ប៉ូលិសនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក បាននិយាយថា បុរសម្នាក់ដែលបានវាយប្រហារលើកន្លែងប្រគុំតន្ត្រីមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បានស្លាប់មនុស្សយ៉ាងតិច ៥០ នាក់ និងធ្វើឲ្យមនុស្សជាង ២០០ នាក់ទៀតរងរបួស។
ប៉ូលិសក្រុង Las Vegas លោក Joseph Lombardo បានប្រាប់អ្នកសារព័ត៌មានថា អ្នកវាយប្រហាររូបនោះ ពេលនោះនៅជាន់ទី ៣២ នៃអាគារកាស៊ីណូ Mandalay Bay ដែលស្ថិតនៅម្ខាងផ្លូវទល់មុខនឹងកន្លែងប្រគុំតន្ត្រីកណ្ដាលវាលនោះ ដែលនៅទីនោះផ្ទាំងវីដេអូនានាបានបង្ហាញឲ្យឃើញនូវអ្នកចូលរួមការប្រគុំតន្ត្រីនេះឱនក្បាលរកកន្លែងពួន ស្រែក និងរត់គេច ពេលដែលគេឭសូរស្នូរគ្រាប់កាំភ្លើងបាញ់រះជាបន្តបន្ទាប់។
លោក Joseph Lombardo បាននិយាយថា អាជ្ញាធរមិនទាន់អាចបង្ហាញអត្តសញ្ញាណរបស់អ្នកបាញ់ប្រហារនោះនៅឡើយទេ ប៉ុន្តែក្រុមប៉ូលិសពិសេសបានបាញ់តតាំងជាមួយនឹងអ្នកវាយប្រហារនោះ ដែលជាហេតុធ្វើឲ្យអ្នកវាយប្រហារនេះបានស្លាប់ ហើយក្រុមប៉ូលិសពិសេសនោះជឿជាក់ថា ជននោះធ្វើការវាយប្រហារតែម្នាក់ឯងទេ។ ឥឡូវនេះ ប៉ូលិសកំពុងធ្វើការស្វែងរកស្ត្រីម្នាក់ដែលជាអ្នកស្នាក់នៅជាមួយនឹងជននេះ ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត។
ប៉ូលិសដែលមិនស្ថិតក្នុងម៉ោងធ្វើការជាច្រើននាក់ ដែលនៅកន្លែងប្រគុំតន្ត្រីនោះដែរ ស្ថិតក្នុងចំណោមអ្នកដែលស្លាប់ទាំងនោះ។
ពេលដែលហេតុការណ៍នេះបានកើតឡើង មនុស្សម្នាបានស្វែងរកកន្លែងសុវត្ថិភាពតាមសណ្ឋាគារជាច្រើននៅក្នុងសង្កាត់ទេសចរណ៍ប្រជាប្រិយមួយនេះ។ ប្រលានយន្តហោះអន្តរជាតិ Las Vegas ក៏ស្ថិតនៅក្នុងតំបន់នោះដែរ ហើយជើងហោះហើរនានាត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារការបាញ់ប្រហារនេះ៕