ជនជាតិ​ន័រវែស​ម្នាក់​នឹង​ប្រគល់​វត្ថុ​បុរាណ​ពីរ​ដុំ​មក​កម្ពុជា​វិញ

  • នៅ វណ្ណារិន

រូបថត​ឯកសារ៖ វត្ថុ​បុរាណ​រូប​ហនុមាន​ពី​សតវត្សរ៍​ទី១០ ត្រូវ​បាន​តម្កល់​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥។ សារមន្ទី​អាមេរិ​កាំង The Cleveland Museum of Art បាន​ប្រគល់​វត្ថុ​បុរាណរូប​ហនុមាន ជូន​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ ទី ១២ ខែឧសភា ឆ្នាំ២០១៥។

វត្ថុ​បុរាណ​ទាំង​ពីរ​រួម​មាន​ ​ព្រះ​កេស​ព្រះ​ឥសូរ​សម័យ​អង្គរ​ ​សតវត្សរ៍​ទី៩ ​និង​ព្រះ​កេស​ទេព​ប្រុស​សម័យ​អង្គរ​​សតវត្សរ៍​ទី​១២​​។​

វត្ថុ​បុរាណ​ខ្មែរចំនួន​ពីរ​ដុំ​ ដែល​មាន​អាយុ​ជិត​១.០០០​ឆ្នាំ​ ​នឹង​ត្រូវ​ប្រគល់​ជូន​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ​បន្ទាប់​ពី​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ ​ប្រទេស​ដ៏​ក្រីក្រ​នេះ​កាល​ពី​សម័យ​សង្គ្រាម​នា​ទសវត្សរ៍​១៩៧០។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យដឹងថា​ ​ព្រះ​កេស​ព្រះ​ឥសូរ​សម័យ​អង្គរ​ ​សតវត្សរ៍​ទី៩​និង​ព្រះ​កេស​ទេព​ប្រុស​សម័យ​អង្គរសតវត្សរ៍​ទី​១២ត្រូវ​បាន​ប្រមូល​ទុក​ដោយ​ ​លោក​ ម័រធិន បូស្ទ័ររូដ​ (Morten Bosterud) ​ជនជាតិ​ន័រវែស (Norway)។​ ​ហើយ​ពិធី​ប្រគល់​ផ្លូវការ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ​សារ​មន្ទីរ​ជាតិ​នា​ក្រុង​ភ្នំពេញ។ ​

លោក​ស្រី ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់ ​VOA​ នា​ថ្ងៃ ​សុក្រ​នេះ​ថា​ ​វត្ថុ​ទាំង​ពីរ​នេះ​ ​ត្រូវ​បាន​លោក​ Morten Bosterud ទិញ​និង​រក្សា​ទុក​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧០​ ​ពេល​ដែល​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។​

«យើង​ចង់​ឲ្យ​រូប​ដែល​បាត់​បង់​នា​នា​ហ្នឹង​ ​ដោយ​បុព្វ​ហេតុ​ពី​មុន​ហ្នឹង​ត្រឡប់​ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ។ ​ដូច្នោះ​មាន​ន័យ​សម្រាប់​ ​ជា​រូប​ផ្ទាល់​តែ​ម្តង​ដែល​ រូប​ទាំង​ពីរ​ហ្នឹង​បាន​ត្រឡប់​មក​ប្រទេស​កំណើត​និង​ជា​កាយ​វិការ​មួយ​ដែរ​ អំពី​សប្បុរសជន​នា​នា​ដែល​គាត់​មាន​របស់​ហ្នឹង​ហើយ​គាត់​មាន​បំណង​ចង់​ប្រ​គល់​របស់​ហ្នឹង​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​កម្ពុជា។ យើង​នឹង​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ។​ ​និយាយ​ទៅ​វា​មាន​ន័យ​ ទាំង​ផ្នែក​ជាតិ​និង​អន្តរជាតិ‍»។

យ៉ាងណា​ក៏​ដោយ​ដោយ​សារ​តែ​ស្ថានភាព​សង្គ្រាម​ក្នុង​ពេល​អតីតកាល​ មន្ត្រី​កម្ពុជា​ពុំ​ទាន់​កំណត់​បាន​ថា​ព្រះ​កេសទាំង​ពីរ​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​ណា​នៅ​ឡើយ​នោះ​ទេ។​

​លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖​

​«អត់​មាន​ដឹង​ ថា​បាន​យក​ចេញ​ពី​កន្លែង​ណា​ទេ។​ តាម​ពិត​ទៅ​គឺ​លោក​ ម័រធិន​ ​គាត់​បាន​ជាវ​ជា​យូរ​មក​ហើយ​តាំង​ពី​ក្នុង​អំឡុង​ឆ្នាំ​៧០​ម្ល៉េះ។​ ​បើ​និយាយ​ទៅ​គឺ​រូប​ហ្នឹង​គឺ​យក​ពី​សម័យ​សង្គ្រាម​ ​ជំនាន់​លន់ នល់​ ​តែ​គ្រាន់​តែ​គាត់​បាន​យក​មក​ឲ្យ​ប្រទេស​យើង​វិញ»។​

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វត្ថុ​បុរាណ​ជា​ច្រើន​បំណែក​ឬ​ដុំ​ដែល​ត្រូវ​ ​បាន​គេ​ប្រគល់​ដល់​ប្រទេស​កំណើតវិញ​ជា​បន្តបន្ទាប់ក្រោយ​ការ​ស្នើសុំរបស់​ប្រទេស​កម្ពុជា​និង​ដោយ​ស្ម័គ្រចិត្ត​ ​បន្ទាប់​ពី​ត្រូវ​បាន​ឧក្រិដ្ឋជន​លួច​ពី​ប្រាសាទ​នានា​ ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ។​ ​ជាក់​ស្តែង​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ មក​សារ​មន្ទីរ​ អាមេរិកាំង​ The Cleveland Museum of Art ​បាន​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមានកម្ពស់​ជាង​ ​មួយ​ម៉ែត្រ​ ​ដែល​កសាង​ក្នុងសតវត្សរ៍​ទី​១០​ដល់​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។​ ​រូប​ហនុមាន​នេះ​គឺ​ជារូប​ចម្លាក់​ធំ​ទី​៦​ ដែល​ត្រូវ​បាន​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​ ​មក​ប្រទេស​កម្ពុជា​វិញ។

​លោក​ស្រី ​ភឿង សកុណា​ បាន​ឲ្យ​ដឹង​ថា​មកដល់​ត្រឹម​ខែ​មេសា​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ វត្ថុ​បុរាណ​ប្រមាណ​៣០០​រូប​ពី​ប្រទេស​នានា​ និង​ ៧៥រូបពី​បុគ្គល​ឯកជន។​

​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ ​ដែល​ VOA​ បាន​ទទួល​បញ្ជាក់​ថា​ ​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ព្រះ​កេស​ដែល ​មាន​អាយុ​ជិត​១ពាន់​ឆ្នាំ​ នា​ថ្ងៃ​អង្គារ​ខាងមុខនេះ​ ​លោក​ ម័រធិន បូស្ទ័ររូដ​ (Morten Bosterud​) ក៏​នឹង​ប្រគល់​វត្ថុ​សិល្បៈ​របស់​ខ្មែរ​ចំនួន​៩ដុំ​ផ្សេង​ទៀត​ផង​ដែរ៕