សំឡេងគាំទ្រគណបក្សប្រឆាំង មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសភាចំនួន៣ស្មើគ្នាសម្រាប់ខេត្តកំពង់ស្ពឺ។ ការណ៍នេះ នាំឲ្យគណបក្សសង្គ្រោះជាតិសង្ឃឹមថា ពួកគេនឹងទទួលបានតំណែងមេឃុំ ចៅសង្កាត់ច្រើនក្នុងខេត្តនេះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ។
ប៉ុន្តែ នៅក្នុងឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បេក្ខជនជាស្ត្រីដូចគ្នាមកពីបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ នឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីរក្សានិងដណ្ដើមយកតំណែងមេឃុំនេះ។
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ បេក្ខជនស្ត្រីពីរនាក់ ម្នាក់មកពីគណបក្សប្រជាជនកម្ពុជា និងម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រកួតប្រជែងយកតំណែងមេឃុំត្រែងត្រយឹង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកស្រី កែវ សុផាត អាយុ៥៤ឆ្នាំ ដែលជាមេឃុំបច្ចុប្បន្នមកពីគណបក្សកាន់អំណាច នឹងប្រកួតប្រជែងជាមួយអ្នកនាង កឹម តុលា អាយុ៣០ឆ្នាំ មកពីគណបក្សសង្គ្រោះជាតិ។ បេក្ខជនទាំងពីរធ្លាប់បានស្គាល់គ្នាពីមុនមក ដោយសារអ្នកនាង កឹម តុលា ធ្លាប់បំពេញការងារជាក្រុមប្រឹក្សាឃុំ ទទួលបន្ទុកផ្នែកស្ត្រី និងកុមារ។
លោកស្រី កែវ សុផាត បានបង្ហាញក្ដីសង្ឃឹមថា លោកស្រីនឹងទទួលបានការគាំទ្រដដែល សម្រាប់ការបោះឆ្នោតខាងមុខ ដោយលោកស្រីអះអាងថា លោកស្រីបំពេញការងារបានល្អ។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖ «និយាយទៅ សុខទុក្ខប្រជាពលរដ្ឋ គឺយើងយកចិត្តទុកដាក់ ចុះផ្ទាល់ ដោះស្រាយឲ្យគាត់ទាន់ពេលវេលា សង្កត់ធ្ងន់ គឺសេវាសាធារណៈយើងអត់ទារលុយកំណត់ គាត់ឲ្យប៉ុន្មាន ឲ្យទៅ ហើយអនុវត្តទៅតាមអន្តរក្រសួង។ ក្រៅពីនោះ មានតែយើងឧបត្ថម្ភគាត់ ដូចថាគាត់អត់(មានលុយ) ជូនលុយគាត់ទៅវិញ»។
ទោះជាយ៉ាងណា លោកស្រីថា ដោយសារឃុំត្រែងត្រយឹង មានភូមិច្រើនរហូតទៅដល់២០ភូមិ ដូច្នេះការផ្ដល់ព័ត៌មានមួយចំនួន មិនទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយនោះទេ ហើយអាជ្ញាធរក៏មិនអាចជួយបានសព្វគ្រប់ទាំងអស់ដែរ។
លោកស្រីក៏បានទទួលស្គាល់ថា បញ្ហាដីធ្លីរ៉ាំរ៉ៃកាលពីកន្លងទៅ ក៏បានបណ្ដាលឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នឹងអាជ្ញាធរ រហូតដល់មានការធ្លាក់សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ លោកស្រីមេឃុំបន្តថា អាជ្ញាធរបានខិតខំដោះស្រាយទំនាស់ដីធ្លីនេះជាបន្តបន្ទាប់ដោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តការគាំទ្ររបស់ពួកគេតទៅទៀត។កាលពីការបោះឆ្នោតឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន១១នៅក្នុងឃុំត្រែងត្រយឹង។ គណបក្សសម រង្ស៊ី ទទួលបាន២អាសនៈ និងគណបក្សសិទ្ធិមនុស្សទទួលបាន២អាសនៈដែរ។
