ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ​​​​អភិបាល​ខេត្ត​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌មាន ដោយ​មិន​បាច់​សុំ​គោលការណ៍


រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

អភិបាលខេត្ត​កណ្តាល​បាន​ស្នើ​សុំ​គោលការណ៍​ពី​ក្រសួង​ព័ត៌មាន ដើម្បីចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ​ដែល​អាជ្ញាធរ​ខេត្ត​នោះ​ថា​«គ្មាន​វិជ្ជាជីវៈ​ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ធ្វើ​ឱ្យប៉ះពាល់​ដល់​ការងារ​របស់​អាជ្ញាធរ»។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ ក្រសួង​ព័ត៌មាន​បានទទួល​ឯកភាព និង​អះអាង​ថា​អ្នកសារព័ត៌មាន​មិន​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​របស់​អាជ្ញាធរ​ឡើយ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បដិសេធលើកឡើង​ពី​ករណី​អង្គហេតុ​ជាក់លាក់​ណា​មួយ​ដែល​បណ្តាល​ឱ្យមាន​ការ​បញ្ជូន​លិខិត​ស្នើ​សុំ​គោលការណ៍​ពី​ក្រសួង​ព័ត៌មាន​ក្នុង​ការចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន។

ទោះ​ជា​យ៉ាង​ណា លោក​ឱ្យដឹង​ថា​អ្នកសារព័ត៌មាន​មួយ​ចំនួន​បាន​បំផ្លើស​ព័ត៌មាន និង​មិន​គោរព​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន។

«ហើយ​បងប្អូន​សារព័ត៌មាន​យើង​គាត់​បាន​ទៅ​បន្ថែម​ព័ត៌មាន​ធ្វើ​ឱ្យមាន​ភាព​ច្របល់​ ហើយ​មាន​វោហារសាស្ត្រ​ផ្សេងៗ​ ធ្វើ​ឱ្យខុស​ឆ្គង​ នៅ​ក្នុង​កម្រិត​ ដែល​គេ​ហៅ​ថា​អោយ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​កិច្ច​បម្រើ​ប្រទេស​ជាតិ​ដូចគ្នា។ ពួក​គាត់​សារព័ត៌មាន​ក៏​បម្រើ​ប្រទេស​ជាតិ​ដែរ បម្រើ​សាធារណៈ​មតិ​ដូចគ្នា​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​យល់​ពី​កាតព្វកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ដល់​ពេល​គាត់​ធ្វើ​ហួស​អញ្ចឹង​តិច​ទៅ​ យើង​ត្រូវ​ការ​ឱ្យស្ថាប័ន​ដែល​គេ​មាន​សិទ្ធិ​នៅ​ក្នុង​ផ្លូវ​ច្បាប់​ ត្រូវ​ជួយ​ត្រួត​ពិនិត្យ។ អញ្ចឹង​ទេ ក្រសួង [ព័ត៌មាន​]​ ធម្មតា​ជា​អាណាព្យាបាល​ ជា​អាជ្ញាបណ្ណ​នៃ​សារព័ត៌មាន​ត្រូវ​តែ​កែ​តម្រង់។ មិនមែន​មាន​ន័យ​ថា​យើង​ចាប់​ទោស​ភ្លាមៗ​ទេ ថា​ជា​កម្រិត​តម្រង់​ទិស ហើយ​ឱ្យនៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ នៅ​ក្រប​ខណ្ឌ​រនាំង​មួយ ដែល​ថា​ច្បាប់ វា​មាន​រនាំង​មួយ សេរីភាព ប៉ុន្តែ​គោរព​សិទ្ធិ និង​កាតព្វកិច្ច»។

អភិបាល​ខេត្ត​កណ្តាល​រូប​នេះ​បាន​បន្ថែម​ថា លិខិត​ពី​គណៈអភិបាល​ខេត្តទៅ​កាន់​ក្រសួង​ព័ត៌មាន ​គឺ​សំដៅ​ទៅ​លើអ្នកសារព័ត៌មាន ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ស្ថាប័ន និង​អ្នកសារព័ត៌មាន​ទូទៅ​ផងដែរ ដោយ​លោក​ស្នើ​ឱ្យមាន​ការ​គោរព​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ។

លោក​បញ្ជាក់​ថា​បញ្ហា​ពាក់ព័ន្ធ​នឹង​បុគ្គល​អ្នកសារព័ត៌មាន​ខាង​លើ​នេះ​ គឺ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សម្របសម្រួល​ដោះស្រាយ។​

