មន្ត្រី​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​ត្រូវ​បាន​លុប​ឈ្មោះ​​​​​​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ

រូបឯកសារ៖ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅមុខ​គេហដ្ឋានរបស់​លោក ចេក រ៉ុច សមាជិក​ក្រុមប្រឹក្សាឃុំរ៉ុនតាឯកមកពីគណបក្សភ្លើងទៀន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប​ត្រូវ​បាន​សាលា​ខេត្ត​កណ្តាល និងស្ថាប័ន​រដ្ឋ​សភា ​លុប​ឈ្មោះ​ពួក​គេចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ និង​មន្ត្រី​រាជ​ការ។ ការណ៍នេះ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ថា​ ជា​ការ​ដាក់​គំនាប និងគំរាម​កំហែងផ្នែក​នយោ​បាយ​លើ​គណ​បក្ស​ប្រឆាំង។

លោក ផុន សុភា ជា​លេខាធិការ​ក្រុម​ការងារគណបក្ស​ភ្លើងទៀន​ខេត្ត​កណ្តាល ​ត្រូវបាន​លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ ដែលបម្រើ​ការ​នៅ​ទី​ចាត់​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​សាលា​ខេត្ត​កណ្តាល កាល​ពីថ្ងៃ​ទី​ ២០ ខែមេសា ​ឆ្នាំ ២០២៣។ នេះ​បើ​តាម​ដីកា​ស្តីពី​ការ​លុប​ឈ្មោះ​មន្ត្រីរាជការ​ស៊ីវិល​របស់​រដ្ឋ​បាល​ខេត្ត​កណ្តាល ចុះ​ថ្ងៃ​ទី​ ២០​ ខែមេសា ឆ្នាំ​ ២០២៣ ដែល​វីអូអេ​ទទួល​បាន។

បើ​តាម​ដីកា​ស្តី​ពី​ការ​លុបឈ្មោះ​មន្ត្រី​រាជការ​ស៊ីវិល​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ការ​លុប​ឈ្មោះ​លោក ផុន សុភា ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​រាជការ​នេះ គឺ​ដោយ​សារ​សាមី​ខ្លួន​បាន​ប្រព្រឹត្តផ្ទុយ​ពី​មាត្រា​ទី ៣៧ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

នៅ​ក្នុង​ករណី​មួយ​ទៀត លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ចេញ​សេចក្តី​សម្រេច​លុប​ឈ្មោះ លោក​ អ៊ី មុយលី ចេញ​ពី​តួនាទី​នៃមន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ស្រាវជ្រាវ​ច្បាប់​នៃ​នាយក​រដ្ឋ​ស្រាវ​ជ្រាវ​ច្បាប់​នៃ​អគ្គនាយក​ដ្ឋាន​នីតិ​កម្ម និង​ស្រាវជ្រាវ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា។ នេះ​បើ​តាមសេចក្តី​សម្រេចរ​បស់​រដ្ឋ​សភា ​ចុះថ្ងៃទី ៥​ ខែ​ឧសភា ដែល​វីអូអេ​ទទួល​បាន។ លោក​ អ៊ី ​មុយលី ​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ និង​ជា​សមាជិក​គណៈកម្មការ​នាយកគណបក្ស​ភ្លើង​ទៀន។

លោក ផុន សុភា ​អតីត​មន្រ្តី​សាលា​ខេត្ត​កណ្តាល ប្រាប់​វីអូអេ​ថា​ លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​លើក​ឡើង​ក្នុង​ដីកា​របស់​រដ្ឋ​បាល​ខេត្ត​កណ្តាល ​ដែល​ថា​លោក​ខុស​ត្រង់​មាត្រា​ ៣៧ ​នៃ​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ីវិល​នោះ​ទេ។ លោក​បន្ថែម​ថា​ លោក​មិន​ដែល​យក​ម៉ោង​ការងារ​រដ្ឋ ទៅ​បម្រើ​ការ​ងារ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ​ព្រោះ​លោក​ដឹង​ថា ​លោក​ជា​មុខ​សញ្ញា​ដែល​គេ​តាម​ដាន។

លោក​ចាត់​ទុក​ថា ​ការ​លុបឈ្មោះ​របស់​លោក ជា​ការ​ដាក់​គំនាប​ផ្នែក​នយោបាយ ហើយ​ការ​ដាក់​មូល​ហេតុ​ក្នុង​ដីកា គ្រាន់តែជា​ «លេស» ដើម្បី​ចង់​លុប​ឈ្មោះ​លោក​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​រាជការ​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ក្រសួង អាណាព្យាបាល​ គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ការ​គាំទ្រ​គណបក្ស​នយោបាយ​របស់​មន្ត្រី​រាជ​ការ​ក្រៅ​ម៉ោង​ការងារ​ វា​អ​ត់​មាន​អី​ខុស​ច្បាប់​ទេ។ ហើយ​កុំ​យក​មូលហេតុ​ហ្នឹង​ទៅ​លុប​ក្រប​ខណ្ឌ​ ឬក៏​ដាក់​សម្ពាធ​ទៅ​លើមន្ត្រី​ដែលមាន​និន្នាការ​ខុសគ្នា ព្រោះ​គាត់​បម្រើជាតិ​ដូចគ្នាទេ គ្រាន់​ជា​ទស្សនៈ​ខុសគ្នា​នៅ​ក្នុង​ការ​យល់​ឃើញ​ វិធីសាស្ត្រនៅ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ។ អ៊ីចឹង​ក្នុង​នាម​យើង​ជាថ្នាក់ដឹកនាំ ក្នុង​នាម​យើង​ជា​អ្នក​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ»។

