អ្នក​សារព័ត៌មាន​ទូរទស្សន៍ Marti ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​ប្រឌិត​ពី​ការ​វាយ​ប្រហារ​តាម​ទូរទស្សន៍

  • Brian Padden

រូបឯកសារ៖ រូបភាពបង្ហាញពីការិយាល័យផ្សព្វផ្សាយនៅគុយបាសម្រាប់សារព័ត៌មានវិទ្យុ និង​ទូរទស្សន៍ Marti របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM) នៅរដ្ឋ Miami កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧។

អ្នក​សារព័ត៌មាន​ទូរទស្សន៍ Marti របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM) ដែល​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​គឺ​លោក Tomas Regalado Jr. ដែល​ជា​កូន​ប្រុស​នាយក​ការិយាល័យ​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​គុយបា​គឺ​លោក Tomas Regalado Sr.។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM) កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា អ្នក​សារព័ត៌មាន​មួយ​រូប​សម្រាប់​សេវា​ផ្សាយ​ទូរទស្សន៍ Marti ដែល​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​គុយបា​នោះ បាន​ប្រឌិត​អំពី​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ត្បាល់​មួយ ក្នុង​អំឡុង​ពេល​រាយការណ៍​ព័ត៌មាន​តាម​ទូរទស្សន៍​ពី​ប្រទេស​នីការ៉ាហ្គា។

អ្នក​សារព័ត៌មាន​ទូរទស្សន៍ Marti របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM) ដែល​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​គឺ​លោក Tomas Regalado Jr. ដែល​ជា​កូន​ប្រុស​នាយក​ការិយាល័យ​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​គុយបា​គឺ​លោក Tomas Regalado Sr.។ លោក Regalado ដែល​ជា​ឪពុក​បាន​ដាក់​អាទិភាព​ឲ្យ​បង្កើន​បទដ្ឋាន​អ្នក​សារព័ត៌មាន​ បន្ទាប់​អង្គភាព​ដែល​ផ្គត់ផ្គង់​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក​មួយ​នេះ​ បាន​ផ្សាយ​ព័ត៌មានរើសអើង​ ដោយ​បាន​ហៅ​លោក George Soros ដែល​ជា​អ្នកធ្វើ​អំពើ​មនុស្ស​ធម៌​សេរី​មួយ​រូប​ ថា​ជា «អ្នក​កាន់​សាសនា​ជីហ្វ​ដែល​មិន​ជឿ​ទៅ​លើ​ក្រម​សីលធម៌​សាសនា​ជីហ្វ»។

បទ​ចោទ​ប្រកាន់​ប្រឌិត​រឿង​មិន​ពិត​

បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អេស៉្បាញ CiberCuba និង Cubanos por el Mundo ថ្មីៗ​នេះ​បាន​ធ្វើ​ការ​ចោទ​សួរ​អំពី​សុពលភាព​នៃ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ Marti ដែល​រង​ការ​ចោទ​ប្រកាន់​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ ដែល​បង្ហាញ​ពី​លោក​ Regalado Jr. រាយការណ៍​ព័ត៌មាន​ពី​ដង​ផ្លូវ​មួយ​ក្នុង​រដ្ឋធានី Managua ក្នុង​ប្រទេស ​នីការ៉ាហ្គា នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​តូច​មួយ​នៅ​ពី​ក្រោយ​លោក។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​គុយបា​នានា​បាន​ទាញ​យក​វីដេអូ​ដែល​ហាក់​បាន​បង្ហាញ​ពី​ការ​វាយ​ប្រហារ​ដែល​ត្រូវ​បាន​គេ​ប្រឌិត​ឡើង ដើម្បី​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ដូច​អ្នក​សារព័ត៌មាន​រងការ​វាយ​ប្រហារ។ វីដេអូ​នេះ​បង្ហាញ​ពី​ក្រុម​បុរស​ពាក់​ស្រោម​មុខ​បាញ់​កាំភ្លើង​ត្បាល់​ ហើយ​អ្នក​ថត​វីដេអូ​ក្រោយ​មក​បាន​បែរ​ទៅ​ផ្តោត​លើ​លោក Regalado Jr. ខណៈ​លោក​កំពុង​រត់​ត្រឹកៗ​ទៅ​មុខ ខណៈ​មាន​សំឡេង​សើច​របស់​អ្នក​ចូល​ពាក់ព័ន្ធ​ទាំង​អស់​ពី​ក្រោយ។

