គ្រូកីឡាបេឡារុសពីររូបត្រូវបានដកចេញពីកីឡាអូឡាំពិកក្រុងតូក្យូចំពោះការព្យាយាមដែលត្រូវបានចោទប្រកាន់ថាបានបង្ខំឱ្យកីឡាការិនីរត់ប្រណាំងនេះឡើងយន្តហោះទៅប្រទេសវិញដែលនាំឱ្យមានការថ្កោលទោសពីអន្តរជាតិ។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ខ្លួនបានដកលោក Artur Shimak និងលោក Yury Maisevich ហើយពួកគេបានចាកចេញពីអូឡាំពិកហើយ។គណៈកម្មាធិការនេះបាននិយាយនៅសប្តាហ៍នេះថាខ្លួនកំពុងស៊ើបអង្កេតអំពីតួនាទីរបស់អ្នកទាំងពីរក្នុងករណីកីឡាការិនី Krystsina Tsimanouskaya ផ្នែករត់ប្រណាំងដែលបានស្វែងរកការការពារនៅអាកាសយានដ្ឋានទីក្រុងតូក្យូកុំឱ្យគេបង្ខំនាងឡើងយន្តហោះទៅផ្ទះវិញ។
នាងបាននិយាយថានាងបារម្ភអំពីជីវិតរបស់នាងប្រសិនបើត្រូវបង្ខំឱ្យត្រឡប់ទៅប្រទេសបេឡារុសដែលមានចលាចលផ្នែកនយោបាយនិងការបង្ក្រាបលើអ្នកប្រឆាំងបន្ទាប់ពីការបោះឆ្នោតដែលមានជម្លោះហើយដែលបុរសខ្លាំងគឺលោក Alexander Lukashenko ឡើងកាន់អំណាចកាលពីឆ្នាំមុន។
នាង Tsimanouskaya គឺជាកីឡាការិនីបេឡារុសម្នាក់នៃកីឡាករបេឡារុសជាង២.០០០នាក់ដែលបានចុះហត្ថលេខាលើលិខិតចំហមួយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនិងដោះលែងអ្នកទោសនយោបាយ។
ប៉ុន្តែបញ្ហារបស់នាងនៅទីក្រុងតូក្យូបានកើតឡើងបន្ទាប់ពីនាងបានបង្ហោះនៅលើ Instagram របស់នាងដោយរិះគន់គ្រូកីឡារបស់នាងថាបានបញ្ចូលនាងទៅក្នុងការប្រកួតដោយមិនបានប្រាប់នាងជាមុន។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថាគ្រូកីឡាទាំងពីរនឹងត្រូវបានផ្តល់ឱកាសឱ្យបកស្រាយប៉ុន្តែវិធានការចំពោះពួកគេនេះត្រូវបានធ្វើឡើងដើម្បីសុខុមាលភាពរបស់អត្តពលិកមកពីប្រទេសបេឡារុសដែលកំពុងស្ថិតនៅទីក្រុងតូក្យូ។
ប្រទេសបេឡារុសក៏មានបញ្ហាជាមួយគណៈកម្មាធិការអូឡាំពិកតាំងពីឆ្នាំមុនដែរ។ លោកប្រធានាធិបតី Alexander Lukashenko និងកូនប្រុសឈ្មោះ Viktor ត្រូវបានហាមឃាត់មិនឱ្យចូលរួមកីឡាអូឡាំពិកដោយសារពួកគេធ្វើបាបអត្តពលិកដោយសារទស្សនៈនយោបាយ។មិនយូរប៉ុន្មានមុនការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូលោក Lukashenko បានព្រមានមន្ត្រីកីឡានិងអត្តពលិកថា លោករំពឹងថានឹងទទួលបានលទ្ធផលពីកីឡាអូឡាំពិកប្រទេសជប៉ុន។ លោកបាននិយាយថា៖«គិតឱ្យហើយមុនទៅប្រកួត។ បើអ្នកត្រឡប់មកវិញដោយគ្មានអ្វីសោះយកល្អមិនចាំបាច់មកវិញទេ»៕