ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា តួកគី​រៀបចំ​យុទ្ធសាស្រ្ត​ធ្វើ​ឲ្យ​ខូច​ជា​អតិបរមា​ដល់​កិត្យា​នុភាព​​អារ៉ាប៊ី ​សាអូឌីត


ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan នៅ​តែ​បន្តជំរុញការចោទសួរ​ពាក់ព័ន្ធ​នឹង​ករណីការស្លាប់របស់​អ្នកសារព័ត៌មាន​លោក Jamal Khashoggi។​
ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan នៅ​តែ​បន្តជំរុញការចោទសួរ​ពាក់ព័ន្ធ​នឹង​ករណីការស្លាប់របស់​អ្នកសារព័ត៌មាន​លោក Jamal Khashoggi។​

នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល មិត្តភក្តិ និង​ក្រុម​​អ្នកគាំទ្រ​លោក Jamal Khashoggi ​បន្តការឃ្លាំមើលរបស់​ពួកគេ។

ប្រទេស​តួកគី​កំពុង​បន្តដាក់​សម្ពាធ​លើ​ប្រទេស​អារ៉ាប៊ី ​សាអូ​ឌីត​អំពី​ការ​សម្លាប់​លោក Jamal Khashoggi អ្នកកាសែត​នៅ​ដើម​ខែតុលា​នៅឯ​ស្ថាន​កុង​ស៊ុល​អារ៉ាប់ប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល នៅពេល​ដែលសេចក្តី​លម្អិត​បន្ថែម​នៃ​ការចោទ​ប្រកាន់​ពី​ឃាតកម្ម​បន្ត​លេច​ចេញ​ឡើង។​ ក្រុម​អ្នក​វិភាគ​និយាយថា ការ​លេចចេញ​ព័ត៌មាន​បន្តិច​ម្តងៗ​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan ធ្វើ​ឲ្យ​ខូច​ជា​អតិបរិមា​ដល់​កិត្យានុ​ភាព​របស់​ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohmmed Bin Salman នៃ​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត​ និង​ដើម្បី​បង្អាក់​ការ​គាំទ្រ​របស់​ប្រទេស​លោក​ខាង​លិច​ដល់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ។

នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល មិត្តភក្តិ និង​ក្រុមអ្នកគាំទ្រ​លោក Jamal Khashoggi ​បន្តការឃ្លាំមើលរបស់​ពួកគេ។

​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន​នៅ​ក្នុង​រដ្ឋ Ankara ​ប្រធានា​ធិបតី​តួកគី​លោកRecep Tayyip Erdogan បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ។ ប្រធានា​ធិបតី Erdogan បាន​ថ្លែង​ថា៖ «វាជា​ការ​ពិត​ថា លោក Khashoggi បាន​ត្រូវគេ​សម្លាប់ ​ក៏ប៉ុន្តែ ​សាកសព​នៅឯ​ណា? គេ​ត្រូវ​តែ​បង្ហាញ​សាកសព»។

លោកKyle Ortonអ្នក​វិភាគ​តំបន់​មជ្ឈឹម​បូព៌ា​និយាយ​ថា ប្រធានា​ធិបតី Erdogan ​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​ខូច​កិត្យា​នុភាព​របស់​ព្រះអង្គ​ម្ចាស់​រាជ្ជទាយាទ Mohammed Bin Salman ដែល​ត្រូវ​សោយរាជ្យ​បន្ទាប់។លោក Kyle Ortonបាន​ថ្លែង​ថា៖ «ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​លំបាក​សម្រាប់​អារ៉ាប៊ី ​សាអូឌីត ​ទាក់​ទង​ទៅ​វិញ​ទៅ​មក​ជាមួយ​ប្រទេស​លោក​ខាង​លិច ​ជាពិសេស​ជាមួយ​អាមេរិក។ ការណ៍​នេះ​ផ្តល់​ឱកាស​ឲ្យ​តួកគី​ចូល​បំពេញ​ចន្លោះ​នេះ»។

យុទ្ធសាស្រ្ត​របស់​តួកគី​បណ្តាល​ឲ្យមាន​ជម្លោះ​មេដឹកនាំ​នយោបាយ​នៅ​ក្នុង​ពិភព​អារ៉ាប់។ លោក​ Kemal Kirisci ​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯវិទ្យា​ស្ថានBrookings ​បាន​ថ្លែង​ថា៖ «ចាប់​តាំងពី​ការសោយទីវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ​ក្នុង​ប្រទេស​អារ៉ាប៊ី ​សា​អូឌីត​មក ​តួកគីបាន​ស្វះស្វែង​ធ្វើ​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រ​ទេស​កាតា​ ហើយ​បន្ទាប់​មក ​អារ៉ាប៊ី សាអូឌីត ​បាន​ធ្វើ​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​អារ៉ាប់​រួម​ឬUnited Arab Emirates និងអេហ្ស៊ីប។ ហើយ​ពួកគេ​បាន​បង្កើត​ប៉ូល​នយោបាយ​២​នៅ​ក្នុង​តំបន់»។

