សមាគមការពារអ្នកកាសែតក្នុងស្រុកខេមបូចា បានឲ្យដឹងនៅក្នុងសប្តាហ៍នេះអំពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានរាយការណ៍ថាប៉ុនប៉ងរំខានការងាររបស់អ្នកសារព័ត៌មានពីរនាក់ ដែលចុះយកព័ត៌មានអំពីទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីមួយ។
យោងតាមសេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលអ្នកសារព័ត៌មានពីររូប បានរងនូវការគំរាមកំហែង និងបំភិតបំភ័យក្នុងពេលពួកគាត់ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។
ខេមបូចាបានរំឭកឡើងវិញនូវហេតុការណ៍នោះថា កាលពីម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក ពក ខឺយ ដែលជាអ្នកហាត់ការនៅស្ថាប័នវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)បានចុះទៅយកព័ត៌មាននៅកន្លែងមានជម្លោះដីធ្លីក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលនៅទីនោះ ក្រុមប្រជាពលរដ្ឋបានធ្វើសន្និសីទព័ត៌មានឆ្លើយតបនឹងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលស្តីពីការបិទទ្វារទឹក និងកាយផ្តាច់ផ្លូវទំនប់៥៤ ដែលស្ថិតនៅក្នុងភូមិកំពុងតាឡុង។
លោក ពក ខឺយ បានប្រាប់ខេមបូចាថា ក្រោយពេលលោកទៅដល់កន្លែងធ្វើសន្និសីទកាសែតរបស់ប្រជាពលរដ្ឋប្រមាណ១០នាទី ស្រាប់តែមានអាជ្ញាធរស្លៀកពាក់ស៊ីវិលដៃកាន់អាយកូម បានមកថតរូបគាត់ និងថតម៉ូតូរបស់គាត់។ ហើយនៅពេលលោកចាកចេញពីកន្លែងធ្វើសន្និសីទព័ត៌មាននោះ កម្លាំងអាជ្ញាធរដែលមានមនុស្សពីរនាក់បានជិះម៉ូតូមួយគ្រឿងមានពាក់ស្លាកលេខរដ្ឋ តាមពីក្រោយរូបលោក តែលោកមិនឈប់ម៉ូតូ និងបានបន្ថែមល្បឿនម៉ូតូរបស់លោកទៅមុខ ស្រាប់តែម៉ូតូនោះក៏បន្ថែមល្បឿនតាមដែរ ដោយមាននិយាយអាយកូមផង។
ក្នុងហេតុការណ៍ដដែលនោះ លោក ពក ខឺយក៏បានឃើញសមត្ថកិច្ចប្រមាណ៥នាក់ ដែលពាក់ឯកសណ្ឋាននគរបាល បានចេញមកស្ទាក់ឃាត់ម៉ូតូរបស់លោកនៅមុខផ្លូវ ទំនងជាចង់ចាប់រូបលោកបង្ខំឲ្យលោកលុបចោលវីដេអូ និងរូបដែលថតបាន និងការសម្ភាសប្រជាពលរដ្ឋ ប៉ុន្តែលោកមិនព្រមឈប់ទេ ដោយប្តេជ្ញាចិត្តថានឹងរក្សាវីដេអូ និងព័ត៌មានដែលលោកបានសម្ភាសប្រជាពលរដ្ឋនោះយកទៅផ្សព្វផ្សាយ។
លោក ពក ខឺយ អាយុ២៤ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សកម្មភាពដែលអាជ្ញាធរធ្វើមកលើរូបលោកកាលពីថ្ងៃទី៤ ខែកញ្ញានោះ គឺជាកាយវិការគំរាមកំហែងបំបាក់ស្មារតី ដែលតោងឲ្យស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងនោះ គឺក្រសួងព័ត៌មានគួរអន្តរាគមន៍ជាបន្ទាន់ ដើម្បីទុកលម្ហសេរីភាពឲ្យអ្នកកាសែតធ្វើការដោយឥតភ័យខ្លាច។
«សម្រាប់ខ្ញុំបើសិនស្ថានភាពនៅតែមានការរឹតបន្តឹងដូច្នេះ ខ្ញុំនៅតែមានការភ័យបារម្ភ ព្រោះណាមួយខ្ញុំជាអ្នកសារព័ត៌មានជំនាន់ថ្មីផង ហើយស្របពេលដែលអាជ្ញាធរហាក់ដូចជារឹតបន្តឹង ហើយឃើញអ្នកសារព័ត៌មាន ហាក់ដូចជាមនុស្សដែលសត្រូវជាមួយអាជ្ញាធរ ខ្ញុំគិតថា ភ័យបារម្ភ បើសិនជាអនាគតទៅនៅតែមានការរឹតបន្តឹងបែបនេះ ធ្វើឲ្យឆន្ទៈ ក៏ដូចជា ការប្តេជ្ញាចិត្តរបស់ខ្ញុំអាចនឹងត្រូវធ្លាក់ចុះ តែយ៉ាងណាក៏ខ្ញុំនៅតែមានជំហរក្នុងការធ្វើរឿងនេះ បន្តទៀតដែរបាទ»។
បើតាមលោក ពក ខឺយ អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកកណ្តាលស្ទឹង នៅបន្តយាយីអ្នកកាសែតផ្សេងទៀត ដែលបានចុះទៅយកព័ត៌មាននៅទីតាំងមានវិវាទដីធ្លីក្នុងភូមិកំពុងតាឡុងដដែល។