លោក Regalado Jr. និង​អ្នក​កាន់​ម៉ាស៊ីន​ថត​របស់​ទូរទស្សន៍ Marti ដែល​ថត​សេចក្តីរាយការណ៍​ដែល​មាន​ការ​សង្ស័យ​នេះ​គឺ​លោក Rodolfo Hernandez ​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ស្រប​ពេល​ដែល​មាន​ការ​ស៊ើប​អង្កេត​របស់ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM)។

កាលពី​ខែ​ធ្នូ លោក Hernandez បាន​ទទួល​រង្វាន់ David Burke ដែល​ជា​រង្វាន់​សារព័ត៌មាន​ល្បីល្បាញ​មួយ​របស់​ទីភ្នាក់ងារ​ USAGM ដោយ​សារ​តែ​លោក​បាន​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ ​«ការ​ប្តេជ្ញា​យ៉ាង​អង់អាច​ក្លាហាន» ពី​ប្រទេស​នីការ៉ាហ្គា និង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់។

នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ (USAGM) លោក John Lansingថ្លែង​នៅ​ក្នុង​សារ​អេឡិច​ត្រូនិច​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា «លោក​ប្រកាន់​យក​បទដ្ឋាន​និង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ទីភ្នាក់ងារ USAGM យ៉ាង​ម៉ត់​ចត់»។ លោក​ក៏​បាន​ថ្លែង​ថា លោក​រំពឹង​ថា​ «បណ្តាញ​សារព័ត៌មាន​ទាំង​អស់​ដែល​ស្ថិត​ក្រោម​ទីភ្នាក់ងារ USAGM ប្រកាន់​ភ្ជាប់​នូវ​ការ​ពិត ភាព​យុត្តិធម៌ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពេល​រាយការណ៍​ព័ត៌មាន»។

បញ្ហា​ជឿ​ទុកចិត្ត

លោក Alex Otaola នៃសារព័ត៌មាន Cubanos Por el Mundo ស្ថិតក្នុងចំណោមអ្នកដែលបានបង្ហោះវីដេអូបង្ហាញពីការក្លែងបន្លំនេះដំបូងគេ។ លោកបានថ្លែងថា ប្រសិនឧបទ្ទវហេតុនេះជាការប្រឌិតឡើងនោះ ការបំផ្លើសរបស់បណ្តាញផ្សព្វផ្សាយនេះនឹងបំផ្លាញជំនឿទុកចិត្តទៅលើបណ្តាញផ្សាយព័ត៌មានទាំងអស់ ហើយនិងក្រុមបក្សប្រឆាំងដែលព្យាយាមចង់ផ្តល់ព័ត៌មានដល់ទស្សនិកជននៅក្នុងប្រទេសគុយបា កន្លែងដែលរដ្ឋាភិបាលកុម្មុយនិស្តបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ។

លោក Otaola បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រចាំ​សប្តាហ៍​របស់​លោក​ក្នុង​គេហទំព័រ Youtube ដែល​មាន​ឈ្មោះ​ថា «Hola Ota-Ola» ថា៖

«ប្រសិន​បើ​គេ​អាច​រក​ឃើញ​ថា អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​និង​មូលហេតុ​ដែល​ពួកគេ​ធ្វើ​ដូច្នេះ​ក្រោយ​ការ​ស៊ើប​អង្កេត​ហើយ​គេ​សន្និដ្ឋាន​ថា​វា​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​របស់​មនុស្ស​គ្រប់គ្នា​ដែល​ខិត​ខំ​ធ្វើ​កិច្ចការ​ដើម្បី​បញ្ចេញ​សំឡេង​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព​របស់​ប្រទេស​គុយបា»។

