កម្ពុជារកឃើញការឆ្លងវីរុសកូវីដ១៩ (COVID-19) ចំនួនពីរករណីបន្ថែមទៀត កាលពីអាធ្រាត្រថ្ងៃពុធ ដែលអ្នកឆ្លងនោះគឺប្តីប្រពន្ធជនជាតិអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ។
ការរកឃើញករណីថ្មីទាំងពីរ ដែលជាបុរសជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេសអាយុ ៦៩ឆ្នាំ ជាប្តី និងប្រពន្ធ គឺស្របពេលដែលអង្គការសុខភាពពិភពលោកប្រកាសហៅការរីករាលដាលនៃជំងឺកូវីដ១៩នេះថា ជារោគរាតត្បាតសកល។
ករណីទាំងពីរនេះធ្វើឲ្យកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ (COVID-19) សរុបចំនួន៥ករណីត្រឹមថ្ងៃនេះ។ សំណាករបស់ពួកគេទាំងពីរនៅក្នុងចំណោមសំណាកចំនួន៥៩ ដែលត្រូវបានប្រមូលម្សិលមិញពីអ្នកនៅលើនាវា Viking Cruise Journey ដែលចតនៅខេត្តកំពង់ចាម។
ការប្រមូលសំណាកមនុស្សទាំងអស់នៅក្នុងនាវានេះធ្វើឡើង ក្រោយស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញថា មានផ្ទុកកូវីដ១៩ ដោយស្ត្រីនោះបានជិះយន្តហោះរួមជាមួយនឹងស្ត្រីជនជាតិវៀតណាមម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកកូវីដ១៩ ជិះពីទីក្រុងឡុងនៃប្រទេសអង់គ្លេសមកទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី២ ខែមីនា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបន្តទៀតថា បុរស និងស្រ្តីជនជាតិអង់គ្លេសទាំងពីរនាក់នេះត្រូវបានដាក់នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានរោគសញ្ញា។
ឯអ្នកដំណើរផ្សេងទៀត ចំនួន៦១នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ដោយឡែក ដោយចុះពីនាវាមកកាន់ដីគោក។ នាវា Viking Cruise Journey ត្រូវបានដាក់ឲ្យនៅសំចតនៅទន្លេនៃទីរួមខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់វីអូអេថា លោកបានរៀបចំបន្ទប់សណ្ឋាគារក្នុងក្រុងកំពង់ចាម សម្រាប់ដាក់អ្នកដំណើរ និងបុគ្គលិកនាវាដែលបច្ចុប្បន្នសំណាករបស់ពួកគេអវិជ្ជមានកូវីដ១៩ ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។
«យើងរៀបចំសណ្ឋាគារទំនេរ ចំនួន៦០បន្ទប់។ ពួកគាត់ម្នាក់នៅមួយបន្ទប់តាមវេជ្ជបញ្ជា តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ»។
នៅមន្ទីរពេទ្យខេត្តកំពង់ចាម មានបន្ទប់បរិក្ខាត្រៀមចំនួន៥បន្ទប់ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើតាមលោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត។
វីអូអេពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងលោក លី សុវណ្ណ បានទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរអំពីការស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកដែលផ្ទុកវីរុសកូវីដ១៩ទាំង២ករណីថ្មីនេះ។
ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលជាករណីទី៣ កំពុងស្នាក់នៅមន្ទីរពេទ្យមួយដែលមាន«ស្តង់ដារអន្តរជាតិ» នៅរាជធានីភ្នំពេញ ដោយសារអ្នកស្រីមានជើងសិប្បនិមិត្តម្ខាង ប្រើឈើច្រត់ និងមានការពិបាកក្នុងការប្រើបន្ទប់ទឹក។
អ្នកដំណើរលើនាវាទាំងនោះមាន៣០នាក់ ដែលក្នុងនោះមានជនជាតិអង់គ្លេស អាមេរិក កាណាដា វៀតណាម ភូមា និងជនជាតិផ្សេងៗទៀត។ នេះបើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត។ បុគ្គលិកនៅលើនាវានោះមាន ៣៤នាក់ ដែលបុគ្គលិកចំនួន ២៤នាក់ក្នុងចំណោមនោះជាពលរដ្ឋកម្ពុជា។
នៅយប់ថ្ងៃពុធឈាងចូលថ្ងៃព្រហស្បតិ៍ម៉ោងនៅភ្នំពេញ អង្គការសុខភាពពិភពលោកបានប្រកាសចាត់ទុកជំងឺកូវីដ១៩ថា ជាជំងឺរាតត្បាតសកលមួយ បន្ទាប់ពីមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសដែលបង្កឲ្យមានជំងឺរលាកផ្លូវដង្ហើមឆ្លងដល់ប្រទេសចំនួន១១៤ ឆ្លងដល់មនុស្សចំនួនជាង ១១៨.០០០ករណី និងសម្លាប់មនុស្សជាង ៤៣០០នាក់នៅទូទាំងពិភពលោក។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទកាសែតថា៖ «យើងមិនដែលឃើញការរាតត្បាតណាមួយដែលបង្កឡើងដោយក្រុមវីរុសកូរ៉ូណានេះទេ។ នេះជារោគរាតត្បាតសកលដំបូងបង្អស់ដែលបង្កឡើងដោយវីរុសកូរ៉ូណា»។
ហើយលោកបន្ថែមថា៖ «យើងរំពឹងថា នឹងឃើញមានករណីថែមទៀត និងមានចំនួនអ្នកស្លាប់ និងចំនួនអ្នកឆ្លងកើនឡើងកាន់តែច្រើនជាងនេះទៅទៀត»៕