មន្រ្តីគណបក្សភ្លើងទៀន២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំស្នាមមេដៃក្នុងការបង្កើតគណបក្សបេះដូងជាតិ ដែលពួកគេបានចូលរួមកាលពីមុន។ នេះបើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម ដែលត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន និងជាសមាជិកក្រុមការងារខេត្តស្វាយរៀង ដែលត្រូវបានឃាត់ខ្លួននៅក្នុងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រដូចគ្នា។ នេះបើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀន។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បន្ថែមថា ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងការក្លែងបន្លំស្នាមមេដៃ ដែលប្រមូលក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីកន្លងទៅ។ លោកចាត់ទុកការឃាត់ខ្លួននេះ ជារឿងនយោបាយ ដោយសារវាជារឿងអតីតកាល ហើយការចាប់ខ្លួន ខណៈពួកគេចូលរួមជាមួយគណបក្សភ្លើងទៀន និងខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។
លោកប្រាប់វីអូអេថា៖ «អញ្ចឹងទេ យើងគិតថាការចាប់ ការឃាត់ខ្លួនអ្នកទាំងពីរហ្នឹង ទោះតិចឬ ច្រើនយ៉ាងណា ក៏វាមានហេតុផលនយោបាយដែរ ក្នុងគោលបំណងធ្វើម៉េចឲ្យគូប្រជែងរបស់ខ្លួនហ្នឹងរងនូវសម្ពាធនយោបាយ មិនអាចធ្វើសកម្មភាពបានពេញលេញ...»។
ព័ត៌មានទាក់ទង៖
គណបក្សនយោបាយមួយចំនួនបន្តពង្រឹងសកម្មភាពមូលដ្ឋាន មុនការបោះឆ្នោតជិតមកដល់វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិនិងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននៅឡើយទេ។
កាលពីខែមេសា ឆ្នាំ២០២២ លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ទាក់ទងបទចោទបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិ៕