តុលាការខេត្តព្រះសីហនុបានកាត់ទោសជនជាតិតៃវ៉ាន់ពីរនាក់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៤ លានរៀល ចំពោះការផលិតវីដេអូប្រតិដ្ឋអំពីអំពើទារុណកម្ម ដែលពួកគេថា បានកើតឡើងក្នុងក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍សំខាន់មួយរបស់ប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ជនជាតិចិនតៃវ៉ាន់ទាំង២នាក់នោះឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ ៣១ ឆ្នាំ និង Lu Tsu Hsien ភេទប្រុសអាយុ ៣៤ ឆ្នាំ។ ពួកគេត្រូវបានតុលាការចោទពី «បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចខេត្តព្រះសីហនុចាប់បានតែជនជាតិតៃវ៉ាន់ពីរនាក់នេះទេ មកផ្តន្ទាទោសក្នុងករណីប្រតិដ្ឋឃ្លីបវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
លោកលើកឡើងថា៖ «បច្ចុប្បន្នសមត្ថកិច្ចយើងស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញតែពីរនាក់ទេ។ បើមានបន្ថែម យើងនឹងជូនដំណឹងពេលក្រោយ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅក្នុងអគារមួយ ក្នុងក្រុងព្រះសីហនុ បុគ្គលទាំង២ខាងលើបានថតសម្តែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាពត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បុគ្គលទាំងពីរខាងលើបានថតសម្តែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា បន្ទាប់ពីការថតវីដេអូ និងផ្សាយផ្ទាល់តាមហ្វេកប៊ុកចំនួនពីរលើក សមត្ថកិច្ចបានតាមដាន ហើយក៏រកឃើញនិងចាប់ពួកគេនៅក្នុងបន្ទប់សណ្ឋាគារ ដែលពួកគេស្នាក់នៅដើម្បីមកសាកសួរ។
បើតាមអភិបាលខេត្តរូបនេះ ពួកគេទាំងពីរបានប្រព្រឹត្តទង្វើដែលប៉ះពាល់ដល់សន្តិសុខសង្គម។
លោកថ្លែងថា៖ «ក្រោយការស្វែងរកក៏បានរកគាត់ឃើញ និងបានយកគាត់មកសាកសួរបំភ្លឺ និងបានសាច់រឿងរ៉ាវពិតប្រាកដរបស់គាត់គឺយ៉ាងដូច្នេះ។ ជារួមស្ថានភាពរបស់គាត់នេះគឺបានប្រព្រឹត្តនូវអំពើញុះញង់ បង្កឱ្យមានស្ថានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក គួច ចំរើន អះអាងថា ស្ថានភាពពិតនៅក្នុងខេត្តព្រះសីហនុមិនដូចការផ្សព្វផ្សាយនោះទេ ហេតុនេះលោកស្នើឱ្យទេសចរទាំងអស់ពិចារណាឱ្យបានច្បាស់លាស់ទៅលើដំណឹងជាវីដេអូណាមួយដែលត្រូវបានផ្សព្វផ្សាយចេញពីខេត្តជាប់មាត់សមុទ្រមួយនេះថា វាជាដំណឹងពិត ឬក្លែងក្លាយ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំពិតជាមានការលំបាក ហាមប្រាម។ វាពិតជាមិនបាន។ ប៉ុន្តែក៏ស្នើសុំថា ឱ្យបងប្អូនទាំងឡាយ ដែលបានឃើញព័ត៌មានទាំងឡាយនេះក៏ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ដែរថា ភាគច្រើនព័ត៌មានដែលបានផ្សព្វផ្សាយចេញពីទីនេះវាសុទ្ធតែជាការសម្តែងដើម្បីផលប្រយោជន៍ណាមួយនោះតែប៉ុណ្ណោះ។ ឯស្ថានភាពពិតប្រាកដនៅទីនេះ យើងបានឃើញហើយថា យើងកំពុងតែរស់នៅសុខ សុវត្ថិភាព សប្បាយរីករាយ គ្រប់ដំណាក់កាល កម្មវិធីបុណ្យផ្សេងៗនានា»។
កាលពីកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។ នៅក្នុងនោះ ខេត្តព្រះសីហនុគឺជាទីតាំងគោលដៅមួយ ដែលត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយអំពីករណីនេះផងដែរ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា បើសិនជាបុគ្គលទាំងនោះពិតជាបានធ្វើសកម្មភាពដើម្បីតែប្រយោជន៍ខ្លួនឯងមែន ការចាត់វិធានការរបស់រដ្ឋាភិបាលគឺជាកិច្ចការត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «ក្រៅតែពីបញ្ហាដែលមានការចាប់ខ្លួនម្សិលមិញហ្នឹង ក៏នៅតែទទូចសុំឱ្យអាជ្ញាធរដែលពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ទៅលើបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការឆបោកតាមប្រព័ន្ធអនឡាញទៅលើការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ដូចជាបទល្មើសផ្សេងៗទៀតទៅតាមប្រព័ន្ធបច្ចេកវិទ្យាហ្នឹងផងដែរ»។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ករណីខាងលើនេះគឺជាករណីទី១ដែលអាជ្ញាធរបានចាប់ខ្លួនជនល្មើស និងថាអ្វីដែលសង្គមស៊ីវិលនៅតែមានក្តីព្រួយបារម្ភនោះ គឺការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញដ៏អាស្រូវមួយនេះ៕