ក្រុមមន្រ្តីតួកគីបានថ្លែងថា មានមនុស្សយ៉ាងហោចណាស់ចំនួន២៨នាក់ត្រូវបានសម្លាប់ និង៦១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែក ដែលគេបានដាក់ក្នុងរថយន្តមួយគ្រឿងនៅក្នុងរដ្ឋធានីអង់ការ៉ា។
ការផ្ទុះគ្រាប់បែកនេះបានកើតឡើង ស្របពេលដែលក្បួនរថយន្តរបស់យោធាបានឆ្លងកាត់ទីនោះ ដែលស្ថិតនៅចម្ងាយប្រមាណ២ឬ៣រយម៉ែត្រពីទីស្នាក់ការយោធាតែប៉ុណ្ណោះ។
ក្រុមប៉ូលិសកំពុងតែស៊ើបអង្កេតលើហេតុការណ៍នេះ។ មន្រ្តីរដ្ឋាភិបាលតួកគីម្នាក់បាននិយាយថា ការវាយប្រហារនេះត្រូវបានគ្រោងទុកជាមុនយ៉ាងល្អ ប៉ុន្តែនៅពុំទាន់មានព័ត៌មានភ្លាមៗអំពីថាតើនរណាជាអ្នកបង្កឡើងនៅឡើយទេ។
មន្រ្តីម្នាក់បាននិយាយថា លោកនាយករដ្ឋមន្រ្តីតួកគី Ahmet Davutoglu បានលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីប្រ៊ុយសែល (Brussels) និង ប្រទេសអាហ៊្សេបៃហ្សង់ (Azerbaijan) បន្ទាប់ពីការវាយប្រហារនេះបានកើតឡើង។
រដ្ឋាភិបាលបានហាមឃាត់មិនឲ្យប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយរូបភាពអំពីការផ្ទុះនេះនោះទេ។
ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីអង់ការ៉ាក៏បានចូលរួមរំលែកទុក្ខចំពោះការវាយប្រហារនេះលើគណនីTwitterរបស់ខ្លួនផងដែរ៕