លោក Regalado Sr. នាយក​ការិយាល័យ​ផ្សាយ​ព័ត៌មាន​ទៅ​គុយបា​ហៅ​កាត់​ថា OCBនិង​ជា​អតីត​អភិបាល​ក្រុង Miami រដ្ឋ Florida បាន​ប្រាប់​កាសែត The New York Times ថា លោក​បាន​ដក​ខ្លួន​ចេញ​មិន​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​កូន​ប្រុស​របស់​លោក​នោះ​ទេ ហើយ​ថាលោក គ្រោង​នឹងបន្ត​មុខ​នាទី​ជា​ថ្នាក់ដឹកនាំ​ការិយាល័យ​នេះ​ដដែល។

កាល​ពី​ដើម​ឆ្នាំ២០១៩ នេះ ទីភ្នាក់ងារ USAGM ដែល​មើល​ការ​ខុស​ត្រូវ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​លក្ខណៈ​អន្តរជាតិ​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​របស់​ពលរដ្ឋ​អ្នក​បង់ពន្ធ​រួម​មាន​ សំឡេង​សហរដ្ឋ​អាមេរិក VOA ផង​ដែរ​នោះ​ បាន​បញ្ជារ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​និង​អ្នក​វិជ្ជាជីវៈ​ជំនាញ​ឯករាជ្យ​ពិនិត្យ​ទៅ​លើ​កម្មវិធី​របស់​ការិយាល័យ OCB ពាក់ព័ន្ធ​នឹង​ភាព​អសីលធម៌ គ្មាន​វិជ្ជាជីវៈ ភាព​លំអៀង​និង​គ្មាន​បទ​ដ្ឋាន​ត្រឹមត្រូវ។ ការ​ត្រួត​ពិនិត្យ​ដិត​ដល់​មួយ​បាន​រក​ឃើញ​ថា មាន​ការ​ប៉ុនប៉ង​តិចតួច​ឬ​មិន​មាន​ការប៉ុនប៉ង​ក្នុង​ការ​ផលិត​សេចក្តី​រាយការណ៍​ដែល​មាន​តុល្យភាព​នៅ​ទាំង​វិទ្យុ​និង​ទូរទស្សន៍ Marti ហើយ​ថា បទ​ដ្ឋាន​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ឥត​លំអៀង​ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រងើយ​កន្តើយ​ ដោយ​លំអៀង​ទៅ​រក​វិធីសាស្ត្រ​ធ្វើ​ផ្សព្ធ​ផ្សាយបែប​ឃោសនា។

ក្រុម​ការងារ​រួម​គ្នា​រវាង​ទីភ្នាក់ងារ USAGM និង OCB ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​បទដ្ឋាន​អ្នកសារព័ត៌មាន ក៏​ដូច​ជា​ដើម្បី​ជួយ​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​កាន់​តែ​ប្រសើរ​ជាង​មុន។

ដោយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Miami ការិយាល័យ​ផ្សាយ​ព័ត៌មាន​ទៅ​គុយបា​ OCB គ្រប់គ្រង​វិទ្យុ Marti ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៨៥ និង​ទូរទស្សន៍ Marti ដែល​ត្រូវ​បាន​បង្កើត​ឡើង​៥ឆ្នាំ​ក្រោយ​មក។ ក្នុង​ឆ្នាំ២០១៨ ការិយាល័យ OCB ទទួល​បាន​ថវិកា​ជាង២៩លាន​ដុល្លារ​ពី​ថវិកា​សហព័ន្ធ។ ទូរទស្សន៍ Marti ​ផ្សាយ​ព័ត៌មាន​ដល់ប្រជាពលរដ្ឋ​គុយបា​ជិត​១១ភាគរយ​ ប៉ុន្តែ​សេវា​ទូរទស្សន៍​ជា​ញឹកញាប់​ត្រូវ​បាន​រារាំង​ដោយ​រដ្ឋាភិបាល​គុយបា។

