ចម្រៀង​មនោសញ្ចេតនា​ថ្មី​ពីរ​បទ​បង្ហាញ​ពី​ការ​តស៊ូ​នៃ​អតីត​តំបន់​ខ្មែរ​ក្រហម​ចុង​ក្រោយ​ក្នុង​ស្រុក​អន្លង់​វែង

  • នៅ វណ្ណារិន

រូបថតថត​ពី​ចម្រៀង​ទី១​ស្តីពី​ស្រុក​អន្លង់​វែង​ ដែល​មាន​ចំណង​ជើង​ថា​«អន្លង់វែង​ស្នេហា»។​ អន្លង់វែង​ជា​តំបន់​ផ្តាច់​ខ្លួន​ចុង​ក្រោយ​របស់​ក្រុម​ខ្មែរ​ក្រហម។​ ​(រូបភាព​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា)​

លោក​ ​ឆាំង យុ​ ​បញ្ជាក់​ថា ​អត​្តសញ្ញាណ​នៃ​អតីតកាល​និងព្រឹត្តិការណ៍​ឈឺ​ចាប់​របស់​ស្រុក​អន្លង់វែង​ត្រូវ​បាន​សាប​រលាប​បន្តិចម្តងៗ​ ​ដោយ​សារតែ​សារៈសំខាន់​នៃ​ការ​វិវត្ត​សេដ្ឋកិច្ច​និងជីវភាព​រស់​នៅ​

បទចម្រៀង«អន្លង់វែង​ស្នេហា»​ គឺ​ជា​បទ​ចម្រៀង​ថ្មី​១​ក្នុង​ចំណោម​ពីរ​បទ​ដែល​បាន​រៀប​រាប់​ពី​មូលដ្ឋាន​ដ៏​រឹងមាំ​ចុង​ក្នុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​បំផុត​របស់​ប្រ​ទេស​កម្ពុជា​ជាប់​ទល់​ដែន​ថៃ។​ ​បទ​ចម្រៀង«អន្លង់​វែង​ស្នេហា»​ ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ តាម​ទំព័រ​ហ្វេស​ប៊ុក​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ​ដែល​ជា​កម្ម​វិធី​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ឬ​ DC-Cam។​

លោក​ ​ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ផលិត​បទ​ចម្រៀង​ទាំង២​នេះ​ ​បាន​ប្រាប់​ VOA​ ​ថា​ចម្រៀង​ទី​១ «អន្លង់វែង​ស្នេហា» ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​រៀបរាប់​ពី​ក្តី​សេ្នហា​របស់​បុរស​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​និង​នារី​មួយរូប​ ដែល​មាន​សម្រស់​ល្អ​ផូរផង់។ អ្នក​និពន្ធធៀប​បុរស​នោះ​ទៅ​នឹង​អតីត​ខ្មែរ​ក្រហម​ដែល​រស់នៅ​តំបន់​អន្លង់វែង​ ​ឯស្ត្រី​ដ៏​ស្រស់​ផូរផង់​គឺ​ជា​សង្គម​កម្ពុជា​និងរដ្ឋា​ភិបាល​កម្ពុជា​ដែល​ទាក់ទាញ​ឱ្យ​ក្រុម​ខ្មែរ​ក្រហម​ចុង​ក្រោយ​សុខចិត្ត​ទំលាក់​អាវុធ​ចូល​រួមរស់​ជា​មួយ​វិញ។​

​លោក​ ​ឆាំង យុ​ ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូណិក​ឬ​ ​email​ ​មក​កាន់​ ​VOA​ ​ក្នុង​ន័យដើម​យ៉ាង​ដូច្នេះ៖​

