ពួកអ្នកការទូតតួកគី និងក្រិក បានចាប់ផ្តើមការជួបប្រជុំជាប្រចាំនៅក្នុងការស្វះស្វែងដើម្បីបន្ធូបន្ថយការតានតឹងទ្វេភាគីកើនឡើងអំពីការត្រួតត្រាសមុទ្រមីឌីទែរ៉ាណេខាងកើតដែលជាបញ្ហាដ៏សំខាន់នៃការប្រទាញប្រទង់គ្នានៅក្នុងតំបន់ចំពោះអ្វីដែលអាចជាអណ្តូងឧស្ម័នដ៏ធំ។
ជំនួបរវាងតួកគីនិងក្រិក កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងអង់ការ៉ា កើតមានឡើងបន្ទាប់ពីការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo កាលពីថ្ងៃព្រហស្បត៍អំពីផែនការ «កិច្ចផ្តួចផ្តើមខាងការទូត» ដើម្បីធ្វើឲ្យស្ងប់ស្ងាត់នូវការតានតឹងរវាងប្រទេសដែលជាសមាជិករបស់អង្គការអូតង់ទាំង២នេះ។
រដ្ឋាភិបាលក្រិក និងរដ្ឋាភិបាលតួកគី ជាសត្រូវប្រវត្តិសាស្រ្ត ដោយមានជម្លោះដែនដីជាយូរណាស់មកហើយនៅសមុទ្រ Aegean ហើយនិងការបែងចែកកោះហ្ស៊ីប។
គូសត្រូវទាំង២នេះ បានធ្វើឲ្យកាន់តែយ៉ាប់យ៉ឺនឡើងនូវជម្លោះលើការត្រួតត្រាសមុទ្រមីឌីទែរ៉ាណេ ដែលជាកន្លែងរុករកអ៊ីដ្រូកាបោន ចាប់តាំងពីអ៊ីស្រាអែលបានរកឃើញអណ្តូងឧស្ម័នដ៏ធំនោះ។
ក្រិកបានទាញយកផលប្រយោជន៍ពីភាពឯកោក្នុងតំបន់របស់តួកគីដោយការធ្វើសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ខណៈដែលស្វះស្វែងរកការអភិវឌ្ឍនិងចែកចាយឧស្ម័នធម្មជាតិនោះ។
ប្រទេសទាំងនោះ មានទំនាក់ទំនងតានតឹងជាមួយតួកគី។
តួកគីបានធ្វើឲ្យតំបន់មានការភ្ញាក់ផ្អើលនៅខែវិច្ឆិកាដោយបានងាកទៅប្រទេសលីប៊ី។ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoganបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលអនុញ្ញាតឲ្យតួកគីត្រួតត្រាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយនៅក្នុងសមុទ្រមីឌីទែរ៉ាណេជាមួយរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិដែលមានទីតាំងនៅរដ្ឋធានីទ្រីប៉ូលី៕