តែទោះជាយ៉ាងនេះក្ដី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យនេះ គឺជាការប្រកួតប្រជែងមួយដែលគណបក្សសង្គ្រោះជាតិដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនេះ បង្ហាញក្ដីសង្ឃឹមថា ខ្លួននឹងឈ្នះតំណែងមេឃុំចៅសង្កាត់ច្រើនជាងនេះ ដោយសារក្នុងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានទទួលសំឡេងគាំទ្រលើសគណបក្សប្រជាជនកម្ពុជា ជាង២ពាន់សំឡេងក្នុងឃុំនេះ។
អ្នកនាង កឹម តុលា បេក្ខជនមកពីគណបក្សសង្គ្រោះជាតិ ដែលប្រកួតប្រជែងដណ្ដើមយកតំណែងមេឃុំនេះ បានបង្ហាញក្ដីសង្ឃឹមថា អ្នកនាងនឹងឈ្នះការបោះឆ្នោត ដោយសារសំឡេងគាំទ្រកើនឡើងកាលពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣នោះ។
អ្នកនាងមានប្រសាសន៍ថា៖ «អញ្ចឹងអ្វីដែលពួកខ្ញុំធ្វើឡើងកាលពីកន្លងមក ពី២០១៣ បន្តរហូតមកដល់២០១៧នេះ គឺមិនថយចុះទេ គឺសំឡេងមានការគាំទ្រពីប្រជាពលរដ្ឋ ព្រោះថាប្រជាពលរដ្ឋនៅកន្លែងនេះ គាត់មានការគាំទ្រ ទាំងចេញមុខ និងមិនចេញមុខ»។
អ្នកនាង កឹម តុលា ដែលមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី១២ បានអះអាងថា អ្នកនាងអាចដឹកនាំឃុំបាន ប្រសិនបើឈ្នះការបោះឆ្នោតជាមេឃុំ ដោយសារបទពិសោធន៍៥ឆ្នាំ ធ្វើជាក្រុមប្រឹក្សា និងភាពឈ្លាសវៃរបស់នាង។
អ្នកនាងបានថ្លែងប្រាប់ VOAថា៖ «កន្លងមកបទពិសោធន៍ខ្ញុំ ចូលរួមជាមួយឃុំសង្កាត់បានមួយអាណត្តិដែរ តែក្នុងនោះ ទោះជាខ្ញុំមិនមែនជាជំទប់ ការងារធំដុំដូចជាមេឃុំ ប៉ុន្តែខ្ញុំក៏មានបទពិសោធន៍ខ្លះ»។
អ្នកនាងក៏បានសន្យាថា នឹងធ្វើជាមេឃុំ ដែលមិនប្រព្រឹត្តអំពើពុករលួយ និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ និងមិនឲ្យមានបញ្ហាដីធ្លីកើតឡើងនោះទេ។
អ្នកនាងមានប្រសាសន៍ថា៖ «បើសិនជាខ្ញុំជាប់ជាមេឃុំ ចៅសង្កាត់ គឺខ្ញុំ អត់ឲ្យប្រជាពលរដ្ឋទាំងអ្នកមានក៏ដោយ អ្នកក្រក៏ដោយ ដែលគាត់មកប្រើប្រាស់សេវារដ្ឋបាលនៅសាលាឃុំ មិនឲ្យគាត់មានការរង់ចាំច្រើន ឬទាល់តែមានលុយបានលឿន អត់លុយនៅកប់ឯកសារហ្នឹង គឺខ្ញុំអត់ប្រើរូបភាពហ្នឹងទេ ព្រោះខ្ញុំយល់ពីអារម្មណ៍បែបនេះ»។
កំពង់ស្ពឺ គឺជាខេត្តមួយដែលសំបូរទៅដោយទំនាស់ដីធ្លី។ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាតំណាងរាស្ត្រម្នាក់នៃគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ស្ពឺនេះ បានមួយអាណត្តិមកហើយ។
កាលពីខែមីនា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍ឲ្យមានការដោះលែងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ២នាក់ ដែលជាប់ឃុំក្នុងពន្ធនាគាររឿងជម្លោះដីធ្លីដ៏ចម្រូងចម្រាស ដោយមានការចុះទៅអន្តរាគមន៍ទាំងយប់ ពីសំណាក់កូនប្រុស២នាក់របស់នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត។
សម្រាប់ឃុំ ត្រែងត្រយឹង គណបក្សចំនួន៤ប៉ុណ្ណោះ បានចុះឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ និងគណបក្សខ្មែររួបរួមជាតិដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិព្រីង ក្នុងឃុំត្រែងត្រយឹងគឺអ្នកស្រី អ៊ឹម ពៅ អាយុ៣២ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីនឹងបោះឆ្នោតផ្លាស់ប្ដូរមេឃុំបច្ចុប្បន្ននេះ ដោយសារអ្នកស្រីឃើញមានការអភិវឌ្ឍតិចតួចនៅក្នុងឃុំ។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ឥឡូវខ្ញុំថាចង់ដូរមេឃុំម្ដង។ ចាំមើលវារីកចម្រើនជាងមុន ឬអត់។ ខ្ញុំចង់ប្ដូរម្ដង ព្រោះមេឃុំមុន ដូចអត់មានយកចិត្តទុកដាក់ជាមួយប្រជាជន»។
អ្នកស្រីចង់ឲ្យមេឃុំថ្មីជួយដោះស្រាយបញ្ហាទឹក និងភ្លើងប្រើប្រាស់ប្រចាំថ្ងៃ ដោយសារបច្ចុប្បន្ននេះ មិនមានអគ្គិសនីទៅដល់តំបន់អ្នកស្រី ដែលមានចម្ងាយជាង២០គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ៤។
អ្នកស្រីមានប្រសាសន៍ថា៖ «ចង់ឲ្យអង្គការ ឬមេឃុំអី ស្នើលូ(អណ្ដូង)ដាក់តាមភូមិ ចង់ជីកជាលក្ខណៈគ្រួសារ។ ដាក់លូដាក់អី ឲ្យមានមួយគ្រួសារ មានមួយ ពីរគ្រួសារ មានមួយអីចឹង»។
ទោះជាយ៉ាងណា អ្នកស្រីក៏បានបង្ហាញក្ដីបារម្ភថាខ្លាចនឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត។
អ្នកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើធ្លាក់ ខ្ញុំខ្លាចតែកើតសង្គ្រាមទេ។ ខ្ញុំព្រួយបារម្ភអញ្ចឹងដែរហ្នឹង។ ធម្មតាតែគេមាន គេធំហើយ គេមិនចង់មកចុះវិញទេ។ ខ្ញុំខ្លាចតែកែប្រែមកវិញ ខ្លាចតែកើតមែន។ តែបើខ្ញុំឭព័ត៌មានអីគេនិយាយថា ប្រទេសជាតិយើងឥឡូវ គេអត់ឲ្យកើតសង្គ្រាមទេ ព្រោះគេមាន ស្អីគេ យុត្តិធម៌គេម៉េច ខ្ញុំមិនដឹង ខ្ញុំអត់សូវស្គាល់ដែរ»។
ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅភូមិទីមួយ អ្នកស្រី សុន ផល អាយុ៣៨ឆ្នាំ ក៏បានស្នើឲ្យមេឃុំថ្មីដោះស្រាយបញ្ហាទឹកប្រើប្រាស់ ដោយសារអ្នកស្រីត្រូវចំណាយថវិកាជាង១០ម៉ឺនរៀលក្នុងមួយខែ ដើម្បីទិញទឹកប្រើប្រាស់ប្រចាំខែ។