​«សាច់​រឿង​នេះ​ជា​និមិត្ត​រូប​ ​នៃ​អន្លង់វែង​បន្ទាយខ្មែរក្រហម​ដ៏ខ្លាំងក្លា​ចុង​ក្រោយ​បង្អស់​ ​បាន​ទម្លាក់​អាវុធ​ចុះ​ ​ហើយ​ប្តេជ្ញាចិត្ត​រួមរស​ក្នុង​សង្គមជាតិ​ ​តាម​ការ​សន្យាមួយ។​ តាម​ច្រើន​ទម្រង់ បទ​ចម្រៀង​នេះ​បាន​បង្ហាញ​ថា​ ​ការ​សន្យានោះមិន​ត្រូវ​បាន​បំពេញ​ជូន​ពួក​គាត់​នោះ​ទេ»។​

អន្លង់វែង​ជា​តំបន់​ចុងក្រោយ​បង្អស់​របស់​ខ្មែរ​ក្រហម​ ​ក្រោយ​ពី​ការ​ផ្តាច់​ខ្លួន​របស់​ក្រុម​ខ្មែរ​ក្រហម​មួយ​ចំនួន​ធំ​នៅ​តំនប់​ម៉ាឡៃ​ ​សំឡូត​ ​និង​ខេត្ត​ប៉ៃលិន​ ​ក្នុង​ឆ្នាំ​១៩៩៦។​ ​វា​ជាទី​លំនៅ​របស់​អតីតមេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ រួម​មាន​ ​ប៉ុល ពត​ ​នួន ​ជា​ ​និង​ ​តាម៉ុក។​ ​មេដឹក​នាំ​នៃ​របប​វាលពិឃាដ​ ​ប៉ុល ពត​ ​ត្រូវ​បាន​ទុក​ឱ្យ​រស់​នៅ​ក្នុង​ខ្ទម​មួយ​លើ​ខ្នង​ភ្នំ​ដងរែក​ ​រហូត​ដល់​ស្លាប់​នៅ​ឆ្នាំ​១៩៩៨​ ​ក្រោយ​ការ​កាត់ទោស​មួយ​ដោយ​តុលាការ​ប្រជាជន។​ ​

ប៉ុន្មាន​ខែ​ក្រោយ​មក​ ថ្នាក់​ដឹកនាំ​ខែ​ក្រហម​ដែល​នៅ​សេស​សល់​បាន​សម្រេច​ធ្វើ​សមាហរណ​កម្ម​ ​និង​បញ្ចប់​សង្គ្រាម​ស៊ីវិលដែល​អូស​បន្លាយ​ជិត​៣០ឆ្នាំ។​ ​នាគ្រា​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​បាន​សន្យាថា​នឹង​មិនយក​ទោសពៃរ៍​ដល់​ក្រុម​ខ្មែរ​ក្រហម​ចុង​ក្រោយ​ ហើយ​ឱ្យ​ពួក​គេ​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុង​តំបន់​នោះ​ជា​មួយអ្វី​ដែល​ពួក​គេ​មាន។​

យ៉ាង​ណា​ក៏​ដោយ ​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​របប​ខែ្មរ​ក្រហម​មួយ​ចំនួន​រួមទាំង​ ​នួន ជា​ ​តា ម៉ុក​ ​ខៀវ សំផន​ ​អៀង សារី​ ​អៀង ធារិទ្ធិ​ ​ត្រូវ​បាន​នាំមក​កាត់​ទោស​ក្នុង​រាជាធានី​ភ្នំពេញ ដោយ​សាលា​ក្តី​កូនកាន់​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជា​ជាតិ។​ ​ក៏ប៉ុន្តែ​មេដឹក​នាំ​ខ្មែរ​ក្រហម​កំពូលៗ​មួយ​ចំនួន​ធំ​បាន​ស្លាប់​មុន​ការ​កាត់ទេស​ជា​បន្តបន្ទាប់​ ​ដោយ​ឡែក​ ​កាំង ហ្គិចអ៊ាវ ​ហៅ​ឌុច​ ​មេគុក​ទួលស្លែង​ត្រូវ​បាន​កាត់​ទោស​ដាក់​គុក​អស់​មួយ​ជីវិត​ ​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង​ ​ឬ​ ​ស-21។​ ​ក្រោយ​ការ​ស្លាប់​របស់​បង​ធំ​ទី២ នួន ជា​ ​កាលពី​ដើម​ខែ​សីហា​កន្លង​ទៅ​ ​សព្វ​ថ្ងៃ​នេះ​មាន​តែ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មួយ​រូប​គត់​គឺ​ ​ខៀវ សំផន​ ដែល​បន្ត​ការ​កាត់​ទោស​ក្នុង​វ័យ​ចាស់​ជរា។​

