លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកមានព័ត៌មានច្រើនថែមទៀតអំពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតជាអារ៉ាប៊ី សាអីឌីត ហើយថា ព័ត៌មានទាំងនេះ នឹងធ្វើជាភស្តុតាងសម្រាប់សាធារណៈបន្ទាប់ពីការស៊ើបអង្កេតនៃការស្លាប់របស់លោកបានបញ្ចប់។
ថ្លែងក្នុងអំឡុងនៃការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន លោករដ្ឋមន្រ្តីការបរទេសតួកគី Cavusoglu បានប្រាប់ពួកអ្នកយកព័ត៌មានថា តួកគីបាននិយាយថា អារ៉ាប៊ី សាអូឌីតនិងប្រទេសផ្សេងទៀតដែលចាប់អារម្មណ៍នឹងព័ត៌មាននេះនឹងត្រូវបានផ្តល់ឱកាសឲ្យឃើញព័ត៌មាននោះ។
លោក Khashoggi បានស្លាប់បន្ទាប់ពីចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត នៅក្នុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២ ខែតុលា។
កាលពីដំបូង អារ៉ាប៊ី សាអូឌីត បាននិយាយថា លោក Khashoggi បានដើរចេញពីស្ថានកុងស៊ុលហើយថា គេមិនបានដឹងថា លោកនៅទីណាទេ។ បន្ទាប់មកថា លោកបានស្លាប់នៅក្នុងការវាយតប់មុនដំបូងហើយក្រោយមកថា លោកបានស្លាប់នៅក្នុងការច្របាច់ក។ ចាប់តាំងពីនោះមក រដ្ឋអាជ្ញារបស់អារ៉ាប៊ី សាអូឌីត បានហៅការសម្លាប់លោក Khashoggiជាការគ្រោងទុកជាមុន ក៏ប៉ុន្តែ មិនបាននិយាយថា តើនរណាបានរៀបចំផែនការ ឬនរណាបានផ្តល់ការយល់ព្រមឲ្យសម្លាប់លោក Khashoggi នោះទេ។
លោករដ្ឋមន្រ្តីការបរទេសតួកគីបាននិយាយនៅថ្ងៃអង្គារនេះថា បន្ទាប់ពីការសន្ទនាជាច្រើនលើកជាមួយព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ី សាអូឌីតមក ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជំរុញកុំឲ្យព្រះមហាក្សត្រពាក់ព័ន្ធ។
ក៏ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសតួកគីបាននិយាយទៀតថា មានការបញ្ជាក់យ៉ាងច្បាស់ថា បុរសមួយក្រុមដែលមានគ្នា១៥នាក់ បានរងការចោទប្រកាន់ថា បានធ្វើដំណើរទៅកាន់តួកគីដើម្បីធ្វើសកម្មភាពនេះ។ បុរសទាំងនោះមិនធ្វើសកម្មភាពបែបនេះដោយខ្លួនឯងទេ ហើយថា ការស៊ើបអង្កេតចាំបាច់ស្វែងរកថាតើនរណានឹងផ្តល់ការបញ្ជានេះ៕