កីឡាករ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ពីរនាក់​បាត់ខ្លួន​ ក្រោយ​ពី​ទូក​ទេសចរណ៍​បុក​ជាមួយ​ទូក​ង

លោក យ៉ា វណ្ណដា កីឡាករ​រងគ្រោះ​ដោយ​សារ​ទូក​ទេសចរណ៍​បុក​ទូក ង ប្រាប់ VOA ពី​ហេតុការណ៍ នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៧:៣០​នាទី​ព្រឹក ​ហើយ​ទូក​ង​ដែល​ជួប​គ្រោះថ្នាក់​នោះ​ឈ្មោះ​ថា​ រស្មីស្រីស្រស់​ដាញ់​ទិព្វ​សែនជ័យ​ មកពី​វត្ត​អម្ពវ័ន្ត ស​ង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​បាន​បុក​ទូក​ង​មួយ​គ្រឿង​ដែល​ត្រៀម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំទូក ​នៅ​កណ្តាលទន្លេមុខ​ព្រះ​បរមរាជ​វាំង ​បណ្តាល​ឲ្យ​កីឡាករចំនួន​ពីរ​នាក់​បាត់​ខ្លួន។​

បើ​តាម​ជន​រងគ្រោះ​ដែល​ជា​កីឡាករ​ ដែល​ស្ថិត​នៅ​លើ​ទូក​ក្នុង​ពេល​កំពុង​កើត​ហេតុ​ បាន​អះអាង​ថា​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៧:៣០​នាទី​ព្រឹក ​ហើយ​ទូក​ង​ដែល​ជួប​គ្រោះថ្នាក់​នោះ​ឈ្មោះ​ថា​ រស្មីស្រីស្រស់​ដាញ់​ទិព្វ​សែនជ័យ​ មកពី​វត្ត​អម្ពវ័ន្ត ស​ង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ។​

ទូក​ង​ឈ្មោះ​«រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ‍»មក​ពី​វត្តអម្ពវ័ន្ត សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវ​បាន​ទូក​ទេសចរណ៍​បុក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦។

លោក​យ៉ា វណ្ណដា ​ជន​រងគ្រោះ​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ​ប្រាប់ ​VOA ​ថា ក្រុម​កីឡាករ​អុំទូក​របស់​លោក​ចំនួន​៩​នាក់​បាន​សណ្ដោង​ទូក​មក​ត្រៀម​ប្រណាំង​នៅ​មុខ​វាំង ​ប៉ុន្តែ​ត្រូវ​បាន​ទូក​ទេសចរណ៍​របស់​ក្រុម​ហ៊ុន​វៀត​ណាម​បុក​លិច​ បណ្តាល​ឲ្យ​កីឡាករ​ប្រណាំង​ទូក​ចំនួន​ពីរ​នាក់​ធ្លាក់​ចូល​ទៅ​ក្រោម​ទូក​ទេសចរណ៍​នោះ។​

លោក​បន្ត​ថា ​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន​ទាំងពីរ​នាក់​នោះ​ ម្នាក់​មាន​ឈ្មោះ​សុខ ចាន់ជេស្ដា ​អាយុ​៣៦​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ឈឺន ចន​ អាយុ​១៨​ឆ្នាំ។ ​ចំណែក​លោក​ និង​កីឡាករ​៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុម​បើក​អូប័រ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។​

លោក​ថ្លែង​ថា៖​

«យើង​បត់​មក​តម្រូវ​ថា​មក​មុខ​វាំង​នេះ ​ហើយ​កប៉ាល់​ហ្នឹង​វា​មក​លឿន​មែន​ទែន​ហ្មង។​ វា​ឃើញ​យើង​បត់​មក​អីចឹង ​វា​អប​ហ្វ្រាំង ​អប​អី​ណា ​វា​អត់​ទេ ​វា​មក​មួយ​ទំហឹង​យក​ហ្មង។ ​បុក​យើង​ហើយ​វា​ទៅ​មុខ​ទៀត។​ ទូក​ហ្នឹង​ខូច​ទាំង​ស្រុង​ហ្មង​ បើក​អត់​កើត​ទេ​ បាក់​ខ្ទេចខ្ទី​អស់​ហ្មង»។

លោក​យ៉ា វណ្ណដា​ ស្នើ​ឲ្យ​អ្នក​បង្ក​ហេតុ​សង​ទូក ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​បាត់​ខ្លួន​ទាំង​ពីរ​នាក់។​

ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង​ នៅ​ម៉ោង​ប្រមាណ​ជា​១០:៣០​នាទី​ព្រឹក ​កង​កម្លាំង​សង្គ្រោះ​នៅ​មិន​ទាន់​រក​ឃើញកីឡាករ​ដែល​បាត់​ខ្លួន​នោះ​នៅ​ឡើយ។​

ប្រជាពលរដ្ឋ​កំពុង​ឈរ​មើល​ហេតុការណ៍​កីឡាករ​២នាក់​បាត់​ខ្លួន ក្រោយ​ទូក​ទេសចរណ៍បុក​ទូក​ង​មួយ​បាន​លិច ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក​វណ្ណ ម៉ូលាង ​មេ​បញ្ជា​ការ​រង​កងទ័ព​ជើង​ទឹក ​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​បាន​បញ្ជូន​ទូក​សង្គ្រោះជាង​១០​គ្រឿងដើម្បីចុះ​ស្វែង​រក​អ្នក​ដែល​បាត់​ខ្លួន​ទាំង​២​នាក់​នោះ។​ លោក​បន្ត​ថា ក្រោយ​ហេតុការ​ណ៍​នោះ ​សមត្ថកិច្ច​បាន​ឃាត់​ទុក​ទូក​ទេសចរណ៍​ដែល​បង្កហេតុដើម្បី​ដោះ​ស្រាយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«កប៉ាល់​នៅ​មាត់​ទន្លេ​នេះ ​ចេញ​១០​គ្រឿង​ភ្លាម។ ​ឥឡូវ​ហ្នឹង​យើង​អត់​ដឹង​យ៉ាងម៉េច​ទេ ​កំពុង​ចេញ​ប្រតិបត្តិការ​ទៀត​ហើយ»។

លោក ឃួង ស្រេង ​អភិបាល​រង​រាធានី​ភ្នំពេញ ប្រាប់ VOA ថា​ រហូត​មក​ដល់​ល្ងាច​ម៉ោង​៦នេះ សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួននោះ​នៅឡើយ។

ពិធី​បុណ្យ​អុំទូក ​បណ្ដែត​ប្រទីប​ អក​អំបុក ​និង​សំពះ​ព្រះខែ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថៃ្ង​ទី​១៣​ដល់​ថៃ្ង​ទី១៥ ​ខែ​វិចិ្ឆកា ​ឆាំ្ន​២០១៦ ​ពោល​គឺ​នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ៕