មន្ត្រីនគរបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅក្នុងសប្តាហ៍នេះ បានចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមពីរនាក់ ដោយចោទពួកគេថា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធទៅនឹងការឆ្លងមេរោគកូរ៉ូណាវីរុស ឬCovid-19។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់នោះ មានម្នាក់គឺស្ត្រីឈ្មោះ ថៃ ឆយឿន រស់នៅស្រុកបាគងនៃខេត្តសៀមរាប។ ស្ត្រីរូបនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពីស្ត្រីរូបនោះ បានទទួលស្គាល់កំហុស។
ចំណែកម្នាក់ទៀត គឺលោក កូយ សំអាត ដែលរស់នៅក្នុងខណ្ឌមានជ័យ និងជាម្ចាស់ហ្វេសប៊ុកឈ្មោះ Tep Visal ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការប៉ូលិសជាតិបានប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃពុធនេះថា ការឃាត់ខ្លួនអ្នកទាំងពីរមិនមែនជាការបំភិតបំភ័យដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទេ តែជាការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដែលអាចបណ្តាលឲ្យមានចលាចលនៅក្នុងសង្គម។
«រឿងនេះ រឿងរបស់សកល ហើយគាត់មួលបង្កាច់ គាត់និយាយហើយ គាត់និយាយបំផុសឲ្យភ័យ ហើយរឿងមិនពិត ធ្វើឲ្យប្រជាពលរដ្ឋចលាចល អានេះប៉ះពាល់ធ្ងន់ណាស់ ប៉ះពាល់ដល់បរិយាកាសសន្តិសុខ ទាំងមូលរបស់ប្រទេស នែ ហើយភាពភ័យខ្លាចប្រជាពលរដ្ឋ»។
លោក គឹមខឿន បានបន្ថែមថា ស្ត្រីឈ្មោះ ថៃ ឆយឿន ត្រូវបានដោះលែងដោយសារគាត់បានសារភាពថា គាត់មិនបានដឹងថា ព័ត៌មានដែលគាត់ចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ មានឥទ្ធិពលមិនល្អដល់សង្គម។
«ដូចនាងមួយនៅសៀមរាប គាត់ អាហ្នឹងគាត់ share គាត់ចុចតាមគេអីចឹងទៅ គាត់ comment ថែម គាត់បង្ហោះទៅ អាគេលុបបាត់ទៅ នៅតែគាត់អីចឹងទៅណ៎ា។ តែខ្ញុំមិនសូវយល់ដែរ អារឿងប្រព័ន្ធហ្នឹង ប៉ុន្តែគ្រាន់តែហើយទៅគាត់សារភាព គាត់ថា គាត់អត់ដឹងរឿងអីចឹង គាត់មិនយល់ថា អាការផ្សាយរបស់គាត់ហ្នឹងទៅ ធ្វើឲ្យប៉ះពាល់អីចឹង ចឹងកិច្ចសន្យាទៅ រួចអីចឹងអ្នកដទៃទៀត បើសិនជាពាក់ព័ន្ធធ្ងន់នឹងផ្លូវច្បាប់ អាហ្នឹងយើងប្រាកដជារុញទៅឲ្យព្រះរាជអាជ្ញាហើយ ឲ្យតុលាការគេធ្វើការហើយ»។
បើតាមរបាយការណ៍របស់មន្ត្រីប៉ូលិសដែលផ្សព្វផ្សាយនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ត្រីឈ្មោះ ថៃ ឆយឿន ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។
នៅថ្ងៃច័ន្ទដដែល មន្ត្រីនគរបាលនៅរាជធានីភ្នំពេញ បានចាប់ខ្លួន លោក កូយ សំអាត។ ការចាប់ខ្លួនលោក កូយ សំអាត កើតមានឡើងបីថ្ងៃ ក្រោយលោកបង្ហោះឃ្លីបវីដេអូមួយ ដែលបានបង្ហាញរូបលោកនិយាយថា កម្ពុជាគួរតែអរគុណវៀតណាម ព្រោះកុំតែបានវៀតណាមស្រែកថា ប្រទេសកម្ពុជាមាន Covid-19 ឬកូរ៉ូណាវីរុសទេ កុំអីពលរដ្ឋខ្មែរទូទាំងប្រទេសមិនដឹងថា កម្ពុជាមាន Covid-19 ឬកូរ៉ូណាវីរុសទេ។
លោកបាននិយាយក្នុងន័យដើមថា៖ «នេះសំណាងហើយដែលយួនស្រែកណ៎ា ថាប្រទេសកម្ពុជា មាន Covid-19 ឬក៏កូរ៉ូណា បើប្រជាជនធម្មតាស្រែកវិញ ប្រហែលជាតាមចាប់ទៀតហើយ»។
ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើសេចក្តីរាយការណ៍លើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក កូយ សំអាត អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១០ ខែមីនានេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ «ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌត្រូវផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តែលោកថា ជាប់ប្រជុំ។ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បដិសេធមិនផ្តល់ការអធិប្បាយ។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា ត្រូវបង្កើនការអប់រំពលរដ្ឋឲ្យយល់ច្បាស់ពីការឆ្លង និងការបង្ការកូរ៉ូណាវីរុសនេះ ជាជាងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការនិយាយស្តីរបស់ពួកគេអំពីមេរោគឆ្លងនេះ។
«អ្វីដែលគាត់បញ្ចេញមតិហ្នឹង វាអត់មានបង្កចលាចលឲ្យមានភាពវឹកវរអីទេ។ តាមពិតទៅ ប្រហែលជាគាត់មិនទាន់យល់ច្បាស់អំពី Covid-19 ឬក៏កូរ៉ូណាវីរុសហ្នឹង អាហ្នឹងហើយដែលទាមទារឲ្យមានការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋយល់ដឹងហ្នឹង អាហ្នឹងគឺជាវិធានការសំខាន់ ជាជាងអាការទប់ស្កាត់ដើម្បីកុំឲ្យចេញព័ត៌មានទាំងនោះ»។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ត្រូវបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា បានណែនាំឲ្យព្រះរាជអាជ្ញាទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងបុគ្គលណាដែលផ្សព្វផ្សាយព័ត៌មានក្លែងកា្លយ ទាក់ទិនការឆ្លងកូរ៉ូណាវីរុស ឬ Covid-19។
គិតមកត្រឹមល្ងាចថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស ឬCovid-19បីនាក់ ដែលមកស្នាក់នៅ រស់នៅ និងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងនោះមានពលរដ្ឋជនជាតិចិនម្នាក់ ខ្មែរម្នាក់ និងស្ត្រីជនជាតិអង់គ្លេសម្នាក់៕