អ្នកកាសែត Reuters ពីរនាក់ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់រក្សាការសម្ងាត់ផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាច្បាប់បង្កើតឡើងតាំងពីសម័យអាណានិគមមក ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃអង្គារនេះ។
អ្នកកាសែតទាំងពីរនាក់នេះគឺលោក Wa Lone និងលោក Kyaw Soe Oo។ អ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកទោសរាប់ពាន់នាក់ដែលត្រូវបានប្រធានាធិបតីមីយ៉ាន់ម៉ាលោក Wyn Myint លើកលែងទោស នៅក្នុងការលើកលែងទោសប្រចាំឆ្នាំដែលធ្វើឡើងដោយអាជ្ញាធរនៅចំពេលចូលឆ្នាំថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែមេសា។
ដោយមានការអបអរស្វាគមន៍ពីក្រុមអ្នកកាសែតជាច្រើននៅពេលដែលអ្នកទាំងពីរដើរចេញពីពន្ធនាគារ Insein នៅក្នុងទីក្រុងរ៉ង់ហ្គូន លោក Wa Lone បានសន្យាថានឹងបន្តកិច្ចការរបស់លោកទៅមុខទៀត។
អ្នកទាំងពីរត្រូវបានកាត់ទោសកាលពីខែកញ្ញាឆ្នាំមុន និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ។ មុនពេលចាប់ខ្លួន ពួកគេកំពុងយកព័ត៌មានអំពីយុទ្ធនាការយោធាមីយ៉ាន់ម៉ាដ៏ឃោរឃៅនៅក្នុងរដ្ឋ Rakhine ភាគពាយ័ព្យប្រទេស។ យុទ្ធនាការនេះបានធ្វើឲ្យជាតិសាសន៍ Rohingya កាន់សាសនាឥស្លាមជិត ៧ សែននាក់ គេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដែសកាលពីខែសីហា ឆ្នាំ ២០១៧។
អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៧ បន្ទាប់ពីពួកគេបានជួបជាមួយនឹងប៉ូលិសពីរនាក់នៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងរ៉ង់ហ្គូន និងទទួលបានឯកសារមួយចំនួនពីប៉ូលិសទាំងពីរនាក់នោះ។ នៅពេលនោះ អ្នកទាំងពីរស៊ើបអង្កេតព័ត៌មានអំពីការសម្លាប់រង្គាលរបស់ប៉ូលិស និងទាហានលើជាតិសាសន៍ Rohingya ១០ នាក់ នៅក្នុងភូមិ Inn Din។
ការដោះលែងអ្នកទាំងពីរនេះធ្វើឡើងក្នុងរយៈពេល ២ សប្ដាហ៍ក្រោយមក បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសមីយ៉ាន់ម៉ាជំទាស់ទៅនឹងពាក្យបណ្ដឹងឧទ្ធរណ៍របស់ពួកគេ៕