លោក​បន្ថែម​ថា មុន​ពេល​លោក​ទទួល​បាន​ដីកា​លុប​ឈ្មោះ​នេះ ​លោកមិន​ដែល​ឃើញ​មា​នការ​ប្រើ​ប្រាស់នីតិវិធី​កោះ​ហៅ ​និង​សាក​សួរ​អ្វី​ទាំង​អស់​ ​ទាក់​ទង​កំហុស​ត្រង់មាត្រា​៣៧ ​នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ហើយ​មិន​មាន​អ្នក​ណា​បញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់​ដល់​លោក​នោះ​ទេ​ ដោយ​គ្រាន់​តែ​ប្រាប់​លោកថា​ជា​ «បញ្ជា​ថ្នាក់លើ»។

លោក​បន្ត​ថា៖ «សូម្បី​តែ​អ្នក​លុប​ខ្ញុំ ក៏​គាត់​គ្មាន​មូលហេតុអ្វី​មក​និយាយ​ជាមួយខ្ញុំ​ ពី​រឿង​លុប​ក្រប​ខណ្ឌ​ខ្ញុំ​ហ្នឹងដែរ ពី​ព្រោះ​ពេល​ដែល​គេ​ហៅ​ខ្ញុំ​ទៅ​យក​ដីកា​ហ្នឹង​ គេ​អត់​និយាយ​ថា​ខ្ញុំ​ខុស​ស្អីទេ​ គេ​និយាយ​ថា ​បញ្ជា​មក​ពី​លើ។ ខ្ញុំ​សួរ​ថា​ខុស​អី? គេ​ថា​អត់​មាន​ខុស​អីទេ​ គេ​ថា​បញ្ជា​មេ​គេ​មក​ពី​លើ»។

លោក​ថា ​បើ​សិន​ជា​ការ​លុប​ឈ្មោះ​របស់​លោក ​ដោយ​សារ​ការ​ប្រកាន់​និន្នាការ​នយោបាយ ​នោះ​វា​គឺ​ជា​រឿង​អយុត្តិ​ធម៌​ណាស់​សម្រាប់​លោក ព្រោះ​ទាំង​អភិបាល​ខេត្ត​កណ្តាល​ និង​មន្ត្រី​សាលា​ខេត្ត​សុទ្ធ​តែ​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។

លោក អ៊ី មួយលី ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋសភា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ លោក​ក៏​មិន​ទាន់ដឹង​ពី​មូល​ហេតុ​អ្វី​ឱ្យ​ច្បាស់​នៅ​ឡើយទេ ​ទាក់​ទង​ការ​លុប​ឈ្មោះ​របស់​លោក​ ព្រោះ​មិន​មាន​ការ​បញ្ជាក់​មូលហេតុ​អ្វី​ដល់​រូប​លោក ពី​ខាង​ស្ថាប័ន​រដ្ឋសភា។

លោក​ក៏​អះអាង​ថា​ លោក​មិន​ដែល​ធ្វើ​ខុស​លក្ខន្តិកៈ​អ្វី​នោះ​ទេ ​រហូតដល់​ពេល​លោក​ធ្វើ​ច្បាប់​ឈប់​ពិសេស​ ដើម្បី​ការ​បោះ​ឆ្នោត​ ស្រាប់​តែ​រដ្ឋសភា​ចេញ​សេចក្តី​សម្រេច​លុបឈ្មោះ​លោក​តែ​ម្តង។ លោក​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។

​លោក​ថ្លែង​ថា៖ «គឺ​ជា​ការ​គំនាប ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​តែម្តង ព្រោះ​ថា ​ច្បាប់​បាន​ចែង​ច្បាស់​ហើយ ​គឺ​រាល់​សាសនា មន្ត្រី​រាជ​ការ​ ប៉ូលិស​ទាហាន​គ្រូ​បង្រៀន កាល​ណា​គាត់ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឱ្យ​គណ​បក្ស​ណាមួយ​ គឺ​ច្បាប់​តម្រូវ​ឱ្យ​សុំ​ច្បាប់​ឈប់​ពិសេស ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ជូ​ន​គណបក្ស​រហូត​ដល់ប្រកាស​លទ្ធផល​ជាផ្លូវ​ការ»។

