នាយកប្រតិបត្តិក្រុមហ៊ុន Erensan លោក Ali Eren បាននិយាយថា ក្រុមហ៊ុនតួកគីដូចជា ក្រុមហ៊ុន Erensan របស់លោកដែលផលិតម៉ាស៊ីន Boiler កំពុងតែរងគ្រោះយ៉ាងខ្លាំងពីទំនាក់ទំនងធ្លាក់ចុះរបស់តួកគីនៅតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង។
លោកបានថ្លែងថា៖ «ដូច្នេះ យើងបានងាកចេញពីតំបន់មជ្ឈិមបូព៌ា។ ហើយខណៈពេលមានទំនាក់ទំនងមិនល្អជាមួយនឹងអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប យើងត្រូវងាកទៅតំបន់បូព៌ា ដូចជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជាឧទាហរណ៍ និងទៅកាន់ប្រទេសបង់ក្លាដែស ដែលបានក្លាយជាទីផ្សារដ៏ល្អមួយសម្រាប់ពួកយើងផងដែរ។ ប៉ុន្តែរឿងនេះមិនអាចសម្រេចបានដោយស្វ័យប្រវត្តិនោះទេ ពីព្រោះយើងត្រូវព្យាយាមចូលទៅក្នុងទីផ្សារជាមុនសិន»។
របាយការណ៍ផ្សេងៗបានលើកឡើងពីការធ្វើពហិការពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យផលិតសាច់ក្រណាត់ដ៏ធំរបស់តួកគី ដែលផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនម៉ាកល្បីៗលើឆាកអន្តរជាតិ។ អេហ្ស៊ីបបានចូលរួមជាមួយនឹងអារ៉ាប៊ីសាអូឌីតជាគូប្រជែងដ៏កាន់តែមោះមុតមួយតទល់នឹងតួកគី។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិលោក Emre Caliskan នៅសាកលវិទ្យាល័យ Oxford និយាយថា តួកគីចាត់ទុករដ្ឋាភិបាលក្រុងរីយ៉ាដជាការរារាំងនឹងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីចូលទៅកាន់ទីផ្សារនៅតំបន់អាហ្វ្រិកខាងជើង។
លោកបានថ្លែងថា៖ «តួកគីចង់ក្លាយជាអ្នកដើរតួសំខាន់ផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់។ តួកគីមានសេដ្ឋកិច្ចដែលផ្តោតទៅលើការនាំចេញ។ ប៉ុន្តែរាល់ពេលណាដែលតួកគីចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសណាមួយ ដូចជា ម៉ារ៉ុក និងអាល់ហ្សេរី ប្រទេសទាំងនេះតែងតែជាប្រទេសគាំទ្រអារ៉ាប៊ីសាអូឌីត»។
ប្រទេសតួកគី នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Erdogan បានបើកស្ថានទូតថ្មីមួយចំនួននៅទ្វីបអាហ្វ្រិក ដោយសង្ឃឹមថា នឹងអាចចូលទីផ្សារនៅទ្វីបនេះបាន។
រដ្ឋាភិបាលក្រុងអង់ការ៉ាក៏បានបរាជ័យផងដែរនៅក្នុងកិច្ចប្រឹងប្រែងបើកស្ថានទូតនេះ ជាមួយនឹងការទម្លាក់មេដឹកនាំប្រទេសស៊ូដង់លោក Omar al Bashir ចេញពីតំណែង ដែលលោកជាសម្ព័ន្ធមិត្តជិតដិតនឹងប្រធានាធិបតីតួកគីលោក Erdogan។ រដ្ឋាភិបាលស៊ូដង់ថ្មីបានងាកចេញពីរដ្ឋាភិបាលក្រុងអង់ការ៉ា និងបែរទៅរករដ្ឋាភិបាលក្រុងរីយ៉ាដជំនួសវិញ។
ស្របពេលសេដ្ឋកិច្ចតួកគីកំពុងរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ ជាសាកល លោក Caliskan និយាយថា តួកគីកំពុងតែសម្លឹងទៅអារ៉ាប៊ីសាអូឌីតដើម្បីដោះស្រាយនូវការខ្វែងគំនិតគ្នាផ្សេងៗ។
លោកបានថ្លែងថា៖ «តួកគីកំពុងតែរងគ្រោះពីផលអវិជ្ជមានបង្កឡើងដោយការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះសេដ្ឋកិច្ចតួកគីក៏កំពុងប្រឈមនឹងបញ្ហាផងដែរ។ ដូចនេះ តួកគីសង្ឃឹមថា តាមរយៈការងាកទៅរកប្រទេសអារ៉ាប៊ីសាអូឌីត ការណ៍នេះនឹងជួយជំរុញសេដ្ឋកិច្ចតួកគីឡើងវិញ ដូចដែលអ្នកធ្លាប់បានឃើញរួចមកហើយថា អស់រយៈពេលជិតមួយឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីតបានធ្វើពហិការលើមុខទំនិញ និងផលិតផលរបស់តួកគី»។
កាលពីអតីតកាល តួកគីនិងអារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងជិតដិតនឹងគ្នា ដោយរដ្ឋាភិបាលក្រុងរីយ៉ាដធ្វើការវិនិយោគយ៉ាងច្រើននៅតួកគី៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា