្រុម​ប្រឹក្សា​ការងារ​ដើម្បី​ចរចា​រឿង​ប្រាក់ឈ្នួល​។​ ​ក្រៅពី​នេះ​ មាន​ការ​អន្តរាគមន៍​ក៏ដូចជា​ការ​គាំ​ទ្រពីអ្នក​បញ្ជា​ទិញ​ និង​សហ​ជីប​អន្តរជាតិ​បន្ថែម​ទៀត​ »។​

លោក​ វ៉ន ពៅ​ ​បញ្ជាក់​ប្រាប់​ VOA ​ថា​ នៅ​ថ្ងៃ​៣ ខែ​មករា​ ខាង​មុខ​នេះ​ ក្រុម​សហជីព​កម្មករ​នឹង​រៀប​ចំពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​កម្មករ​ដែល​ស្លាប់​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​២ឆ្នាំ​មុន​នោះ​។​ ពិធី​បង្សុកូល​ឧទ្ទិស​កុសលធ្វើ​ឡើង​ដើម្បី​ជាការ​គោរពពលីកម្ម​របស់​កម្មករ​ដែល​បាន​លះបង់ជីវិត​ទាម​ទារ​ប្រាក់​ខែ ​និង​លក្ខខណ្ឌ​ការងារ​ដើម្បី​ជីវភាព​រស់​នៅ​ថ្លៃថ្នូរ​ដូច​ដែល​បាន​ធានា​ដោយ​ច្បាប់​នោះ​។

អ្នក​ស្រីកែវ សុម៉េង វ័យ៥២ឆ្នាំ រស់នៅ​ខេត្ត​កំពង់ចាម ជា​ម្តាយ​របស់​លោក​ ផេង កុសល​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​វេងស្រេង​នា​ឆ្នាំ​នោះ​។ ទិដ្ឋភាព​ប្រចាំ​ថ្ងៃ​របស់​កូន​អ្នកស្រី​ នៅ​តែ​ដិត​ដាម​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ស្រី​។

«​នៅតែ​នឹកឃើញ​ អង្គុយ​ដាំបាយ ​ដាំអី​ ឃើញតុកូន​វៃ​ទុក​ឲ្យ​ នឹកឃើញ​កូន​រហូត ​ព្រោះអីកូន​ធ្លាប់​ឌុបម៉ែ​ទៅ​ធ្វើការ​រាល់ថ្ងៃ​។​ ទោះជា​ប៉ុន្មាន​ឆ្នាំទៀត​ក៏ភ្លេច​អត់បាន​ដែរ​។ អញ្ចឹង​អារម្មណ៍មីង​អត់ស្ងប់​ទេ ​ទោះ អត់ស៊ី ​ឬ​មាន​ស៊ី​ឲ្យ​តែ​កូន​នៅជុំគ្នា។​ បើ​ទោះ​កូន​ស្លាប់​ អារម្មណ៍​ តែ​ក៏​បាន​ប្រាក់​ខែឡើង​ឲ្យ​កម្មករ​ដទៃ​ដែរ»​។

​យ៉ាង​ណា​ក៏​ដោយ​ ​មាន​បាតុ​កម្ម​ទាម​ទា​រឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​អតិបរមា​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ ​២០១៥​កន្លង​ទៅ​ ដោយ​សារ​តែ​លក្ខខណ្ឌ​ការងារ និង​ប្រាក់ឈ្នួល​មិន​អាច​ឲ្យ​កម្មករ​រស់​បាន​សម​រម្យ​។ ជាក់​ស្តែង​ការ​តវ៉ា​នា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ កាលពី​ខែ​ធ្នូ​ ​កន្លង​ទៅ​ក៏​បាន​ផ្ទុះ​ជា​ហិង្សា​ក្រោយ​ពេល​អាជ្ញាធរ​ប្រើឡាន​បាញ់​ទឹក​បំបែក​អ្នក​តវ៉ា​ទាំង​នោះ៕