សកម្មជនគណបក្សភ្លើងទៀន ២ នាក់ ត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការសង្ស័យថា«ការក្លែងបន្លំឯកសារសាធារណៈ» និង«ប្រើប្រាស់ឯកសារក្លែង» នៅក្នុងសំណុំរឿងពីរផ្សេងគ្នា ដែលសំណុំរឿងមួយត្រូវបានប្តឹងផ្តល់កាលពីខែមេសា ឆ្នាំ ២០២២។ សមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនពួកគេទៅតុលាការ នៅថ្ងៃអង្គានេះ ដើម្បីបន្តនីតិវិធី។ នេះបើតាមអាជ្ញាធរ ក្រុមគ្រួសារ និងគណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួននេះ ជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង។
លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ដែលត្រូវបានអាជ្ញាធរប្រមាណ ២០ នាក់ចាប់ខ្លួន នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងជាង ៣ រសៀល នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមិនបង្ហាញដីកា។
ចំណែកអ្នកស្រី ឆាយ ចិន្តា ប្រធានចលនាស្ត្រីខណ្ឌជ្រោយចង្វារត្រូវបានអាជ្ញាធរចាប់ខ្លួននៅទីស្នាក់ការគណបក្សខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាផ្ទះរបស់អ្នកស្រី វេលាម៉ោងប្រមាណ ៤ រសៀល នៅថ្ងៃទី ១៥ ខែមករាដូចគ្នា។ នេះបើតាមគណបក្សភ្លើងទៀន និងអ្នកពាក់ព័ន្ធ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរបានឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្ដា តាមពាក្យបណ្តឹងរបស់ពលរដ្ឋចំនួន៣នាក់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈលើឯកសារឈរឈ្មោះធ្វើជាបេក្ខជនបម្រុងឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ផ្សារថ្មីទី ៣ ដែលអ្នកប្តឹងថាមិនបានដឹងខ្លួនអំពីការឈរឈ្មោះនោះទេ។
លោកថ្លែងថា៖ «បាទ! ពេលម្សិលមិញ យើងមានការឃាត់ខ្លួនពួកគាត់ទាំងពីរនាក់ បញ្ជូនទៅតុលាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន និងមួយទៀតបញ្ជា បង្គាប់ឱ្យចាប់ខ្លួន»។
លោកបន្ថែមថា៖ «ការពិតសាមីខ្លួន គេមិនដឹង គេហៅថាឈរឈ្មោះទេ។ គាត់[លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្ដា] យកឈ្មោះ ហើយស្នាមមេដៃក្លែងបន្លំយកទៅដាក់[ឈរឈ្មោះ] ដល់ពេលអ៊ីចឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ហើយធ្វើកោសល្យវិច័យ ស្នាមមេដៃ ហើយហត្ថលេខាហ្នឹង គឺគាត់មានការក្លែងបន្លំ»។
លោកសុំមិនបញ្ជាក់អត្តសញ្ញាណរបស់ដើមបណ្តឹង ដោយថាជា«ការរក្សាសិទ្ធិជនរងគ្រោះ»។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញរូបនេះ បន្ថែមថា អាជ្ញាធរបានបញ្ជូនសកម្មជនគណបក្សភ្លើងទៀនទាំង២រូបនេះទៅតុលាការកាលពីព្រឹកថ្ងៃអង្គារ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
កូនប្រុសច្បងរបស់លោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម ចាន់សុវណ្ណមង្គល អាយុ ២១ ឆ្នាំ ស្នើឱ្យអាជ្ញាធរដោះលែងឪពុករបស់លោកឱ្យមានសេរីភាពវិញ ដោយលោកថាឪពុករបស់លោក មិនបានធ្វើអ្វីខុស ដូចការចោទប្រកាន់ឡើយ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ខ្ញុំសំណូមពរឱ្យខាងអាជ្ញាធរជួយមើលឡើងវិញ ហើយដោះលែងគាត់ឥតលក្ខខណ្ឌ ព្រោះការពិតមិនមានការក្លែងបន្លំឯកសារស្អីទេ»។
