ប្រភពសន្តិសុខនៃប្រទេសតួកគី (Turkey) បាននិយាយថាកងយន្តហោះប្រតិកម្មប្រយុទ្ធតួកគីបានវាយប្រហារឆ្លងកាត់ព្រំដែនថ្មីៗទៀតប្រឆាំងនឹងពួកឧទ្ទាម Kurd នៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមានមនុស្ស៥៥នាក់ស្លាប់។
ប្រភពទាំងនេះនិយាយថា ការវាយប្រហារទាំងនេះបានយកជំរុំ និងកន្លែងឯទៀតៗប្រើប្រាស់ដោយក្រុមសមាជិកនៃគណបក្សកម្មករ Kurdistan ហៅកាត់ថា PKK ជាទីដៅនៃការវាយប្រហារ។
កងកម្លាំងសន្តិសុខតួកគី និងគណបក្សខុសច្បាប់ PKK បានបាញ់គ្នាសឹងតែរាល់ថ្ងៃចាប់តាំងពីបរាជ័យបទឈប់បាញ់គ្នាដែលមានរយៈពេលពីរឆ្នាំ និងដំណើរការសន្តិភាពកាលពីខែកក្កដាមក។
កងយន្តហោះចម្បាំងតួកគីបានឆ្មក់វាយប្រហារញឹកញយលើជំរុំគណបក្ស PKK នៅក្នុងតំបន់ភ្នំនាផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងតំបន់អាគ្នេយ៍នៃប្រទេសតួកគី ដែលមានប្រជារាស្ត្រភាគច្រើនជាក្រុមជនអំបូរ Kurd។ ពួកឧទ្ទាមបានធ្វើការតបតដោយបានធ្វើការវាយប្រហារប្រកបដោយការបង្ហូរឈាមទៅលើកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលតួកគី។
ទាហាន និងប៉ូលិសជាង១០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីមានជម្លោះជាថ្មីឡើងវិញ។ កំណើនចំនួនទាហាន និងប៉ូលិសស្លាប់បានធ្វើឱ្យមានការតវ៉ានៅទូទាំងប្រទេសដោយក្រុមអ្នកជាតិនិយមតួកកីដែលបានយកគណបក្ស PKK និងសហគមន៍ Kurd នៅក្នុងប្រទេសតួកគីជាទីដៅ៕