គូ​ប្រកួត​ប្រជែង​ទាំង​នោះត្រូវបានមើលឃើញ​នៅ​សមរភូមិក្នុង​ប្រទេស​ស៊ីរី។កិច្ចសហប្រតិបត្តិការជាមួយ​សហរដ្ឋ​អាមេរិក មាន​ប្រទេស​អារ៉ាប៊ី ​សាអូឌីតកំពុង​គាំទ្រ​កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​ត្រួតត្រា​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​ភាគ​ខាង​កើតប្រទេស​ស៊ីរី​ជាមួយ​កង​កម្លាំង​ជន​ជាតិ​ភាគតិច Kurds YPG។ តួកគី​មើល​ឃើញ​ក្រុម​YPG ថា​ ជា​ក្រុម​ភេរវជន​ហើយ​ចង់​បំបែក​សម្ព័ន្ធភាព​នេះ។ លោក Kyle Orton ​អ្នក​វិភាគ​នៃ​តំបន់​មជ្ឈឹម​បូព៌ា​បាន​និយាយ​ថា៖ «បញ្ហា​ក្រុម YPG និង PKKនៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​បញ្ហា​ដ៏​សំខាន់ ​ហើយ​បញ្ហា​នេះ​នឹង​ពាក់ព័ន្ធ​ពលរដ្ឋ​អាមេរិ​កាំងដែល​មិន​បោះ​បង់​ពួកគេ ក៏ប៉ុន្តែ ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ពួកគេ​និង​តួកគី​ដែល​ខ្ញុំដឹងថា​ពួកគេ​នឹង​មិន​អាច​ធ្វើ​បាន»។

លោក Ortonនិយាយ​ទៀត​ថា ​មាន​ភាព​គ្រោះ​ថ្នាក់​នៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​លោក Erdogan។លោក Kyle Orton និយាយ​ទៀត​ថា៖«វា​ជា​ការ​ចាប់​ផ្តើមមើល​ឃើញ​កាន់​តែ​អាក្រក់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថា ​គេ ​កំពុង​ប្រើ​ប្រាស់​ឃាតកម្ម​របស់​បុរសម្នាក់​ដើម្បី​បន្ត​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន»។

អ្វី​ស្ថិត​ក្នុងភាពគ្រោះ​ថ្នាក់​នោះផង​ដែរគឺ​ ការ​វិនិយោគទុន​របស់​អារ៉ា​ប៊ី ​សាអូឌីត​ក្នុង​ប្រ​ទេស​តួកគី​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​មាន​តម្លៃ​ជាទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។ លោកAhmet Kasim នៅឯ​សាកល​វិទ្យាល័យ Altinbas បាន​និយាយ​ថា៖ «​វា​ជា​យុទ្ធសាស្រ្ត​មាន​ភាព​ប្រថុយ​ប្រថាន ប្រសិនបើ ​ព្រះអង្គ​ម្ចាស់​រាជ្ជទាយាទ​អារ៉ាប់​ប៊ី ​សាអូ​ឌីត​ Mohammed Bin Salman ស្ថិត​នៅ​បន្តកាន់​តំណែង ​ហើយប្រសិនបើ ​បញ្ហា​នេះ​ក្លាយ​ជា​បញ្ហា​ទ្វេភាគី​រវាង​តួកគី​និង​អារ៉ាប៊ី ​សាអូឌីត​ នោះ​វាអាចនឹងលុបចោល​ការ​វិនិ​យោគទុនអារ៉ាប់​ប៊ី ​សាអូឌីត​»។

ព្រះអង្គម្ចាស់​រាជ្ជទាយាទ Mohammed Bin Salman ​បាន​ត្រូវគេ​ចោទ​សួរ​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​Ankara នៅ​ឯ​សន្និសីទ​វិនិយោគទុន​កាល​ពី​សប្តាហ៍​មុន។​ព្រះអង្គម្ចាស់​រាជ្ជទាយាទអារ៉ា​ប៊ី សាអូ​ឌីត​ Mohammed Bin Salman មាន​ព្រះ​រាជ​បន្ទូល​ថា៖ «​មាន​ប្រទេស​ជា​ច្រើន​ដែល​កំពុង​ព្យាយាម​ប្រើ​ព្រឹត្តិការណ៍​ដ៏ឈឺ​ចាប់​នេះ ​ដើម្បី​ធ្វើ​ឲ្យមាន​ការបែក​បាក់​រវាង​ព្រះរាជា​ណាចក្រអារ៉ា​ប៊ី សាអូឌីត​និង​តួកគី។ ដោយ​ថ្លែង​ចេញ​ពី​វេទិកា​នេះ ​ខ្ញុំ​ចង់​បញ្ជូន​សារ​ប្រាប់​ពួកគេ​ថា ​គេ​មិន​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ទេ​ ដរាប​ណានៅ​មាន​ព្រះមហាក្សត្រ​ដែល​មាន​ព្រះនាម Salman bin Abdulaziz ​នោះ»។

សេចក្តី​ថ្លែងការណ៍​នោះ​ចោទ​សួរ​ថា តើ​នឹងមាន​អ្វី​កើត​ឡើង​ដល់​ទំនាក់​ទំនង​រវាង​អារ៉ាប៊ី​ ​សាអូឌីត​ និង​តួកគី​នៅពេល​ដែល​ព្រះ​មហាក្សត្រ Salman សោយ​ព្រះទី​វង្គត​នោះ?។

ក្រុម​អ្នក​វិភាគ​និយាយថា ​ប្រធានា​ធិបតីតួកគី​លោក Erdogan កំពុង​លេង​ល្បែងដ៏អូស បន្លាយ​មួយ​ដែល​ធ្វើខូច​កិត្យា​នុភាពព្រះអង្គម្ចាស់រាជ្ជទាយាទ​ និងដើម្បី​បង្កើន​អំណាច​តួកគី​នៅ​ក្នុង​តំបន់៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG