ប្រទេសកម្ពុជាអាចនឹងទទួលជនភៀសខ្លួនលើទី២ពីកោះណូរូ (Nauru) ប្រទេសអូស្ត្រាលីនាពេលខាងមុខនេះ។ ជនភៀសខ្លួនពីរនាក់នេះគឺជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។
កម្ពុជានឹងទទួលជនភៀសខ្លួន២រូបទៀតដែលត្រូវជាប់លើកោះណូរូ (Nauru) ប្រទេសអូស្ត្រាលី ហើយមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នាពេលខ្លីខាងមុខ ខណៈពេលដែលជនភៀសខ្លួនក្រុមទីមួយ ដែលមកពីកោះនេះដល់កម្ពុជានោះ កំពុងត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួន និងកំពុងធ្វើសមាហរណកម្មទៅក្នុងសង្គមខ្មែរ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា ការបញ្ជូនជនភៀសខ្លួនលើកទី២ពីប្រទេសអូស្ត្រាលីនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានឯកភាព។ កាលពីសប្តាហ៍មុន អាជ្ញាធរកម្ពុជាបានធ្វើដំណើរទៅកាន់កោះណូរូ (Nauru) ជាកន្លែងប្រទេសអូស្ត្រាលីទុកជនភៀសខ្លួនដែលធ្វើដំណើរតាមទូក ហើយចង់ទៅរស់នៅក្នុងប្រទេសនេះដោយខុសច្បាប់។ លោក ខៀវ សុភ័គ បានឲ្យដឹងថា ជនភៀសខ្លួនដែលបានបំពេញឯកសារ និងស្នើសុំមករស់នៅក្នុងប្រទេសកម្ពុជានោះគឺមានតែ២នាក់គត់ មិនមែន៤នាក់ដូចរដ្ឋាភិបាលអូស្ត្រាលីបានជូនដំណឹងនោះទេ។ ហើយពួកគេទាំងពីរនោះគឺមានដើមកំណើត Rohingya មកពីប្រទេសភូមា។
«យើងបានបញ្ជូនមន្ត្រីទៅហើយ ហើយមានអ្នកស្ម័គ្រចិត្តមកហ្នឹងតែពីរនាក់ទេ គឺជាជនជាតិ Rohingya នៃប្រទេសភូមា។ ហើយយើងក៏បានមកវិញដើម្បីរាយការណ៍និងស្នើសុំដល់ប្រមុខរដ្ឋាភិបាលដើម្បីធ្វើការសម្រេចលើរឿងហ្នឹង»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានបន្ថែមផងដែរថា៖
«គាត់ប្រាប់យើងថា មាន៤នាក់ ដែលបីនាក់ជាជនជាតិ អ៊ីរ៉ង់ ម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ា ដែលស្ម័គចិត្តមករស់នៅ តែដល់ពេលយើងទៅដល់ គឺអត់មាន៤នាក់ហ្នឹងទេ តែមាន២នាក់ផ្សេង ដែលស្ម័គចិត្តវិញ»។
ជនភៀសខ្លួន៤រូបដំបូងគេបង្អស់បានស្ម័គ្រចិត្តមកពីកោះណូរូមករស់នៅកម្ពុជាកាលពីចុងខែមិថុនាកន្លងទៅ ស្របទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាឆ្នាំ២០១៤ក្នុងការបញ្ជូន ជនភៀសខ្លួនពីកោះណូរូ «Nauru» ក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៤០លានដុល្លារសហរដ្ឋអាមេរិកពីប្រទេសអូស្រ្តាលី។
ជនភៀសខ្លួនម្នាក់ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលនៅក្នុងចំណោម៤រូបនៃជនភៀសខ្លួនក្រុមទីមួយមកកម្ពុជានោះ បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរស់នៅក្នុងប្រទេសកម្ពុជារយៈពេលបីខែមក។ គាត់បានរត់ចេញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរភូមា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបានឲ្យដឹងថា ជនភៀសខ្លួនរូបនេះបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលភូមារួចរាល់ហើយ ហើយកំពុងត្រៀមខ្លួនត្រឡប់ទៅប្រទេសភូមាក្នុងសប្តាហ៍នេះផងដែរ។ ចំណែកឯជនភៀសខ្លួន៣រូបផ្សេងទៀត ដែលមានប្រភពពីប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជាមុនពេលកំណត់ ដែលមានរយៈពេល៦ខែនោះ។
«តាមគម្រោងគឺ៦ ប៉ុន្តែតែសង្កេតឃើញអ្នកដែលរស់នៅហ្នឹងគឺដូចជាចេះខ្មែរ យល់ពីទំនៀមទម្លាប់អីបាន អាចរស់នៅបាន ចេះសមរម្យ គេអាចទាក់ទង និងអាចចេញទៅក្រៅជំរំរស់នៅបាន។ វាគ្រាន់តែជាការសាកល្បងទេ។ ចាំមើលឲ្យគាត់ចេញក្រៅមក មករស់នៅក្នុងសង្គមខ្មែរយើងនៅក្រៅសិន ហើយយ៉ាងម៉េច យ៉ាងម៉ា យើងចេះតែបន្តទៅទៀត។ វាមិនពិបាកអីទេ»។
គម្រោងបញ្ជូនជនភៀសខ្លួនលើកទីពីរពីកោះ Nauru ប្រទេសអូស្ត្រាលីនេះទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកតាមដានសិទ្ធិមនុស្សនៅកម្ពុជាទាក់ទិននឹងការមើលថែជនភៀសខ្លួន ការផ្តល់សេវាអប់រំ សង្គមកិច្ច សេដ្ឋកិច្ច និងសេរីភាពនៃការដើរហើររបស់ពួកគាត់ជាដើម។
ការប្រកាសអំពីគម្រោងបញ្ជូនជនភៀសខ្លួនក្រុមទីពីរមកកាន់កម្ពុជានេះគឺធ្វើឡើងក្នុងខែកន្លងទៅ គឺក្នុងថ្ងៃដែលលោក Tony Abbott អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសថា អូស្ត្រាលីនឹងទទួលយកជនភៀសខ្លួនចំនួន១២.០០០នាក់ពីប្រទេសស៊ីរី និងអ៊ីរ៉ាក់៕