សេចក្តីប្រកាសរបស់ខេមបូចាចុះថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងទៀតថា អ្នកសារព័ត៌មានមួយរូបទៀតឈ្មោះ លួស សេង ចាងហ្វាងការផ្សាយទូរទស្សន៍អនឡាញLSN ដែលបានចុះទៅយកព័ត៌មាននៅទីតាំងសន្និសីទព័ត៌មានខាងលើដែរ ហើយលោកបានទទួលដំណឹងជាមុនថាកម្លាំងមានសមត្ថកិច្ចដែលត្រូវបានដាក់ពង្រាយនៅទីកន្លែងប្រជាពលរដ្ឋធ្វើសន្និសីទសារព័ត៌មាននោះ មានគម្រោងចាប់រូបលោក។
លោក លួស សេង ប្រាប់ខេមបូចាថានៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៤ ខែកញ្ញា មុនពេលប្រជាពលរដ្ឋធ្វើសន្និសីទសារព័ត៌មានតំណាងពលរដ្ឋបានទូរស័ព្ទប្រាប់លោកមិនឲ្យទៅចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍នោះទេ ព្រោះមានកម្លាំងសមត្ថកិច្ចចល័តច្រើននៅតាមផ្លូវ និងកន្លែងសន្និសីទសារព័ត៌មានដើម្បីរង់ចាំឃ្លាំមើលអ្នកសារព័ត៌មាន និងរារាំងមិនឲ្យយកព័ត៌មានទៅផ្សាយ។
សមាគមខេមបូចាបានទទូចឲ្យមន្ត្រីថ្នាក់លើនៃក្រសួងជំនាញមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃជាដើមណែនាំដល់មន្ត្រីនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន គោលការណ៍សិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន។
នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មាន (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធរដ្ឋ រួមមានក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ គួរសហការគ្នាបង្កើនការយល់ដឹងទៅដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឲ្យបានដឹងពីសិទ្ធិរបស់អ្នកសារព័ត៌មាន ដែលបំពេញតួនាទីត្រឹមការផ្សព្វផ្សាយដំណឹងដើម្បីប្រយោជន៍សាធារណៈប៉ុណ្ណោះ។
«ខ្ញុំស្នើយ៉ាងទទូចដល់សមត្ថកិច្ច ជាពិសេសគឺសមត្ថកិច្ចក្រសួងមហាផ្ទៃ និងសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន គួរតែពិនិត្យឲ្យបានហ្មត់ចត់ ហើយនិងត្រូវធានាថា មន្ត្រីណាមួយដែលរំលោភទៅដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានហ្នឹង គួរតែត្រូវបានហៅមកធ្វើការព្រមាន ឬមួយក៏ណែនាំឲ្យយល់អំពីតួនាទី និងភារកិច្ចហើយនិងសិទ្ធិរបស់អ្នកសារព័ត៌មាន»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ និងអធិការនគរបាលស្រុកកណ្តាលស្ទឹងលោក ឡេង សុខរុន បានទេនៅថ្ងៃអង្គារនេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ឆាយ គឹមខឿន ប្រាប់វីអូអេថាលោកមិនទាន់ឃើញឯកសារបណ្តឹងណាមួយដែលអាចជាតម្រុយឲ្យអាជ្ញាធរ តាមរកបុគ្គលដែលត្រូវគេចោទថាបានដេញតាម ឬគំរាមកំហែងអ្នកកាសែតនោះទេ។
លោកបញ្ជាក់ថា៖ «គ្រប់ពេលវេលា យើងខ្ញុំនឹងធ្វើការ បើមានពាក្យបណ្តឹងមានអីមក ហើយដាក់ជូនមកតាមសមត្ថកិច្ចច្បាស់មក»។
លោកបន្ថែមថា៖ «ហើយបើគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍អីចឹង តើខ្ញុំយកអាហ្នឹង ទៅស្រាវជ្រាវរបៀបម៉េចឥឡូវនេះ។ យើងគ្រាន់តែចេញសេចក្តីថ្លែងការណ៍ តែកិច្ចសហការសម្រាប់ពាក់ព័ន្ធករណីនោះ វាអត់មាន»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានទេនៅថ្ងៃអង្គារនេះ។
បើតាមសមាគមខេមបូចា ចាប់តាំងពីខែមករា ដល់ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានករណីបៀតបៀនមកលើអ្នកសារព័ត៌មានចំនួន៣៨ករណី ដែលកើតមានលើអ្នកសារព័ត៌មានចំនួន៥៦នាក់ ក្នុងនោះមានស្ត្រី៤នាក់ ហើយភាគច្រើនជាករណីចាប់ឃុំខ្លួន និងការប្រើអំពើហិង្សា៕