អង្គការការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិសំខាន់ៗសរុបចំនួន២៤ រួមមានអង្គការលីកាដូ (Licadho) សមាគមអាដហុក (Adhoc) គណៈកម្មការ ចៅក្រមអន្តរជាតិ (ICJ) អង្គការAmnesty International របស់ប្រទេសអង់គ្លេសនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) របស់សហរដ្ឋអាមេរិកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេត «ដោយហ្មត់ចត់ និងមានប្រសិទ្ធភាព»ទៅលើការសម្លាប់លោក បណ្ឌិត កែម ឡី។
អ្នកវិភាគនយោបាយនិងកិច្ចអភិវឌ្ឍន៍សង្គមរូបនេះត្រូវឃាតករបាញ់សម្លាប់យ៉ាងប្រកៀកបំផុតនៅក្នុងម៉ាតមួយក្នុងស្ថានីយ៍ប្រេងឥន្ធនៈបូកគោ នៅទីក្រុងភ្នំពេញ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុនដល់ខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី។
លោក Frederick Rawski ប្រធានគណៈកម្មការចៅក្រមអន្តរជាតិ (ICJ) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានគេស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារនេះថា៖
«វាមានរយៈពេលបីឆ្នាំមកហើយ ចាប់តាំងពីភាពខ្វះចន្លោះជាច្រើនត្រូវបាត់កត់ចំណាំទុកក្នុងកិច្ចស៊ើបអង្កេត និងសវនាការក្នុងករណីលោកកែម ឡី ដែលការខ្វះចន្លោះនេះចាំបាច់ត្រូវទទួលបានដំណោះស្រាយសមស្របតាមរយៈការស៊ើបអង្កេតដែលឯករាជ្យ មិនលម្អៀង និងអាចយកជាការបាន»។
ចំណែកលោកPhil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ត្រូវបានគេស្រង់សម្តីតាមអត្ថន័យដើមថា៖ «សវនាការដ៏គួរឲ្យអស់សំណើចរបស់ អឿត អាង ធ្វើឡើងដោយមិនស្របតាមបទដ្ឋានកាត់ក្តីលក្ខណៈអន្តរជាតិ ហើយបានលើកឡើងនូវចំណោទច្រើនជាងចម្លើយអំពីនរណាពិតជានៅពីក្រោយការសម្លាប់អ្នកវិភាគនយោបាយគួរឲ្យគោរពមួយរូប ដែលហ៊ាននិយាយរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លាំងៗនោះ»។
ការបាញ់សម្លាប់អតីតអ្នកវិភាគនយោបាយ និងកិច្ចអភិវឌ្ឍន៍សង្គមរូបនេះកើតមានឡើង បន្ទាប់ពីលោកបានផ្តល់ការអធិប្បាយនានាទៅលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការក្តោបក្តាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្រោយការបាញ់សម្លាប់លោក កែម ឡី ភ្លាមៗ សមត្ថកិច្ចក្នុងរាជធានីភ្នំពេញចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សម្លាប់ហើយថាការបាញ់សម្លាប់លោក កែម ឡី គឺដោយសារអ្នកវិភាគដ៏ល្បីល្បាញរូបនេះជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារមិនព្រមសង។ ការណ៍នេះធ្វើឲ្យអ្នកគាំទ្រនិងក្រុមគ្រួសាររបស់លោក កែម ឡី មិនអស់ចិត្តនិងបានលើកឡើងថា ជួប សម្លាប់ បានប្រឌិតការជំពាក់បំណុលនេះឡើង។
ជនសង្ស័យត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រាប់ VOA នៅថ្ងៃអង្គារនេះថា មានមន្ទិលជាច្រើននៅពីក្រោយឃាតកម្មលើលោកកែម ឡី។
«ឃាតកម្មលើលោកបណ្ឌិតកែម ឡី នេះ គឺជាការគំរាមកំហែង បំភិតបំភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកការពារសិទ្ធិមនុស្ស អ៊ីចឹងបានយើង ក្នុងនាមជាអង្គការសង្គមស៊ីវិលដែរនោះ គឺទាមទារឲ្យមាន ការបង្កើតនូវគណៈកម្មការឯករាជ្យ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមរកអ្នកដែលពាក់ព័ន្ធ ហើយនិងអ្នកនៅពីក្រោយហ្នឹង យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់»។
ក្រុមអង្គការសិទ្ធិមនុស្សទាំង២៤បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យធានាដល់ឯករាជ្យភាពរបស់ចៅក្រមស៊ើបសួរនិងអ្នកស៊ើបអង្កេត មានតម្លាភាពនិងបើកចំហរសម្រាប់សាធារណជននិងសមាជិកគ្រួសារជនរងគ្រោះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាសំណុំរឿងលោកកែម ឡី ត្រូវបានបំបែកជាពីរ ដោយមានកាត់ទោសជនជាប់ចោទ ជួប សម្លាប់ និងការស៊ើបអង្កេតបន្តរកអ្នកនៅពីក្រោយខ្នង។
លោកបានបន្ថែមថា ករណីលោក ជួប សម្លាប់ បានបញ្ចប់ តែការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងបន្ថែមលើការកាត់ទោស ជួប សម្លាប់ នោះ នៅបន្តនៅឡើយ។
ក្នុងពេលនេះសមាជិកគ្រួសាររបស់សពលោកបណ្ឌិតកែម ឡី និងអ្នកគាំទ្ររបស់លោកកំពុងរៀបចំពិធីបុណ្យរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់រូបលោក នៅភូមិកំណើតរបស់លោកនៅឯស្រុកត្រាំកក់ ខេត្តតាកែវ នៅខេត្តបន្ទាយមានជ័យនិងនៅរាជធានីភ្នំពេញ។
ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យមិនផ្តល់ការអនុញ្ញាតដល់ការរៀបចំពិធីនោះទេ៕