ទូរទស្សន៍​និង​វិទ្យុ Marti ​ត្រូវ​បាន​ក្រសួង​ការបរទេស​និង​សភា​ស្តី​បន្ទោស​ជា​យូរ​មក​ហើយ​ថា​ផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​និង​ជា​ការឃោសនា​មិន​ល្អ។

បញ្ហា​ចម្រូង​ចម្រាស​ពាក់ព័ន្ធ​នឹង​លោក Soros ដែល​ដំបូង​ឡើយ​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ឆ្នាំ២០១៨ បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ប៉ុន្មាន​ខែ​ក្រោយ​មក ​បន្ទាប់​ពី​អ្នក​សរសេរ​ប្លុក​ម្នាក់​បាន​បញ្ចេញ​ឲ្យ​ឃើញ។ លោក Lansing បាន​ថ្កោល​ទោស​សេចក្តី​រាយការណ៍​អំពី​លោក Soros ថា​ជា​ការ​ប៉ះពាល់​កិត្តិយស​ធ្ងន់ធ្ងរ​ ហើយ​បុគ្គលិក​ទូរទស្សន៍ Marti ចំនួន​៩នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ លាលែង​ពី​តំណែង ឬ​ត្រូវ​ព្យួរ​ការងារ ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស។

រឿង​ចម្រូងចម្រាស​ក្នុង​ពេល​អតីតកាល

ទីភ្នាក់ងារ​ USAGM ក៏​បាន​ប្រឈម​នឹង​ការ​បំពាន​ក្រម​សីលធម៌​សារព័ត៌មាន​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ផង​ដែរ។ បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​របស់​ទីភ្នាក់ងារ​នេះ ថ្មីៗ​នេះ​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ពី​បទ​លួច​បន្លំ​ថវិកា​រដ្ឋាភិបាល​ជិត៤ម៉ឺន​ដុល្លារ ដោយ​បន្លំ​បង្កាន់​ដៃ​សណ្ឋាគារ​និង​រថយន្ត​តាក់ស៊ី និង​ឲ្យ​ទីភ្នាក់ងារ​ចេញ​ថវិកា​ដល់​ខ្លួន​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ពី​សៀវភៅ​និង​ការ​ធ្វើ​ដំណើរ​ចុង​សប្តាហ៍​របស់​ខ្លួន។

កាលពី​ខែតុលា​ឆ្នាំ​មុន អ្នក​សារព័ត៌មាន​១៥នាក់​មក​ពី​ VOA សេវា​ភាសា Hausa ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ​ឬ​ត្រូវ​បាន​យក​មក​ណែនាំ​ ដោយ​សារ​តែ​ពួក​គេ​ទទួល​ប្រាក់​សំណូក​ពី​មន្ត្រី​នីហ្សេរីយ៉ា​មួយ​រូប។ ហើយ​អតីតប្រធាន​សេវា​ភាសា​ចិន​របស់ VOA ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​សារ​តែ​បាន​អនុញ្ញាត​ឲ្យ​មហា​សេដ្ឋី​ចិន​ដែល​និរទេ្ទស​ខ្លួន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ឥត​ភស្តុតាង​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​ ក្នុង​អំឡុង​ពេល​ផ្សាយ​ព័ត៌មាន​បន្តផ្ទាល់។

ទាំង​លោក Lansing នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM និងលោក​ស្រី​ Amanda Bennett​នាយក​ VOA ត្រូវ​បាន​តែង​តាំង​ដោយ​អតីតប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា។​

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ជ្រើស​រើស​លោក Michael Pack ដែល​ជា​អ្នក​ផលិត​ភាពយន្ត​ អភិរក្ស​មួយ​រូប ឲ្យ​គ្រប់គ្រង​ទីភ្នាក់ងារ​ USAGM ប៉ុន្តែ​ព្រឹទ្ធសភា​មិន​ទាន់​បោះឆ្នោត​ទៅ​លើ​ការ​តែងតាំង​នេះ​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា