អ្នក​ការទូត​អាមេរិក​២រូប​ថា​ត្រាំ​​ឲ្យ​​អ៊ុយក្រែន​ស៊ើប​អង្កេត​ដើម្បី​​ចំណេញ​នយោបាយ

មន្រ្តី​ការបរទេសជាន់ខ្ពស់លោក George Kent (ឆ្វេង) និងឯកអគ្គរដ្ឋ​ទូតនៅអ៊ុយក្រែនលោក William Taylor (ស្តាំ) បានស្បថចូលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតដកដំណែង​ប្រធានាធិបតីត្រាំ​នៅ​សភា ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ។​ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​៣​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​សហរដ្ឋ​អាមេរិកដែលប្រឈម​ការ​បើក​ការស៊ើបអង្កេត​សវនាការ​ប្តឹង​ដកហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃពុធ។

Your browser doesn’t support HTML5

អ្នក​ការទូត​អាមេរិក​២រូប​ថា​ត្រាំ​​ឲ្យ​​អ៊ុយក្រែន​ស៊ើប​អង្កេត​ដើម្បី​​ចំណេញ​នយោបាយ

ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេ​រិក បាន​កោះហៅ​សាក្សីសំខាន់​២រូប​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​ចាប់ផ្តើមពន្យល់​ទៅកាន់​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ថា លោក​ប្រធានាធិបតី​ត្រាំ បាន​ប្រើ​បំពាន​អំ​ណាច​ដោយ​ដាក់​ការគាប​សង្កត់​ដល់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ផ្តល់​ព័ត៌មាន​ដែលនឹង​ជួយ​លោក​ខាង​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០។

អ្នក​ការទូត​អាមេរិក​២នាក់​ដែល​ផ្តល់​កសិណសាក្សី​ជាសាធារណៈ​លើក​ដំបូង​ពី​ការចោទ​ប្រកាន់ថា ​លោកត្រាំផ្ទេរ​គោល​នយោបាយការ​បរទេសនៅ​អ៊ុយក្រែន​ទៅឲ្យ Rudy Guiliani មេធាវី​ផ្ទាល់​ខ្លួន​លោក​ដើម្បី​ប្រយោជន៍​ខាង​នយោបាយរបស់​លោក។

លោកឯកអគ្គរដ្ឋ​ទូត William Taylorបាន​ថ្លែង​ថា៖ «ខ្ញុំ​ឃើញ​ពី​ការរៀបចំ​វក់វី​និង​ខុស​ប្រក្រតី​ចំពោះ​គោល​នយោ​បាយ​អាមេរិក​ដល់អ៊ុយក្រែន។គោល​នយោបាយ​មាន​២។មួយ​មាន​ភាព​ប្រក្រ​តី មួយ​ទៀត​មិន​ប្រក្រ​តី»។

លោកTaylor និង​លោកGeorge Kentជា​មន្រ្តី​ជាន់ខ្ពស់​នៅ​ក្រសួង​ការបរទេស ​ប្រាប់​សភា​ថា លោក​ត្រាំ ​គិតតែ​ឲ្យ​អ៊ុយ​ក្រែន​ជួយ​ស៊ើបអង្កេត​លោក Bidenនិង​កូន​ប្រុសលោក​ដែល​ជា​គូ​ប្រជែង​ ជាងការ​បញ្ចេញ​ប្រាក់​ជំនួយ​យោធា​៤រយ​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន។

លោកAdam Schiffប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា​តំណាង​ថ្លែង​ថា៖«ចំណុច​សំខាន់​នៃ​ការ​ស៊ើប​អង្កេត​នេះគឺ​ថា តើ​លោក​ត្រាំ ​មានបាន​ដាក់​សម្ពាធលើ​អ៊ុយក្រែន​ហើយ​ឲ្យ​អ៊ុយក្រែន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោតរបស់​យើង​ដែរ​ឬទេ?ថាតើលោកត្រាំ ស្វះស្វែង​ដាក់​លក្ខខណ្ឌ​លើ​អ៊ុយក្រែន​ឲ្យធ្វើ​តាម​សេតវិមាន​ដើម្បី​ទទួល​បាន​ជំនួយ​យោធា​អាមេរិក​ដោយ​ជួយ​ការ​ស៊ើបអង្កេត​២​ដែល​នឹង​ជួយ​ឲ្យ​លោក​ជាប់​ឆ្នោត​ម្តងទៀត​ដែរ​ឬ​ទេ?ហើយ​តើ​ប្រធានា​ធិបតី ​បាន​ធ្វើ​ដែរ​ឬទេ? ថាតើ​ការ​រំលោភ​អំណាច​របស់​ប្រធានាធិបតី​ស្រប​ទៅនឹង​ការកាន់​ដំណែ​ង​របស់​លោក​ដែរ​ឬ​ទេ»។

