រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានចំនួនពីររូបបានបញ្ជាក់ជាផ្លូវការមកកាន់រដ្ឋាភិបាលកម្ពុជាអំពីការមកបំពេញទសន្សកិច្ច និងការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសផ្សេងទៀតរបស់អាស៊ានក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ។ នេះបើតាមសេចក្តីប្រកាស និងការបញ្ជាក់របស់មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។
បើតាមលិខិតពីរដាច់ដោយឡែកពីគ្នាដែលវីអូអេបានទទួលនៅថ្ងៃចន្ទនេះរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរីលោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកសាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) បានបញ្ជាក់ប្រាប់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា លោកទាំងពីរនឹងមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ពីថ្ងៃទី១៥ដល់ទី១៧កុម្ភៈ ឆ្នាំ២០២២។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាដែលជាប្រធានប្តូរវេណអាស៊ានសម្រាប់ឆ្នាំ២០២២ រដ្ឋមន្ត្រីទាំងពីររូបក៏នឹងចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន និងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន។ ដោយឡែករដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរីលោកវីវៀន បាឡាគ្រីស្ហ្សណាន់នឹងមានជំនួបជាមួយរដ្ឋមន្ត្រី និងតំណាងរាស្ត្រកម្ពុជាមួយចំនួនទៀតរួមមានលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនានៃមន្ទីររដ្ឋសភាកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំ សុន្ទរី ប្រាប់វីអូអេតាមសារឆ្លើយឆ្លងអេឡិចត្រូនិក Telegram នៅថ្ងៃចន្ទថាក្រៅពីរដ្ឋមន្ត្រីការបរទេសអាស៊ានពីររូបខាងលើគ្រប់សមាជិកអាស៊ានទាំងអស់បានបញ្ជាក់ថាពួកគេនឹងចូលរួមការប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថាប្រទេសមីយ៉ាន់ម៉ាមិនទាន់ផ្តល់ការបញ្ជាក់នៅឡើយថាខ្លួននឹងចូលរួមប្រជុំនេះ ឬយ៉ាងណានោះទេ ខណៈប្រទេសព្រុយណេនិងថៃនឹងចូលរួមតាមប្រព័ន្ធអនឡាញ។
ដោយឡែក បើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវក្នុងកិច្ចការអាស៊ានការប្រកួតប្រជែងអំណាចកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិនវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយពីជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏ក្តៅដែលមេដឹកនាំកម្ពុជាក្នុងនាមជាប្រធានប្តូរវេននៃសមាគមអាស៊ានត្រូវផ្តោតចំណាប់អារម្មណ៍ដោះស្រាយ៕