បុរស​ជនជាតិ​អាមេរិកាំង​ល្បី​ឈ្មោះ​ពីរ​នាក់​ផ្សេង​ទៀត​រង​ការ​ចោទប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ

ចៅក្រម លោក Alex Kozinski ថ្លែង​នៅ​ក្នុង​តុលាការ​ឧទ្ធរណ៍​មួយ​នៅ​ក្នុង​ក្រុង San Francisco កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៣។

បុរស​ជនជាតិ​អាមេរិកាំង​ដែល​ល្បី​ឈ្មោះ​ពីរ​នាក់ផ្សេង​ទៀត​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវភេទ​ទៅ​លើ​បុគ្គលិក​ជា​ស្ត្រី​របស់​ពួកគេ។ លោក Alex Kozinski ជា​ចៅក្រម​តុលាការ​ឧទ្ធរណ៍​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​អស់​រយៈពេល៣២ឆ្នាំ​ បាន​ប្រកាស​ចូល​និវត្តន៍​ភ្លាមៗ​បន្ទាប់​ពី​ស្ត្រី​ចំនួន១៥​នាក់​បាន​ចោទប្រកាន់​លោក​ថា​បាន​បៀតបៀន​ផ្លូវភេទ​ពួកគេ​ ដោយ​រួមទាំង​បាន​បញ្ចាំង​វីដេអូ​អាសអាភាស​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ផងដែរ។ លោក​ចៅក្រម​ដែលមាន​វ័យ៦៧ឆ្នាំ​រូប​នេះបាន​សុំ​ទោស​សម្រាប់​អាកប្បកិរិយា​ខុសឆ្គង​ទាំងនេះ​ ប៉ុន្តែ​បាន​ការពារ​ខ្លួន​លោក​ថា «ទាំងនេះ​គ្រាន់​តែ​ជា​ការ​លេង​សើច​ និង​ការ​និយាយ​ត្រង់​ទៅ​ត្រង់​មក​រវាង​បុគ្គលិក​ជា​ស្ត្រី ​និង​បុរស​នៅក្នុង​ការិយាល័យ​ធ្វើការ​តែ​ប៉ុណ្ណោះ»។

លោក Kozinski បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «ការ​ធ្វើ​ដូច្នេះ ខ្ញុំ​ប្រហែល​ជា​មិន​បាន​ដឹង​គ្រប់គ្រាន់​ពី​ភាព​លំបាក​នានា​ និង​សម្ពាធ​ដែល​ស្ត្រី​ត្រូវ​ប្រឈម​នៅ​កន្លែង​ធ្វើការ​នោះ​ទេ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ ដែល​បាន​ដឹង​ថា​ទង្វើ​ទាំងនោះ​បាន​បណ្តាល​បុគ្គលិក​របស់​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត។ ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​ដូច្នេះ​ទេ។ ខ្ញុំ​សុំ​ទោស​ចំពោះ​ទង្វើ​ទាំងនោះ»។​
លោក Jerry Richardson ជា​ម្ចាស់​ក្រុម​កីឡា​បាល់​អោប​អាជីព​ឈ្មោះ​ថា Carolina Panthers ដែល​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​ដោយ​ក្លឹប​កីឡាបាល់​អោប​ជាតិ​ ពី​បទ​មាន​អាកប្បកិរិយា​មិន​សមរម្យ​នៅ​កន្លែង​ធ្វើ​ការ​នោះ​ បាន​ប្រកាស​ពី​ការ​លក់​ក្រុម​កីឡា​របស់​លោក​ ដែល​លោក​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៣៕