អាជ្ញាធរប៊ែលហ្ស៊ិក បានចាប់ខ្លួនជនជាប់សង្ស័យម្នាក់ដែលរត់គេចខ្លួនហើយជាមុខសញ្ញាចាប់ខ្លួនទាក់ទិនជាមួយនឹងការវាយប្រហារភេរវកម្មនៅក្នុងក្រុង ប៉ារីស កាលពីខែវិច្ឆិកា។ ជនជាប់សង្ស័យនេះក៏មានទាក់ទិនជាមួយការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅក្នុងក្រុងប្រ៊ុចសែលកាលពីខែមុនផងដែរ។
គេមានជំនឿថាឈ្មោះ Mohamed Abrini អាយុ៣១ឆ្នាំដែលជាពលរដ្ឋប៊ែលហ្ស៊ិក ដើមកំណើតម៉ារ៉ុកដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ជា «បុរសពាក់មួក» មានភាពអាថ៌កំបាំងដែលបានរត់គេចខ្លួនពីការផ្ទុះគ្រាប់បែកនៅឯចំណតយន្តហោះ Zaventem នៃក្រុងប្រ៊ុចសែល។
ប្រសិនបើនេះជាការពិតមែននោះ នេះមានន័យថាឈ្មោះ Abrini មានមុខនាទីសំខាន់មួយនៅក្នុងការវាយប្រហារទាំងពីរដែលបានត្រូវធ្វើឡើងដោយក្រុមតូចមួយនៃពួករដ្ឋឥស្លាម ដែលបានបណ្តាលឱ្យមនុស្សស្លាប់ទាំងអស់១៣០នាក់នៅក្នុងក្រុងប៉ារីស និងមានអ្នកស្លាប់៣២នាក់នៅក្នុងក្រុងប្រ៊ុចសែល និងបាននាំឱ្យមនុស្សជាច្រើននាក់ទៀតត្រូវរបួស។
គេបានឃើញរូប Abrini នៅក្នុងវីដេអូ នៃប្រដាប់ថតមួយនៅឯកន្លែងចាក់សាំងមួយនៅតាមផ្លូវទៅកាន់ក្រុងប៉ារីស ក្នុងរយៈពេលខ្លីនៅមុនការវាយប្រហារកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ជាមួយជនជាប់សង្ស័យម្នាក់ទៀតគឺឈ្មោះ Salah Abdeslam ដែលជាប់ឃុំឃាំងស្រេចហើយនៅក្នុងប្រទេសប៊ែលហ្ស៊ិក។
ឈ្មោះ Abrini ជាជនជាប់សង្ស័យចុងក្រោយបង្អស់ដែលគេដឹងអត្តសញ្ញាណពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ខែវិច្ឆិកានៅក្នុងក្រុងប៉ារីស ដែលអាជ្ញាធរបានរកខ្លួន។
ពួកប៉ូលីសប៊ែលហ្ស៊ិក បានចាប់ខ្លួនមនុស្សទីពីរដែលអាចមានការទាក់ទិនជាមួយការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅឯស្ថានីយ៍រទេះភ្លើងក្រោមដី Maelbeek នៃក្រុងប៊្រុចសែល នៅពេលមានអ្នកដំណើរកុះករកាលពីព្រឹកថ្ងៃទី២២ខែមីនាកន្លងទៅ។
ការិយាល័យព្រះរាជអាជ្ញានៃប្រទេសប៊ែលហ្ស៊ិកបានបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនមនុស្សមួយចំនួនមែន កាលពីថ្ងៃសុក្រ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមទៀតទេ៕