អត្តសញ្ញាណ​ថ្មី​ពីរ​ទៀត​លេច​​ឡើង​ក្នុង​ការប្រជុំ​នៅ​អគារ Trump Tower

លោក​ Donald Trump Jr. មកដល់អគារ​ត្រាំ ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃទី​១៨ មករា ២០១៧។

គេ​បាន​រាយការណ៍​ថា​មានមនុស្សម្នាក់ទៀត​បានចូលរួម​ក្នុង​ជំនួបមួយ​ក្នុង​អាគារ Trump Tower ដែល​បានកើត​មានឡើង​កាល​ពី​ខែមិថុនា​ឆ្នាំ ២០១៦ ​រវាង​ពួក​សមាជិក​ក្រុម​អ្នកឃោសនា​បោះឆ្នោតប្រធានាធិបតី​ឱ្យ​ Donald Trump និង​មេធាវី​រុស្ស៊ី​ម្នាក់​នៅ​ពេលមានការ​ពិភាក្សា​គ្នាច្រើនអំពី​ថា​តើក្រុម​អ្នកឃោសនា​បោះឆ្នោតនេះបានធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​កិច្ច​ខិតខំប្រឹងប្រែងណាមួយ​របស់​រុស្ស៊ី​ដើម្បី​ឱ្យមាន​ឥទ្ធិពលលើ​ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពីឆ្នាំ​ទៅ​មិញ​ឬទេ។​

កាលពី​ថ្ងៃ​សុក្របណ្តាញ​ផ្សាយ​ព័ត៌មាន​ពីរ​បាន​បង្ហាញ​អត្តសញ្ញាណ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី​ពីរនាក់​គឺ​ឈ្មោះ​ Anatoly Samochornov និង​ឈ្មោះ​ Rinat Akhmetshin ថាបានអម​ដំណើរ​មេធាវី​រុស្ស៊ី អ្នកស្រី​ Natalia Veselnitskaya ទៅ​កាន់ជំនួប​នោះដែល Donald Trump Jr. បាននិយាយ​ពី​ដំបូង​ថា​គ្រាន់តែ​និយាយ​អំពី​ការ​ហាមប្រាម​របស់​រុស្ស៊ី​មិនឱ្យជនជាតិអាមេរិកាំង​យក​ពួក​ក្មេងៗរុស្ស៊ី​មក​ចិញ្ចឹម។

ក្នុង​សប្តាហ៍​នេះ​ Trump Jr. បានប្រាប់ឱ្យ​ដឹង​ថា​គាត់​បានចូល​រួម​ក្នុង​ការប្រជុំគ្នា​នេះ​ដោយសារគាត់​បានត្រូវសន្យា​ថានឹងមានការ​ប្រាប់ឱ្យគាត់ដឹង​អំពីព័ត៌មាន​មិនល្អ​ខ្លះ​អំពី​លោកស្រី Hillary Clinton ដែលជា​គូ​ប្រជែង​របស់ Trump។​

Rinat Askmetshin បាននិយាយ​ប្រាប់កាសែត​ The Washington Post កាលពី​ថ្ងៃ​សុក្រ​ថា​គាត់បានចូល​រួម​ក្នុង​ជំនួបនេះ​ក្រោយ​ពី​មុខនាទី​របស់​គាត់​បានត្រូ​វ​រាយការណ៍​ដោយ​ប្រភព​ព័ត៌មានឯទៀតៗ។​ MSNBC បានរាយការណ៍​កាល​ពី​យប់ថ្ងៃសុក្រ​ថា​អ្នកបកប្រែភាសាម្នាក់ឈ្មោះ Samochornov ក៏មាន​វត្តមានដែរ៕