លោក អ៊ី មួយលី ​ដែល​ធ្លាប់​ជា​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ មុន​ពេល​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ឱ្យ​ដឹង​ទៀត​ថា​ លោក​បាន​ធ្វើ​លិខិត​សុំ​ច្បាប់​ពិសេស ដើម្បី​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ ៣ ខែ​កក្កដា ឆ្នាំ​ ២០២៣​ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​ពាក្យ​សុំ​ច្បាប់​របស់​លោក ចុះ​ថ្ងៃ​ទី​ ២៤ ខែ​មេសា ឆ្នាំ​ ២០២៣។ លោក​បញ្ជាក់​ថា​ ដោយ​សារ​លិខិត​មួយ​ច្បាប់​នេះ លោក​ត្រូវ​បាន​រដ្ឋសភា​លុប​ឈ្មោះ​ចេញ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ប្រាប់​វីអូអេ​ថា​ ការ​លុប​ឈ្មោះ លោក អ៊ី មួយលី ដោយ​សារ​តែ​ធ្វើ​ខុស​លក្ខន្តិកៈ​មន្ត្រី​នីតិប្បញ្ញត្តិ ដោយ​ហេតុថា ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ណា​ក៏​ដោយ មិន​ថា​គណ​បក្ស​ប្រឆាំង ឬគណបក្ស​កាន់អំណា​ច​ គឺ​មិន​អាច​ធ្វើ​មន្ត្រី​រាជ​ការ​នៅ​សភា​បាន​ទេ។

លោក​ថ្លែង​ថា៖ «កាល​ណា​យើង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស...មិន​អាច​ធ្វើ​មន្ត្រី​រាជការ​នៅ​សភា​បាន​ទេ នៅ​នីតិប្បញ្ញត្តិ​នេះ​បាន​ទេ។ អ៊ីចឹង​មែន​ទែន​ទៅ​ គាត់​ត្រូ​វតែ​លាលែង​តាំង​ពី​គាត់​ចូល​ជា​សមា​ជិក​នៃ​គណៈកម្មការនាយក​របស់​គណ​បក្ស​ណា​ហ្នឹង ​គាត់​ត្រូវ​លា​លែង ប៉ុន្តែ​គាត់​មិន​បាន​លា​លែង​ មែន​ទែន​ទៅ​ខ្ញុំ​អាច​ពិន័យ​គាត់​បាន ដោយ​សារ​គាត់​មិន​បាន​លា​លែង​ពេល​ហ្នឹង។ ប៉ុន្តែ​ឥឡូវ​គាត់​ដាក់​ពាក្យ​ជា​សាធារណៈ ​ជា​ផ្លូវ​ការ ​ខ្ញុំ​មើល​ទៅថា​វា​ខុស ខុស​នៅ​ក្នុង​លក្ខន្តិកៈមន្ត្រី​ នីតិប្បញ្ញត្តិ​ គឺ​អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវ​តែ​លុប​ឈ្មោះ​ចោល»។

​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើងទៀន លោក ​គីមសួរ ភិរិទ្ធ ចាត់​ទុក​ករណី​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ និង​មន្ត្រី​រាជ​ការ​នេះ គឺជា​ការ​រើស​អើង​នយោបាយ​ និង​ជាការ​គំរាម​កំហែង​ខាង​ផ្លូវចិត្ត និង​ជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារពីរ​ ដែល​មិនឆ្លើយ​តប​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ ហើយ​ចំណាត់​ការ​ទាំង​នេះ​ក៏​ឆ្លុះ​បង្ហាញ​ថា គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិ​ន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​នោះ​ទេ។

លោក​ប្រាប់វី​អូអេ​ថា៖ «យើង​ដាក់​សំណួរ​ទៅ​វិញ ​ចុះ​បើគេ​ថាអ៊ី​ចឹង [ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌដោយ​សារ​ខុស​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល] ចុះ​មន្ត្រីៗ​ដទៃ​ទៀត ​ដែល​ចូល​បម្រើ​គណបក្ស​កាន់​អំណាច​ តើ​វា​រំលោភ​ទេ? វាប៉ះ​ពាល់​ទេ? ហើយ​អ្នក​ខ្លះ​ជា​សមាជិក​អចិន្ត្រៃយ៍បក្ស​ផង​នៅ​កាន់​ការងារ​ម៉ា​កំភ្លួស។ ទេ​មិន​មែន​ទេ [​ករណី​លុប​ឈ្មោះ​នេះ] គឺ​ជា​ការ​រើស​អើង​នយោ​បាយ គឺជា​ការ​គំរាម​កំហែង​ខាង​ផ្លូវ​ចិត្ត»។

ការ​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ​ទៀត មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ដែល​គណបក្ស​ភ្លើងទៀន​ត្រូវបាន​ចាត់ទុក​ជា​ដៃគូ​ប្រជែង​មួយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