ប៉ូលិស​ពីរ​នាក់​ និង​ជន​សកម្មប្រយុទ្ធ​ប្រាំ​បួន​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​ពួក​រដ្ឋឥស្លាម​នៅ​តួកគី

ផែនទី​បង្ហាញ​ពី​ក្រុង​​ Diyarbakir នៅ​ប្រទេស​តួកគី។

នៅ​ថ្ងៃ​ច័ន្ទនេះ ការ​ឆ្មក់​វាយ​ប្រហារ​មួយ​លើពួករដ្ឋ​ឥស្លាម​មួយ​ក្រុម​តូច​នៅ​ក្នុង​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេសតួកគី​បាន​បណ្តាល​ឲ្យ​ប៉ូលិសតួកគី​ ២នាក់​ និង​ជន​សកម្មប្រយុទ្ធ​៩នាក់​ស្លាប់​ នៅពេល​ដែល​អាជ្ញាធរ​ជំរុញ​កិច្ច​ខិតខំប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម​ ដែល​មាន​មូលដ្ឋាន​នៅព្រំដែន​ក្នុងប្រទេសស៊ីរី។

ការ​បាញ់កាំភ្លើង​ត​គ្នា​នៅ​ថ្ងៃច័ន្ទនេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង Diyarbakir ដែល​ជា​ក្រុង​មាន​អ្នក​ស្រុកភាគ​ច្រើន​ជា​ក្រុម​ជន​អំបូរ Kurd ដែល​នៅ​ទី​នោះ​ពួក​ប៉ូលិស​បាន​ឆ្មក់​ចូល​លុក​ក្នុង​ផ្ទះ​ជា​ច្រើនខ្នង។ ​ក្រុម​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា ប៉ូលិស​បួន​នាក់​បាន​ត្រូវ​របួស​ ហើយ​ជន​សកម្មប្រយុទ្ធ​បី​នាក់​បាន​ត្រូវ​ចាប់ខ្លួន។

អាជ្ញាធរ​តួកគី​បាន​បន្ទោស​ពួក​រដ្ឋ​ឥស្លាម​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា​នៃ​ប្រទេស​តួកគី​កាល​ពី​ពេល​ដើម​ខែ​នេះ ដែល​បាន​នាំ​ឲ្យមនុស្ស​ជាង​១០០នាក់​បាត់បង់​ជីវិត។

ប្រទេស​តួកគី​ក៏​បាន​ទទួល​ឲ្យស្នាក់អាស្រ័យ​នូវ​ចំនួន​ប្រមាណ​ពាក់កណ្តាល​នៃ​ក្រុម​ជនភៀសខ្លួន​ស៊ីរី​បួន​លាន​នាក់ ​ដែល​បាន​ចុះ​ឈ្មោះ​ជា​មួយ​អ.ស.ប​ បន្ទាប់​ពីពួក​គេបាន​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី។ ​ចំនួន​ជនជាតិ​ស៊ីរី​នៅ​ក្នុង​ប្រទេស​ តួកគី​បាន​កើនឡើង​ជាង​ពីរ​ដង​ចាប់​តាំង​ពី​ខែតុលា​ឆ្នាំ​មុន ដោយ​បន្ថែម​ការ​លំបាក​ដែល​សង្គ្រាម​នៅ​ក្នុង​ប្រទេសស៊ីរី​បាន​ដាក់​ឲ្យ​មាន​លើ​ប្រទេស​ជិតខាង​ស៊ីរី៕