ចំណែកកូនស្រីរបស់សកម្មជនឆាយ ចិន្ដា អ្នកស្រី ធឿន ចាន់បរមី អាយុ ៣១ ឆ្នាំ ក៏ស្នើឱ្យដោះលែងម្តាយរបស់អ្នកស្រី ឱ្យមានសេរីភាពវិញ ព្រោះម្តាយអ្នកស្រីមានអាយុ ៦០ ឆ្នាំ និងមានជំងឺប្រចាំកាយ។
អ្នកស្រីថា៖ «សូមដោះលែងគាត់មកវិញមក ពីព្រោះរាល់ថ្ងៃនេះគាត់ឈឺដែរទេ គាត់អត់មានសុខភាពល្អទេ គាត់ប្រើថ្នាំប្រចាំថ្ងៃ»។
សំណុំរឿងរបស់អ្នកស្រី ឆាយ ចិន្ដា បានកើតឡើងតាំងពីខែមេសា ឆ្នាំ ២០២២ ហើយតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រី តាំងពីខែតុលា ឆ្នាំមុន។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើហេតុអ្វីបានជាអ្នកស្រីទើបត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។
គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនសកម្មជនបន្ថែមទៀតនេះ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងធ្វើឱ្យបរិយាកាសនយោបាយអាប់អួរបន្ថែមទៀត មុនការបោះឆ្នោតអសកលឆ្នាំ ២០២៤ ទាំងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាខែឧសភា ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេថា ការចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀន២នាក់បន្ថែមទៀតនេះ គឺជាការធ្វើទុក្ខបុកម្នេញ និងប៉ះពាល់សិទ្ធិធ្វើនយោបាយក្នុងប្រទេសកម្ពុជា។
បើតាមលោក លី សុធារ៉ាយុត្តិ រហូតមកដល់ពេលនេះ សកម្មជននិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជាង ១០ នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «រូបភាពនៃការចាប់ខ្លួនបែបហ្នឹង គឺចង់មិនចង់ គឺវាប៉ះពាល់ដល់សិទ្ធិសេរីភាព ធ្វើនយោបាយជាមួយគណបក្សនយោបាយជំទាស់ហើយ។ មិនមែនត្រឹមតែប៉ះពាល់ដល់គណបក្សនយោបាយទេ វាប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋទាំងមូលដែលគេមើលឃើញថាការចាប់ខ្លួនចេះតែបន្តធ្វើការចាប់ខ្លួន ជាពិសេសទៅលើគណបក្សជំទាស់»។
លោក លី សុធារ៉ាយុត្តិ ក៏អំពាវនាវឱ្យមានការដោះលែងសកម្មជនទាំង ២ នាក់នេះ ឱ្យមានសេរីភាពឡើងវិញ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរនៅមុនការបោះឆ្នោត។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក កត់សម្គាល់ឃើញថា នៅពេលជិតមានការបោះឆ្នោត ទាំងសកល និងអសកល គឺតែងតែមានករណីបែបនេះ ដែលសមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងពីបទផ្សេងៗ ជាក់ស្ដែងដូចជាករណីក្លែងបន្លំឯកសារជាដើម។ អ្នកឃ្លាំមើលសិទិ្ធមនុស្សមើលឃើញថាស្ថានភាពនយោបាយនៅកម្ពុជាបានធ្លាក់ចុះតាំងពីឆ្នាំ ២០១៧ ពោលនៅពេលគណបក្សជំទាស់គឺអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។
កាលពីសប្តាហ៍មុន អង្គការសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដោយលើកឡើងថាការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីពនៅតែកើតមានឡើង។ អង្គការនេះរិះគន់ថាស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមាន«ភាពយ៉ាប់យ៉ឺនបន្ថែមទៀត»ក្នុងឆ្នាំ ២០២៣។ អង្គការនេះអះអាងថានាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង ៤ ខែ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ៕