បេក្ខភាពនាំ​មុខពីរនាក់​លេចធ្លោនៅ​ក្នុងការប្រកួត​​តំណែង​ប្រធានអង្គការ​សហប្រជាជាតិ

អតី​តនាយក​រដ្ឋ​មន្រ្តី​ប្រទេស​នូវែលសេឡង់​អ្នកស្រី​ Helen Clark (ស្តាំ) ថ្លែង​សុន្ទរកថា​អំឡុងការ​ពិភាក្សា​តស៊ូ​មតិ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិរវាង​បេក្ខជនប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​រដ្ឋលេខាធិការ​អ.ស.ប.នៅ​ទីស្នាក់ការកណ្តាល​របស់​អង្គការ​សហប្រជាជាតិទីក្រុង​ Manhattan បុរីញូវយ៉ក​កាលពី​ថ្ងៃទី​១២ កក្កដា ២០១៦។

បេក្ខភាព​នាំមុខគេពីរ​នាក់ ​បានលេច​ចេញ​ពីបេក្ខជន​ចំនួន​ ១២​រូប​ សម្រាប់​តំណែង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អាណត្តិក្រោយ​ បើយោងតាម ​អ្នកការទូត​ ដែល​មាន​ចំណេះដឹងពី​កិច្ច​ដំណើរការ​នីតិវិធី​សម្ងាត់។

អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្គាល់​ លោក Antonio Guterres ​និង អតីត​ប្រធានស្លូវេនី ​លោក Danilo Turk លោក​ទាំងពីរនាក់​ បាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពីសមាជិក ​១៥រូបរបស់ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ការបោះឆ្នោត​ក្រៅផ្លូវការលើកដំបូង​ នៅថ្ងៃទី ២១​ ខែកក្កដា ​ដើម្បី​ជ្រើសអគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ថ្មី។

ក្រុមប្រឹក្សានេះ ​បាន​ផ្តល់អនុសាសន៍​ចុងក្រោយមួយ​ ឲ្យ​មហាសន្និបាត​សម្រាប់ការអនុម័ត​ ដែល​ទំនង​ជាធ្វើ​ការ​បោះឆ្នោត​ច្រើនជុំ​មុនពេល​ធ្វើការសម្រេចចិត្ត​នៅក្នុងខែបន្ត​បន្ទាប់​ខាងមុខ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទី​ប្រាំបួន​ ត្រូវគេរំពឹងថា​នឹងជាប់​ឈ្មោះ​មុនពេល​បំណាច់ឆ្នាំនេះ។

បេក្ខភាព​នាំមុខគេពីររូប​នោះ ​មានបទពិសោធន៍​ក្នុង​អង្គការ​សហប្រជាជាតិ​យ៉ាងទូលំទូលាយ ​បន្ថែម​លើប្រវត្តិរូប​នយោបាយ​របស់ពួកគេ។

លោក Guterres ​អាយុ ៦៧ឆ្នាំ​ គឺជានាយករដ្ឋមន្រ្តី​ពីឆ្នាំ​ ១៩៩៥ ដល់ ២០០២ ​និងបានបន្ត​ក្លាយ​ជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​សម្រាប់​ជនភៀសខ្លួន​រយៈពេល​មួយទសវត្សរ៍​ ហើយ​ទើប​ចាកចេញ​ពីតំណែង​នេះកាល​ពីខែធ្នូ។ ក្រោមការដឹកនាំ​របស់គាត់​ ទីភ្នាក់ងារ​នេះបានគ្រប់គ្រង​វិបត្តិ​ជន​ភៀសខ្លួន​ និងជន​ចំណាក​ស្រុក​ធំជាង​គេបំផុត​ ចាប់តាំង​ពីសង្គ្រាម​លោក​លើកទី​ II ។

លោក​ Turk​ អាយុ៦៤​ឆ្នាំ ជនជាតិ​ស្លូវេនី ​ជាមេធាវីសិទ្ធិមនុស្ស​ ដែលធ្លាប់ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​របស់​លោក ​ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ កាល​ពី​មុន គាត់បាន​បម្រើការ​ជា​ឯកអគ្គរដ្ឋទូត​អង្គការ​សហប្រជាជាតិ​ស្លូវេនីដំបូងគេ​ និងធ្លាប់​ជា​ប្រធានផ្នែកនយោបាយរង​អង្គការ​សហប្រជាជាតិ ​ក្រោម​អគ្គលេខាធិការ​ លោក កូហ្វីអាណាន់។

អ្នកការទូត​ បាន​និយាយ​ថាលោកស្រី​ Irina Bokova នៃ​ប្រទេស​ប៊ុលហ្គារី ​ជា​ប្រធាន​អង្គការ​យូណេស្កូ ​និង​លោកស្រី​ Helen Clark​ ពី​ប្រទេស​នូវែលសេឡង់ ​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ​ក៏​ធ្វើបាន​ល្អ​នៅ​ក្នុង​ការស្ទង់មតិ​ជា​លើក​ដំបូង​ផង​ដែរ។