អ្នកស្រីបានស្នើសុំអាជ្ញាធរជីកអណ្ដូងទឹកឲ្យប្រជាពលរដ្ឋ ប្រសិនបើមិនទាន់មានលទ្ធភាពតភ្ជាប់ទឹកម៉ាស៊ីនទៅដល់ផ្ទះអ្នកភូមិ។
អ្នកស្រីមានប្រសាសន៍ថា៖ « ជួយអណ្ដូងខ្ញុំក៏បានដែរ បានប្រើ។ បើខ្ញុំអត់មានតទុយយោទឹក ជីកអណ្ដូងឲ្យមួយមក ចេះតែដង យោងនឹងដៃទៅ ធ្វើម៉េចអត់ហើយ។ ដប់ ម្ភៃឆ្នាំហើយ ទិញរហូតហ្នឹង»។
អ្នកភូមិរូបនោះក៏បានរិះគន់ការផ្ដល់សេវាឯកសារនៅក្នុងឃុំផងដែរ ថាត្រូវការលុយ ពេលធ្វើម្តងៗ។
អ្នកស្រីមានប្រសាសន៍ថា៖ «បើថាអត់ឲ្យលុយគេ គ្មានអាណា គេធ្វើឲ្យទេ។ និយាយត្រង់អញ្ចឹងហ្មង»។
ចំណែក លោក សុខ ហុង អាយុ៥៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១ ក៏បានរិះគន់ផងដែរចំពោះការផ្ដល់សេវាឯកសារនៅក្នុងឃុំ។
លោកបានថ្លែងប្រាប់ VOAថា៖ «គ្រាន់ថាធ្វើអ្វីក៏ដោយ ស៊ីញេអីក៏ដោយ ធ្វើអីក៏ដោយ គឺថាគ្មានលុយ គេអត់ធ្វើឲ្យយើងទេ»។
លោកបានអះអាងទៀតថា អាជ្ញាធរឃុំ មិនស្ដាប់តាមការសំណូមពររបស់ប្រជាពលរដ្ឋ រហូតដល់ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។
លោក សុខ ហុង មានប្រសាសន៍ថា៖ «ប្រជាជន រាល់ថ្ងៃនេះ គេមិនស្អប់ទេ គណៈឃុំ គណៈភូមិអីហ្នឹង តែគ្រាន់ថា ធ្វើអ្វីក៏ដោយ បើសំណូមពរប្រជាជន គេឲ្យធ្វើ យើងធ្វើតាមប្រជាជនទៅ វាអត់ធ្វើតាមទេ។ ដូចថាឥឡូវផ្លូវ បាក់បែកខូចអស់ គេសូមសំណូមពរឲ្យធ្វើ អត់ អត់ធ្វើ គ្រលុកយ៉ាងម៉េចក៏ដោយ អត់ចាក់ អត់ធ្វើ។ ដល់នេះប្រជាជនគេខឹង គេអត់ចង់បោះឆ្នោតឲ្យទេ»។
ទាក់ទងនឹងការរិះគន់ការផ្ដល់សេវាឯកសារ មេឃុំត្រែងត្រយឹង លោកស្រី កែវ សុផាត មានប្រសាសន៍ថា ឃុំបានយកថ្លៃសេវាមូលដ្ឋានទៅតាមការកំណត់របស់រដ្ឋាភិបាលប៉ុណ្ណោះ។
លោកស្រីបន្តថា ប្រសិនបើឈ្នះការបោះឆ្នោត លោកស្រីនឹងបន្តការងារស្ថាបនាផ្លូវនៅក្នុងឃុំ និងផ្ដល់សេវាមូលដ្ឋានឲ្យបានល្អ និងទាន់ពេលវេលា។
អ្នកនាង កឹម តុលា បេក្ខជនមកពីគណបក្សប្រឆាំង បានអះអាងថា ប្រសិនបើជាប់ឆ្នោត អ្នកនាងនឹងអនុវត្តតាគោលនយោបាយរបស់គណបក្ស និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់៨២៩២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៥៩២ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៣៣ទូទាំងប្រទេសនៅក្នុងអាណត្តិនោះ។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមួយឆ្នាំក្រោយមក បានច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិនោះ ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ។ សម្រាប់ខេត្តកំពង់ស្ពឺ គណបក្សប្រឆាំងនេះ ទទួលបានតំណែងមេឃុំតែមួយប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ចំនួន៨៧៕