សភា​តួកគី​បាន​អនុញ្ញាត​ឲ្យ​ពង្រាយ​កងទ័ព​តួកគី​នៅ​​លីប៊ី

រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ចូលរួមក្នុងវេទិកាមួយនៅវិមានប្រធានាធិបតីក្នុងប្រទេសតួកគី។

សភា​តួកគី​បាន​អនុញ្ញាត​ឲ្យ​ពង្រាយ​កងទ័ព​តួកគី​នៅ​ប្រទេស​លីប៊ី​ដើម្បីគាំទ្រ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ក្នុង​ចម្បាំង​ដណ្តើម​យក​រដ្ឋធានី​ទ្រីប៉ូលី។ ​

លោក ​Mustafa Sentop ​ប្រធាន​សភា​តួកគី​បាន​និយាយ​ថា ​សភា​បាន​អនុម័ត​ច្បាប់​នេះ​ដោយ​សំឡេង​ ៣២៥​ ទល់​នឹង​ ១៨៤​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​អនុញ្ញាត​ការ​ដាក់​ពង្រាយ​កងទ័ព​នេះ។​

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ទោះបីជា​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​ប្រឆាំង​ធំៗ ​ទាំងអស់នៅ​ក្នុង​ប្រទេស​តួកគី​ក៏ដោយ។​ វិធានការ​នេះ​ផ្តល់​អាណត្តិ​មួយ​ឆ្នាំ​ឱ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Tayyip Erdogan ​បញ្ជូន​កងទ័ព​ទៅប្រទេស​លីប៊ីដែល​ជំរុញ​ឱ្យ​មាន​ក្តី​បារម្ភ​ថា ​កងទ័ព​តួកគី​អាច​បង្កើន​ជម្លោះ​និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។​

រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​របស់​លោក ​Fayez Sarraj​ នាយក​រដ្ឋមន្រ្តី​លីប៊ី​បាន​ព្យាយាម​ទប់ទល់​ការ​វាយ​លុក​ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​មេសា​ដោយ​ឧត្តមសេនីយ៍ ​Khalifa Haftar ដែល​មាន​ការគាំទ្រ​ពីគូប្រជែង​របស់​តួកគីក្នុង​តំបន់​គឺ​ប្រទេស​អេហ្ស៊ីប ​អារ៉ាប់ប៊ីសាអូឌីត និង​អេមីរ៉ាត់​អារ៉ាប់​រួម។​ ការ​ប្រយុទ្ធគ្នា​នេះអាច​បង្កើត​ភាព​វឹកវរ​នៅក្នុង​ប្រទេស​លីប៊ី​ដែល​ជាគូ​ប្រជែង​ក្នុង​ជម្លោះ​ឆ្នាំ​២០១១ ​ដែល​នាំឱ្យ​លោក​ Moammar Gadhafi ដែល​ជា​បុរស​ខ្លាំង​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ហើយ​ត្រូវ​សម្លាប់។ ​

លោក ​Erdogan ​បាន​និយាយ​កាល​ពី​ខែមុន​ថា​ នាយក​រដ្ឋមន្ត្រី​លីប៊ី​លោក ​Sarraj​ បាន​សុំឲ្យ​ដាក់​ពង្រាយ​កងទ័ព​តួកគី​ ​បន្ទាប់​ពីមេដឹក​នាំទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កតិកា​សញ្ញា​យោធា​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​តួកគី​បញ្ជូន​អ្នក​ជំនាញ​និង​បុគ្គលិក​យោធា​ទៅ​ប្រទេស​អាហ្វ្រិកខាង​ជើង​នេះ។ ​កិច្ចព្រម​ព្រៀង​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ចព្រម​ព្រៀង​ស្តីពី​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​តួកគី​និង​លីប៊ី​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រឆាំង​នៅ​ក្នុង​តំបន់​និង​លើស​ពី​នេះ។​ ព័ត៌មាន​លម្អិត​អំពីពេល​វេលា​និង​វិសាល​ភាព​នៃ​ការ​ពង្រាយទ័ព​នេះ​មិន​ទាន់​កំណត់​ទេ។​

ភ្លាមៗ​បន្ទាប់​ពីការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ ​ ការិយាល័យ​របស់​លោក ​Erdogan ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​និយាយ​ថា​ ​លោក ​Erdogan ​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំ​បាន​ពិភាក្សា​អំពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​លីប៊ី​និង​ស៊ីរី​និង​«សារៈ​សំខាន់​នៃ​កិច្ចការ​ទូត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់»៕