លោក​ត្រាំ និយាយ​ថា គ្មាន​រឿង​អ្វី​សំខាន់​ទេ។

លោកប្រធានាធិបតី​ត្រាំ បាន​ថ្លែងថា៖ «ខ្ញុំ​មើល​ឃើញ​ថា ​ពួកគេ​កំពុង​ប្រើ​មេធាវី​ដែល​ជាមេធាវីសម្តែង​តាម​ទូរទស្សន៍»។លោក​ត្រាំ​សំដៅ​ដល់​ក្រុម​ប្រឹក្សា​ច្បាប់​គណបក្ស​ប្រជា​ធិបតេយ្យ​ដែលចាត់​ចែង​សួរ​សាក្សី​ខ្លះ។​លោក Daniel Goldman ​នៃ​ក្រុម​ប្រឹក្សា​ច្បាប់​ខាង​គណបក្ស​ប្រជាធិបតី​សួរ​ថា៖«លោក​បានបម្រើ​យោ​ធា​និង​ការទូត​អស់​រាប់​ទសវត្សរ៍​ដែល​តំណាងឲ្យ​អាមេរិក​នៅជុំវិញ​ពិភពលោក តើ​លោក​មានបាន​ឃើញ​ជំនួយ​បរទេស​ដាក់​លក្ខខណ្ឌ​ដើម្បី​ប្រយោជន៍​បុគ្គល​ឬ​នយោបាយ​របស់​ប្រធានា​ធិបតី​អាមេរិកដែរ​ទេ?»។លោក​ឯកអគ្គរដ្ឋទូត William Taylor និយាយ​ថា៖ «លោក Goldman ខ្ញុំ​មិន​ដែល​ឃើញ​ទេ»។

ពួក​សាធារណរដ្ឋ ក៏ប្រើ​មេធាវី​ដើម្បី​សួរ​សាក្សី​ដែរ។ក៏ប៉ុន្តែ ការ​ជំទាស់​ប្រឆាំង​ការ​ប្តឹងទម្លាក់​ប្រធានា​ធិបតីបាន​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​មិត្ត​ប្រធានា​ធិបតី​នៅ​ក្នុងសភា។ លោកJim Jordan សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖ «ប្រធានាធិប តី Zelinskiy ត្រូវ​តែ​សន្យាស៊ើបអង្កេត​គ្រួសារ​លោកBidenមុន​ការផ្តល់​ជំនួយ​នោះ​ ហើយ​លោក មិន​បាន​សន្យា​ស៊ើបអង្កេត​ទេ»។

លោក​ឯកអគ្គរដ្ឋទូតTaylor ថ្លែង​ថា៖ «លោកJordan។ខ្ញុំ​មិន​បាន​បំផ្លើស​អំពី​អ្វី​ដែល​ខ្ញុំ ​បាន​ប្រាប់​លោក​និង​អ្វី​ដែល​ខ្ញុំ​បាន​ឮ​នោះ​ទេ»។

លោក Jordan ​បាន​និយាយថា៖ «នេះ​ជា​បញ្ហា។អ្វី​ដែល​លោក​បានឮ​នោះ ​មិន​បាន​កើត​មាន​ទេ។វា​មិន​បាន​កើត​មាន​ទេ»។

ការគាំ​ទ្រ​របស់​ពលរដ្ឋក្នុង​ការស្ទង់​មតិ​បានកើនឡើង​ក្នុង​ការប្តឹង​ទម្លាក់លោក​ត្រាំ​ពី​តំណែងជា​អ្វី​ដែល​ពួក​ប្រជាធិបតេយ្យ​សង្ឃឹម​ថា នឹង​មាន​ក្នុង​សវនាការ​សាធារណៈ​នេះ។

លោកស្រី Susan Low Blochនៅ​សាកល​វិទ្យាល័យ Georgetown និយាយ​ថា៖ «ការ ប្តឹង​ទម្លាក់​ប្រធានា​ធិបតី ​ជា​ដំណើរការ​នយោបាយ។រដ្ឋធម្មនុញ្ញ​បាន​ដាក់​វា​ក្នុង​ផ្នែក​នយោបាយ។ការណ៍​នេះ​មាន​សារៈសំខាន់ បើ​សភាតំ​ណាង​រាស្រ្ត នឹង​ប្តឹងចោទប្រកាន់​នោះ។ព្រឹទ្ធសភា​ជា​អ្នក​កាត់ទោស ក៏ប៉ុន្តែ សាធារណៈ​ជន​នៅ​ពីក្រោយ​គេ»។

គណៈកម្មាធិការ នឹង​ធ្វើ​សវនាការ​សាធារណៈ​ជាមួយ​សាក្សី​៩​នាក់​ទៀត​រហូត​ដល់​សប្តាហ៍​ក្រោយ។សភា​តំណាងរាស្រ្ត​ត្រូវ​គេ​រំពឹង​នឹងបោះឆ្នោត​លើបទ​ចោទ​ប្រកាន់​នៅ​ចុងឆ្នាំ​នេះហើយ​ព្រឹទ្ធសភា នឹង​ត្រូវសម្រេច​ថាតើ​លោក​ត្រាំ​ នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ដែរ​ឬ​ទេ។