ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន១២ នៅថ្ងៃអង្គារ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការយាយីរបស់ខ្លួនទៅលើក្រុមអ្នករិះគន់វិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលរួមទាំងអ្នកសារព័ត៌មានឯករាជ្យនិងពលរដ្ឋសាមញ្ញផងដែរ។
ការអំពាវនាវនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្ពុជារួមសហការជាមួយអង្គការយូណេស្កូ ត្រៀមរៀបចំកិច្ចពិភាក្សា«កម្រិតខ្ពស់»មួយស្តីពីសេរីភាពសារព័ត៌មាននៅថ្ងៃទី២៧ ខែឧសភានេះ ដែលជាផ្នែកមួយនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។
ក្រុមអង្គការទាំង១២ដែលរួមមានអង្គការ Human Rights Watch អង្គការ Amnesty International និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ជាដើម បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេថា ប្រទេសកម្ពុជាបានរំលោភបំពានសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិផ្សេងៗទៀតក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ ដោយការបំបិទមាត់សំឡេងរិះគន់តាមបណ្តាញសង្គមនិងការរាយការណ៍ព័ត៌មានអំពីជំងឺកូវីដ១៩ដោយអ្នកសារព័ត៌មានឯករាជ្យ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានថ្លែងថា៖
«ការបញ្ចេញមតិដោយសេរីនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារៈសំខាន់ក្នុងការផ្តល់តម្លាភាពនិងព័ត៌មានទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺឆ្លងរាតត្បាតនេះ។ ប៉ុន្តែ ជាអកុសល រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើផ្ទុយស្រឡះពីនេះទៅវិញ»។
អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុគ្គលរាប់សិបនាក់ដោយសារការបញ្ចេញមតិរិះគន់អំពីវិធានការរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងបានកាត់ទោសមនុស្យយ៉ាងតិច៣នាក់ ចំពោះការបង្ហោះវីដេអូតាមបណ្តាញ TikTok រិះគន់ការប្រើប្រាស់វ៉ាក់សាំងផលិតនៅប្រទេសចិន។ នេះបើយោងតាមក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ។
ប៉ុន្តែ កន្លងមក មន្ត្រីរដ្ឋាភិបាលបានលើកឡើងថាចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលមួយចំនួនគឺដោយសារពួកគេបានប្រព្រឹត្តទង្វើដែលរដ្ឋាភិបាលចាត់ទុកថា«បង្កភាពវឹកវរដល់សង្គម»តែប៉ុណ្ណោះ។
នៅឆ្នាំ២០២១នេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤៤ក្នុងចំណោមប្រទេស១៨០ក្នុងសន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន៕