ដោយមានការព្រួយបារម្ភថាប្រធានាធិបតីជាប់ឆ្នោតស.រ.អា. Donald Trump ប្រហែលជានឹងកែប្រែគោលនយោបាយភូមិភាគមជ្ឈឹមបូព៌ា ពួកអ្នកតំណាងប្រទេសនិងអង្គការអន្តរជាតិជាង ៧០ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថាដំណោះស្រាយមានរដ្ឋពីរជាជម្រើសតែមួយគត់ដើម្បីសម្រេចបានសន្តិភាព។
នៅក្រោយការប្រជុំមួយនៅក្នុងទីក្រុងប៉ារីសដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនបានចូលរួម លោកប្រធានាធិបតីបារាំង Francois Hollande បានបដិសេធពួកអ្នកជំទាស់នឹងការប្រជុំនេះនិងក្រុមដែលមើលឃើញតែអាក្រក់ព្រោះពួកគេបានចាត់ទុកការប្រជុំនេះថាជាការបរាជ័យដោយលោកបានមានប្រសាសន៍ថានិមិត្តរូបនិយមនិងសារមានសារៈសំខាន់ស្មើគ្នា។
លោកប្រធានាធិបតី Hollande បានមានប្រសាសន៍ថា «ភាពឆោតល្ងង់គឺការយល់ថាការមានទំនាក់ទំនងល្អជាថ្មីរវាងអ៊ីស្រាអែលនិងអ្នកនៅជិតខាងខ្លួនដែលជាការចាំបាច់អាចកើតមានបានដោយមិនបាច់ឆ្ពោះទៅកាន់សន្តិភាពរវាងជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន»។
សន្និសីទនេះជាសន្និសីទសន្តិភាពលើកទីពីរដែលរៀបចំដោយរដ្ឋាភិបាលក្រុងប៉ារីសក្នុងរយៈពេលតិចជាងមួយឆ្នាំ ហើយសេចក្តីថ្លែងការណ៍ចុងក្រោយបានចែងថាសន្និសីទសន្តិភាពមួយទៀតនឹងមានធ្វើនៅដំណាច់ឆ្នាំ២០១៧។សន្និសីទនេះបានប្រព្រឹត្តទៅនៅពេលដែលរដ្ឋបាលលោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាបានបញ្ចប់ការកាន់តំណែង៨ឆ្នាំដោយមិនមានការជោគជ័យក្នុងការជំរុញដំណើរការសន្តិភាពច្រើនឆ្នាំមកហើយឱ្យទៅមុខ។
នៅក្នុងចំណាត់ការធំមួយខុសប្លែកពីគោលនយោបាយស.រ.អា.កាលពីពេលមុនៗ រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានបោះឆ្នោតអនុបវាទកាលពីខែមុនហើយមិនបានបោះឆ្នោតវ៉េតូជំទាស់នឹងសេចក្តីសម្រេចចិត្តមួយរបស់អ.ស.ប ដែលបានរិះគន់ដល់ការកសាងទីតាំងលំនៅដ្ឋានអ៊ីស្រាអែល ក្នុងដែនដីអារ៉ាប់ដែលអ៊ីស្រាអែលកាន់កាប់។
នៅពេលនេះមានមនុស្សខ្លះព្រួយបារម្ភថាគោលជំហររបស់លោក Trump ដែលលម្អៀងទៅខាងការតាំងលំនៅដ្ឋានអ៊ីស្រាអែលនិងការសន្យារបស់គាត់ថានឹងលើកស្ថានទូតស.រ.អា.ពីក្រុង Tel Aviv ទៅតាំងនៅក្រុង Jerusalem វិញអាចធ្វើឱ្យអន្តរាយដល់ជម្រើសនៃការមានរដ្ឋពីរ។
សេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់នៃសន្និសីទនេះមិនបានរិះគន់ជាពិសេសដល់ការសន្យារបស់លោក Trump ថានឹងលើកទីតាំងស្ថានទូតអាមេរិកាំងទេ ហើយលោក Hollande ក៏មិនបានរិះគន់ការសន្យានេះដែរ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ដែលជិតចេញពីតំណែងហើយដែលបានចូលរួមក្នុងសន្និសីទនេះដែរ បានមានប្រសាសន៍ថាផែនការទាំងនោះ «មិនឋិតនៅក្នុងវេទិកាអន្តរជាតិនៅពេលនេះទេ»៕