នៅ​ក្នុង​លិខិត​ឆ្លើយតប​មក​កាន់​រដ្ឋបាល​ខេត្ត​កណ្តាល ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា​ ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​អ្នកសារព័ត៌មាន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​វិជ្ជាជីវៈ​ ល្មើស​ច្បាប់​ ដែល​ធ្វើ​ឱ្យរំខាន​ការ​អនុវត្ត​ការងារ​តាម​ផ្លូវ​ច្បាប់ ឬ​បង្ក​គ្រោះថ្នាក់​ដល់​កិច្ច​ប្រតិបត្តិការ​របស់​អាជ្ញាធរ​សមត្ថកិច្ច​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ញុះញង់​ឱ្យប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ផល​ប្រយោជន៍​បុគ្គល​ណា​ម្នាក់ បុគ្គល​ ឬ​ស្ថាប័ន​នោះ អាច​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ដោយ​ពុំ​ចាំ​បាច់ស្នើ​សុំ​គោលការណ៍​ចាត់​វិធានការ​ពី​ក្រសួង​ព័ត៌មាន​ឡើយ»។

លិខិត​មួយ​ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន លោក​ អ៊ុក ប្រាថ្នា។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានប្រាប់​វីអូអេ​បញ្ជាក់​បន្ថែម​លើ​លិ​ខិត​របស់​ក្រសួង​ថា​នៅ​ក្នុង​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំពាន​ដល់​ដែន​អាជ្ញាធរ​ អ្នកសារព័ត៌មាន​ត្រូវ​ប្រឈម​មុខ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់។

លោក​ថ្លែង​ថា៖ «ក្នុង​ករណី​ដែល​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខុស​វិជ្ជាជីវៈ​ គាត់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ទី​មួយ។ ទីពីរ​ នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន នៅ​កន្លែង​ណា​មួយ​ដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យចូល​គឺ​អ្នកសារព័ត៌មាន​ លោក​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ»។

លោក មាស សុភ័ណ្ឌ​ ​បន្ថែម​ថា​ក្រៅ​ពី​ការ​អនុវត្ត​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ អ្នកសារព័ត៌មាន​ត្រូវ​តែ​ដឹង​ពី​ច្បាប់​ ​តួនាទី ​និង​ក្រម​សីលធម៌​សារព័ត៌មាន។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា​CCIMបាន​ថ្លែង​ប្រាប់​វីអូអេ​ថា ភាសា​ផ្លូវ​ច្បាប់​ដែល​មាន​អត្ថន័យ ឬ​ការ​បកស្រាយ​បានទូលំទូលាយ អាច​នាំ​ឱ្យមាន​ការ​អនុវត្ត​ខុស​ ពីសំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក​ជំរុញ​ឱ្យមាន​ការ​ប្រើប្រាស់​ពាក្យពេចន៍​ច្បាស់លាស់​ជាង​នេះ​នៅ​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន។ ​

លោក​បន្ត​ថា​ការ​កំណត់​ជា​ចំណាត់ការ​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ខ្លាំង និង​ភាសា​ផ្លូវ​ច្បាប់​ទូលំទូលាយ​ជ្រុល ​អាច​ប៉ះពាល់ដល់​ការ​អនុវត្ត​ការងារ​របស់​អ្នកសារព័ត៌មាន​ផង​ដែរ។

លោកថ្លែង​ថា៖ «ហើយ​នៅ​ពេល​មាន​ការ​រឹតត្បិត ហើយ​ជាមួយ​នឹង​ការ​ប្រើប្រាស់​ពាក្យពេចន៍​បែប​ទូលាយ​អញ្ចឹង​ទៀត​ វា​ធ្វើ​ឱ្យទី​មួយ​អ្នកសារព័ត៌មាន​ខ្លួន​ឯង​ហ្នឹង​គាត់​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ ឬ​គាត់​មិន​ដឹង​ច្បាស់​ខ្លួន​ឯង​ថា​ដែន​កម្រិត​គាត់​ប៉ុនណា​ដែល​គាត់​អាច​ធ្វើ​បាន»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ឬ​ហៅ​កាត់ជា​ភាសា​បារាំង​ថា​RSF បាន​បញ្ចេញ​របាយការណ៍​មួយ​ ដោយ​បង្ហាញ​ពី​តារាង​ឈ្មោះ​មេដឹកនាំ​ ដែល​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ នៅ​ក្នុង​ចំណោម​មេដឹកនាំ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​៣៧​នាក់ ក៏​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផង​ដែរ។ ​តារាង​បញ្ជី​នេះ​ ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​មេដឹកនាំ​មួយ​ចំនួន ដែល​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ចាត់​ទុក​ថា​បាន​បំផ្លាញ និង​គំរាមកំហែង​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ អង្គការ​RSF​ក៏​ធ្លាប់បាន​លើកឡើង​អំពី​កំណត់ត្រា​សកម្ម​ភាព​នៃ​ការធ្វើ​ទុក្ខ​បុកម្នេញទៅ​លើ​បណ្តេញ​សារ​ព័ត៌មាន​ឯករាជ្យ ​ដោយរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

XS
SM
MD
LG