មេដឹកនាំសហជីព២រូប ដែលរងការចោទប្រកាន់ពីរដ្ឋបាលរាជធានីភ្នំពេញថា ពួកគេបាន«ញុះញង់»ក្រុមកូដករណាហ្គាវើលដ៍ឱ្យប្រព្រឹត្តហិង្សាមកលើអាជ្ញាធរ បដិសេធការចោទប្រកាន់នេះ និងថាពួកគេគ្រាន់តែជាអ្នកឃ្លាំមើលប៉ុណ្ណោះ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា រងការចោទប្រកាន់ពាក់ព័ន្ធការញុះញង់ ក៏ដូចជាការបញ្ឆេះកំហឹង ក្រុមបាតុករឱ្យ«បុកទម្លាយប៉ារាស» រួមទាំងបង្កើតជាអំពើហិង្សាលើអាជ្ញាធរផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ «តាមរយៈការលូកដៃចូលរួមយ៉ាងចំហ និងសកម្មពីបុគ្គលមួយចំនួនដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាពិសេសការញុះញង់ក្នុងន័យដុតកម្តៅបញ្ឆេះកំហឹងពីសំណាក់ឈ្មោះ វ៉ន ពៅ និងឈ្មោះ យ៉ាង សោភ័ណ្ឌ ក្រុមកូដករហ៊ានបុកទម្លាយប៉ារាស និងបង្កហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈទ្រង់ទ្រាយធំជាងមុន ដែលសមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការចោទប្រកាន់របស់រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមត្រូវឡើយ ហើយខុសពីការពិត និងថាមិនមានភ័ស្តុតាងណាដែលបង្ហាញថាលោកបញ្ជាឱ្យក្រុមបាតុករណាហ្គាវើលដ៍ធ្វើបែបនោះឡើយ ខណៈលោកទៅកន្លែងធ្វើកូដកម្មគ្រាន់តែជាអ្នកសង្កេតការណ៍ និងឈរមើលពីចម្ងាយប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំមិនមែនទៅចូលក្នុងចំណោមក្រុមកូដករទេ។ ខ្ញុំសង្កេតការណ៍ពីចម្ងាយទេ។អ៊ីចឹងការចោទប្រកាន់នេះជារឿងមិនត្រឹមត្រូវមកលើរូបខ្ញុំ»។
ប្រធានសហជីពរូបនេះបន្តថាអាជ្ញាធរមិនត្រូវលាបពណ៌ក្រុមសហជីព ក៏ដូចជាអ្នកសង្កេតការណ៍ឡើយ ហើយគួរតែយកចិត្តទុកដាក់ដោះស្រាយវិវាទការងារមួយនេះ ដើម្បីឱ្យក្រុមកូដករបានចូលធ្វើការវិញ។
ចំណែកអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា លើកឡើងថាអ្នកស្រីហួសចិត្តចំពោះការចោទប្រកាន់របស់អាជ្ញាធរ ស្របពេលដែលអ្នកស្រីជាអ្នកឃ្លាំមើលការធ្វើកូដកម្ម និងថាសមត្ថកិច្ចទេជាអ្នកបង្កឱ្យមានអំពើហិង្សាទៅលើក្រុមកូដករ។
អ្នកស្រីថ្លែងថា៖«ចង់និយាយថាជាការចោទប្រកាន់មួយដែលអត់ត្រឹមត្រូវ អត់សមស្របទេ។ វាជារូបភាពមួយបំផ្លើសសុទ្ធសាធ។ សមត្ថកិច្ចមួយណារងអំពើហិង្សា ហើយតើក្រុមកូដករមួយណាប្រើហិង្សាទៅលើក្រុមសមត្ថកិច្ចហ្នឹង? ហើយចុះសមត្ថកិច្ចដែលប្រើហិង្សាមកលើក្រុមកូដករដែលគាត់បែកខ្ញែក និងហូរឈាមហ្នឹង ចេញមុខមកមើល»។
អ្នកស្រីជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងក្នុងស្តង់ដារតែមួយ ជាពិសេសដោះស្រាយសំណុំរឿងនេះឱ្យបានលឿន និងប្រកបដោយភាពជាក់ស្តែង មិនមែនដើរតួជាអ្នកការពារផលប្រយោជន៍ឱ្យក្រុមម្ខាងទៀតឡើយ។
តំណាងក្រុមកូដករណាហ្គាលវើលដ៍ អ្នកស្រី សុន ស្រីពេជ្យ ប្រាប់វីអូអេថា លោក វ៉ន ពៅ និងអ្នកស្រី យ៉ាង សុភ័ណ្ឌ មិនបានញុះញង់ឬក៏បង្គាប់បញ្ជាក្រុមកូដករឡើយ ហើយថាការដែលអាជ្ញាធរចោទក្រុមកូដករថា«បុកទម្លាយប៉ារាស»ក៏មិនពិតនោះដែរ។
អ្នកស្រីថ្លែងថា៖«អ៊ីចឹងគាត់អត់មានដូចពាក្យចោទប្រកាន់របស់ខាងក្រសួងដែលចោទមកថាគាត់ញុះញង់ គាត់ដឹកនាំអីក៏អត់មានដែរ»។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឲ្យសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណ៩០នាក់ បានជួបជុំគ្នានៅមហាវិថីសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអ៊ីអន១ មកដល់សួនច្បារមុខសាកលវិទ្យាល័យបៀលប្រាយ។ អាជ្ញាធរហៅការប្រមូលផ្តុំរបស់ពួកគេថា«ធ្វើបាតុកម្មខុសច្បាប់»៕