មាន​ការជម្រុញមួយ​ ដោយរដ្ឋ​ជាសមាជិក​ច្រើន​ជាង​៥០រូប​ នៅឆ្នាំនេះ ​ដើម្បីជ្រើស​ស្ត្រីដើម្បី​បំពេញ​ការងារ​កំពូល​របស់​អង្គការ​សហប្រជាជាតិ។
នៅបាតតារាង​នៃបេក្ខជន​១២​រូប គឺ​មាន​បេក្ខភាព​មកពី ​ម៉ុងតេណេហ្គ្រោ​ សាធារណៈរដ្ឋ​ម៉ុលដាវី ​និងក្រូ​អា​ស៊ី​។ តំបន់អឺរ៉ុប​ខាងកើត​ មិនដែលបាន​កាន់​តំណែង​អង្គការ​សហប្រជាជាតិ​កំពូល​ទេ ​ហើយ​បានបញ្ជូន​បេក្ខជនចំនួន​ប្រាំបីរូប​ ដោយ​សង្ឃឹម​ថា​នឹង​ឈ្នះ។

លទ្ធផល​នៃការបោះឆ្នោត​ក្រៅផ្លូវការ​ របស់ក្រុមប្រឹក្សានេះ ​គឺពុំ​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈទេ។ ប៉ុន្តែ​ប្រធាន​មហាសន្និបាត​ លោក Mogens Lykketoft បាន​កែប្រែ​នូវ​ដំណើរ​ការ​ក្នុង​ឆ្នាំនេះ ​ដោយ​អំពាវនាវ​ឱ្យរដ្ឋាភិបាល​បញ្ជូន​បេក្ខជន​របស់ខ្លួនជាផ្លូវការ ​និងធ្វើ​បទសំភាសន៍ការងារ​ជាសាធារណៈ​ជាមួយ​ពួក​គេ​ ហើយ​យកទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​រិះគន់ក្រុមប្រឹក្សា ​ដែល​ពុំចេញលទ្ធផល​នៃ​ការស្ទង់មតិ​ជា​សាធារណៈ។

គាត់​បាន​សរសេរថា​ «សម្រាប់​ការ​យល់​ឃើញ​របស់ខ្ញុំ ការកំណត់ការ​ប្រាស្រ័យទាក់ទង​ ដែលការ​ពិតណាស់ ថាការ​ស្ទង់មតិក្រៅ​ផ្លូវ​ការ​បានកើតឡើង​ ដោយគ្មាន​ព័ត៌មាន​លម្អិត​បន្ថែម បាន​ធ្វើ​ឲ្យ​មាន​តម្លៃទាប​ និងមិន​ស្រប​តាមការរំពឹងទុក​ នៃសមាជិកភាព​ និងស្តង់ដាថ្មី​នៃភាព​បើកចំហ ​និង​តម្លាភាព​នោះទេ។»
ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ អ្នកស្រី ​Samantha Power ​បានប្រាប់អ្នក​រាយការណ៍​ព័ត៌មាន​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតថា ​«យើង​នឹង​មិន​មើលពី​តំណែង​របស់យើង ​ទៅ​លើ​បេក្ខជន​ណា​មួយ​ទេ។» អ្នកស្រីបាន​បន្តទៀតថា «ប៉ុន្តែយើងមិន​បាន​លាក់​ការពិត​ដែល​ថា​យើង​កំពុង​តែ​ស្វែងរក​បុគ្គលម្នាក់​ដែល​មាន​ជំនាញ​ ភាព​ជា​អ្នកដឹកនាំ​ខ្លាំង ជំនាញ​គ្រប់គ្រង​ខ្លាំង​ អ្នក​ដែល​មានការប្តេជ្ញា​ចិត្ត​ដើម្បី​ភាពយុត្តិធម៌​និង​ការ​ទទួលខុសត្រូវ ​និងអ្នក​ដែល​ស្មោះស្ម័គ្រ​ចំពោះ​ស្ថាបនិក​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ។»

បេសកជន​អង្គការសហប្រជាជាតិ​របស់​ប្រទេសបារាំង​ លោក François Delattre បាន​ប្រៀប​ធៀប​ការពិភាក្សា​សម្ងាត់​របស់ក្រុម​ប្រឹក្សានេះ​ ទៅ​នឹ​ងការជ្រើសរើស​សង្ឃរាជ​វិហារកាតូលិក​ «ជាមួយ​នឹង​ការ​លើកលែង​ដែល​អ្នកសង្កេតការណ៍​បាន​និយាយ​ថា​គ្មាន​ផ្សែង​សឬខ្មៅទេ»។ លោកបាន​បន្ថែម​ថា​ដំណើរការ​នេះគឺពិត​ជា ​«មាន​សារៈសំខាន់​ខ្លាំង​ណាស់​» ហើយ​ក្រុមប្រឹក្សា​ត្រូវតែធ្វើឱ្យប្រាកដ​ថា​ពួកគេ​បានជ្រើសរើស​បេក្ខជន​ដែល​ល្អបំផុត។

លោក​និយាយ​ថា​ «វាជាការ​បំផុសគំនិត និងការជឿ​ទុកចិត្ត​ និងធ្វើ​ឱ្យ​ប្រាកដថា​សហគមន៍​នៃ​ប្រជាជាតិ​ទទួលស្គាល់​អគ្គលេខាធិការ​នាពេលអនាគត»៕

ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង