ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមន្រ្តីគណបក្សមហាសាមគ្គីជាតិខ្មែរពីររូប តាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដោយចោទពី «បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងអំពើប្រមាថ» ពាក់ព័ន្ធនឹងការបង្ហោះសាររឿងព្រំដែនតាមបណ្តាញសង្គមហ្វេសប៊ុក។
បើតាមដីកាចំនួនពីរច្បាប់ ចុះថ្ងៃទី២០ ខែមេសា ដែល VOA ទទួលបាន ចៅក្រមស៊ើបសួរតុលាការភ្នំពេញលោក កូយ សៅ បានបង្គាប់ឲ្យចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ និងលោក ថុល សុផាន់ណា មន្រ្តីគណបក្សនេះដែលត្រូវចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងអំពើប្រមាថ» ដែលប្រព្រឹត្តឡើង កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ មានន័យថា៖
«តាមរបាយការណ៍ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានបញ្ជាក់ថា បុគ្គលដែលមានអត្តសញ្ញាណខាងលើបានប្រព្រឹត្តនូវអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើប្រមាថ។ បុគ្គលរូបនេះនគរបាលមណ្ឌលរកពុំឃើញទេ ដោយពុំដឹងថា រស់នៅទីណាឡើយ។ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ាង គឹមស្រឿន ដែលមានអត្តសញ្ញាណខាងលើ ដើម្បីឲ្យបុគ្គលនេះមកបង្ហាញនៅចំពោះមុខតុលាការដើម្បីស្វែងរកការណ៍ពិតក្នុងសំណុំរឿងនេះ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងលោក គុជ គឹមឡុង បានទេ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកជាម្ចាស់បណ្តឹងសំណុំរឿងនេះ ហើយបានប្តឹងពួកគេ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ លោកចោទអ្នកទាំងពីរថា បានប្រមាថរូបលោកនិងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផ្សេងទៀត បន្ទាប់ពីឧត្តមក្រុមប្រឹក្សាបានស្នើឲ្យលោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
«លោក ហ៊ាង គឹមស្រឿន គាត់បានប្រមាថក៏ដូចជាធ្វើឲ្យមហាជនយល់ច្រឡំ ហើយធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើក្រុមការងារឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ក្នុងនោះមានរូបខ្ញុំដែរ។ ហើយអាសកម្មភាពនេះ យើងពិបាកទទួលយកណាស់។ អ៊ីចឹឹង យើងក៏តស៊ូតាមផ្លូវច្បាប់មានន័យថា យើងតស៊ូមតិគ្នាតាមផ្លូវច្បាប់ បើច្បាប់រកឃើញថាគាត់មានកំហុស អាហ្នឹងច្បាប់ចាត់ចែងតាមអ្វីដែលច្បាប់មានស្រាប់»។
បើតាមសារដែលលោកពេជ្រ ស្រស់យកធ្វើជាភស្តុតាង លោក ហ៊ាង គឹមស្រឿន សរសេរថា «...លោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជុំវិញការចុះហត្ថលេខាកំណត់ព្រំដែនរវាងកម្ពុជា-វៀតណាម គឺជាការជួយបំភ្លឺដើម្បីបង្គ្រប់កិច្ចនិងជាក្រុមអាយ៉ងដែលមិនបានផលជាវិជ្ជមានណាមួយ សម្រាប់ជាតិក្នុងជំនួបនោះសោះឡើយ»។
ចំណែកលោក ថុល សុផាន់ណា ដែលតុលាការកំពុងតាមចាប់ខ្លួនដែរនោះ លោក ពេជ្រ ស្រស់ លើកឡើងថាលោក សុផាន់ណា បានសរសេរចោទប្រកាន់រូបលោកថាស៊ីឈ្នួលឲ្យគណបក្សប្រជាជនកម្ពុជា។
លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា៖ «ហើយចំពោះប្អូន ថុល សុផាន់ណា ការណ៍ពិតទៅមិនដឹងថាគាត់មានសំអាងអីទេ គាត់ចោទខ្ញុំថា ខ្ញុំហ្នឹងទទួលស៊ីឈ្នួលពីគណបក្សកាន់អំណាចរហូតបានទៅដល់ ២០ម៉ឺន[ដុល្លារ]ឯណោះ ដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយខ្ញុំមិនដែលដឹងខ្លួនសោះថា ខ្ញុំបានលុយមកពីណា ហើយចាំបាច់អីទៅស៊ីឈ្នួលគេ? ហើយគាត់និយាយហ្នឹងអមានភស្តុតាងអីច្បាស់លាស់សោះ ហើយគាត់មកបរិហារកេរ្តិ៍ ឬមួលបង្កាច់កេរ្តិ៍។ វាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នគណបក្សប្រជាជនទាំងមូលនិងរូបខ្ញុំបាទ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហ៊ាង គឹមស្រឿន និងលោក ថុល សុផាន់ណាបាននៅឡើយទេ។
គណបក្សមហាសាមគ្គីជាតិខ្មែរត្រូវបានបង្កើតឡើង កាលពីដើមឆ្នាំ២០១៦ ដែលមានលោក ញ៉ែម វណ្ណថន ជាប្រធាន។ VOA ក៏មិនអាចទាក់ទងលោក ញ៉ែម វណ្ណថន ដើម្បីសុំការអត្ថាធិប្បាយបានដែរ។
កាលពីដើមឆ្នាំ២០១៧ លោក ពេជ្រ ស្រស់ និងលោក ញ៉ែម វណ្ណថន បានចុះហត្ថលេខាព្រមព្រៀងរួបរួមគ្នាគណបក្សទាំងពីរ ប៉ុន្តែមេបក្សទាំងពីរនេះបានប្រកាសបែកគ្នាវិញ ក្រោយចាប់ដៃគ្នាបានមួយសប្តាហ៍។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថាការបង្ហោះសាររបស់មន្រ្តីគណបក្សមហាសាមគ្គីជាតិខ្មែរទាំងពីរនាក់ ដែលរិះគន់លើសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នាពេលនោះ គ្រាន់តែជាការបញ្ចេញមតិនិងរិះគន់ក្នុងនាមជាសកម្មជនគណបក្សនយោបាយប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រើបណ្តឹងនិងអនុវត្តបណ្តឹងដើម្បីបញ្ឈប់ការរិះគន់ណាមួយ ធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាទូទៅ។
«គាត់បញ្ចេញមតិក្នុងនាមជាអ្នកសកម្មជននយោបាយ។ គាត់អាចមើលលើសកម្មភាពរបស់មន្រ្តីសាធារណៈ ឬក៏សកម្មជនគណបក្សនយោបាយផ្សេងទៀតដែរ ដែលធ្វើអ្វីដែលមិនបានត្រឹមត្រូវ។ អ៊ីចឹងគាត់អាចមានសិទ្ធិក្នុងការរិះគន់»។
លោក ពេជ្រ ស្រស់ គឺជាអ្នកនយោបាយម្នាក់ដែលតែងចេញមុខប្ដឹងអ្នកនយោបាយនិងសកម្មជនសង្គម។ លោក ពេជ្រ ស្រស់ ធ្លាប់ប្ដឹងព្រះតេជគុណ ប៊ុត ប៊ុនតេញ ដោយចោទព្រះអង្គថាបានកិបកេងលុយចូលបុណ្យសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់។ លោកក៏បានចូលរួមប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ផងដែរ៕