​អ្នក​និពន្ធ​ចម្រៀង​លោក​ ​ស៊ុំ សារឿន​ ​និង​ ​លោក​ ​ឆាំង យុ​ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថតរូប​ជាមួយ​គ្នា​នៅ​មុខ​ ​មជ្ឈមណ្ឌលសន្តិភាព​អន្លង់វែង​ ​ពេល​ចុះ​ស្រាវជ្រាវ​និពន្ធ​បទ​ចម្រៀង​ថ្មីពីរ​បទ។​ ​(រូបភាព​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា)

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ ​ឆាំង យុ​ ​បទ​ចម្រៀង​ទីពីរ​ដែល​នឹង​ចេញផ្សាយ​នា​ពេល​ខាង​មុខទៀត​នោះ​គឺ​ ​«គ្មាន​ឥន្ទធនូស្នេហ៍»។​ ​បទនេះ​បាន​ធៀប​បញ្ច្រាស​មកវិញ​ដោយ​ស្ត្រី​ដែល​ជា​នារី​ជនបទ​ និង​ជា​អតីត​ខ្មែរ​ក្រហម​នៅ​ស្រុក​អន្លង់វែង​ ​ហើយ​បុរស​ទីក្រុង​គឺ​ជា​ប្រទេស​កម្ពុជា ​ដែល​ចេចូវ​ក្រមុំ​អន្លង់​វែង។​ ​តួអង្គ​ស្ត្រី​យល់​ថា​ បុរស​ទីក្រុង​គឺ​ជា​គូ​ដែល​ទេវតា​ចារ​ពីព្រេងព្រឹទ្ធ​ ​ហើយ​ពួកគេ​បាន​រួមរស់​នៅ​ជា​មួយ​គ្នាយ៉ាង​សុខដុម​នៅ​តំបន់​ដែល​ព័ទ្ធដោយ​ព្រៃ។​ ​ក៏ប៉ុន្តែ​បុរស​ទីក្រុង​ធៀប​បាន​នឹង​ឥន្ទធនូ​ដែល​គ្មាន​ស្នេហ៍ វា​តែង​តែ​រលាយ​បាត់​រូប​កាយ​ក្រោយ​ភ្លៀង។​

លោក​ ​ឆាំង យុ​ ​បញ្ជាក់​ថា ​អត​្តសញ្ញាណ​នៃ​អតីតកាល​និងព្រឹត្តិការណ៍​ឈឺ​ចាប់​របស់​ស្រុក​អន្លង់វែង​ត្រូវ​បាន​សាប​រលាប​បន្តិចម្តងៗ​ ​ដោយ​សារតែ​សារៈសំខាន់​នៃ​ការ​វិវត្ត​សេដ្ឋកិច្ច​និងជីវភាព​រស់​នៅ​ ​ហើយ​ក្មេង​ជំនាន់​ក្រោយ​ដែល​កើត​ក្នុង​ស្រុក​អន្លង់វែង​មិន​សូវជា​យក​ចិត្តទុក​ដាក់ទាក់​ទិននឹង​ប្រវត្តិ​ ​បញ្ហា​ខ្មែរ​ក្រហម​ឬ​ជន​រងគ្រោះ​ដែល​នៅ​មាន​ការ​ឈឺចាប់​ពីរ​បប​នេះ​នៅ​ឡើយ។​

លោក​ ​ឆាំង យុ​ ​បន្ត​ថា៖​

​«ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ភាគ​ច្រើនពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​ ​ហើយ​ជា​មួយ​នឹង​ការផ្លាស់​ប្តូ​រនេះ​ ​វា​បាន​ផ្លាស់​ប្តូរ​ការយក​ចិត្តទុក​ដាក់​របស់​ប្រជាជាតិ​ ​ការប្តេជ្ញាចិត្ត​ ​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រទេស​ទាំង​មូល​ ​ចំពោះ​តំបន់​ខ្មែរ​ក្រហម​បាន​រសាត់បាត់​ទៅៗ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​បទ​ចម្រៀង​ថ្មី​ពីរ​បទ​ដែល​និពន្ធ​ដោយ​អ្នក​និពន្ធ​ជំនាន់​ចាស់​ ​គឺ​លោក​ ​ស៊ុំ សារឿន​ ​ក៏​ដូចកម្ម​វិធី​អប់រំ​ផ្សេងៗ​តាម​រយៈ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ​វា​នឹង​អាចរួម​ចំណែក​ក្នុង​ការ​ផ្សះផ្សារ​ផ្លូវចិត្ត​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​និង​សង្គម​ខ្មែរ។​

«ចម្រៀង​ទាំង​ពីរ​បទ​នេះ​គឺ​សម្រាប់​ប្រាប់​ដល់​ការ​តស៊ូ​របស់​កម្ពុជា​ក្នុង​ការស្វែង​រក​ផ្សះ​ផ្សារ​សម្រាប់​ខ្លួន​ឯង​រវាង​អតីតកាល​និង​បច្ចុប្បន្ន​ផង។​ ​ចម្រៀង​នេះ​ក៏​មាន​គោល​បំណង​ ​ដើម្បី​អប់រំ​ពី​ការ​តស៊ូ​ប្រវត្តិ​សាស្ត្រ​ ​និង​ជំរុញ​ឱ្យ​កម្ពុជា​រិះរក​វិធី​ផ្សេងៗ​ដើម្បី​ ​ជៀស​វាង​ការ​ជាន់ដាន​ប្រវត្តិ​សាស្ត្រ​កាល​ពី​អតីត​ ​ជា​ពិសេស​ដើម្បី​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​អាច​រស់​នៅ​បាន​ប្រសើរ​ជាង​នេះ»។​

គិតត្រឹម​ឆ្នាំ​ ​២០១៥​ ​ស្រុក​អន្លង់វែង​ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្ត​ឧត្តរមានជ័យ​ ​មាន​ប្រជា​ពលរដ្ឋ​ជាង​៩​ពាន់​គ្រួសារ​ ​ស្មើ​នឹង​ ​៤២.០០០​នាក់​ ​ហើយ​ ​៧០​ ​ទៅ​៨០​ភាគរយ​គឺ​ជា​អតីត​ខ្មែរ​ក្រហម។​ ​ក្រោយ​ការ​ឈឺ​ចាប់​ក្នុង​ភ្លើង​សង្គ្រាម​និង​ការតស៊ូ​រយៈពេល​២១​ឆ្នាំ​មក​នេះ​ ​អន្លង់វែង​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ជា​មួយ​សក្តា​នុពល​ផ្នែក​កសិកម្ម​ ​ដោយ​សារ​តែ​ផ្ទៃ​ដំណាំ​ដ៏​ធំល្វឹង​ល្វើយ​របស់​ខ្លួន។​ ​ជាមួយ​នឹង​ប្រវត្តិ​សាស្ត្រ​ដែល​ខ្លួន​បាន​ឆ្លង​កាត់​ ​អន្លង់វែង​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ចូល​ទស្សនា​ទីតាំង​ខ្មែរ​ក្រ​ហម​ចុង​ក្រោយ​មួយ​ចំនួន​ផង​ដែរ៕