តួកគី​គាំទ្រ​ប្រទេស​កាតា​ក្នុង​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង

ទាហាន​តួកគី​បាន​មក​ដល់​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា។ តួក​គី​មាន​គម្រោង​បញ្ជូន​ទាហាន​ចំនួន​៥០០០​នាក់​ មក​កាន់​មូលដ្ឋាន​នេះ។

ប្រទេស​តួកគី​កំពុង​បន្ត​ធ្លាក់​ចូល​ក្នុង​វិបត្តិ​រវាង​ប្រទេស​កាតា​ ​ប្រទេស​អារ៉ាប៊ី​សាអូឌីតនិង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក​ ក្នុង​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ប្រ ទេស​កាតា​ថា​គាំទ្រ​ក្រុមឥស្លាម​ជ្រុល​និយម​នៅ​ក្នុង​តំបន់។​

រដ្ឋាភិបាល​តួកគី​កំពុង​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​កាតា​ ហើយ​បាន​ច្រាន​ចោល​ការ​បញ្ចប់​ចំណង​ទាក់​ទង​ខាង​យោធាដែល​បាន​បង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រថពាស​ដែក​៥​គ្រឿងនិង​យោធា​ចំនួន​២៣​នាក់​របស់​តួកគី​បាន​ទៅ​ដល់​ទីក្រុង​ដូហា​ដែល​ជា​ផ្នែក​មួយ​នៃកិច្ច​ព្រម​ព្រៀង​ដើម្បី​បង្កើត​ទីតាំង​យោធា​ដោយ​មាន​កងទ័ព​ជាង​៥​ពាន់​នាក់។ ក៏ប៉ុន្តែ ​ការ​បិទ​ទីតាំង​យោធា​នេះ​ជា​ការ​ទាម​ទារ​មួយ​នៃ​ការ​ទាមទារ​ចំនួន​១៣​ ដែល​ដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​កំពុង​ធ្វើ​ដើម្បី​បញ្ចប់​វិបត្តិ​នោះ។

​កាល​ពី​ថ្ងៃ​សុក្រ ​លោក ​Fikri Isik ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​តួកគី​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍​បាន​ឆ្លើយ​តប​វិញ ដោយ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ បាន​និយាយ​ថា «ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​កាតា​មិន​ស្ថិត​នៅ​លើ​របៀប​វារៈ​របស់​យើង​ទេ‍»។

លោក ​Isik​ និយាយ​បន្ថែម​ទៀត​ថា ​ការដាក់​ពង្រាយ​កងទ័ព​មិន​សំដៅ​ដល់ការ​យក​ប្រទេស​ណាមួយ​ជា​គោល​ដៅ​ទេ ហើយ​វា​គ្រាន់​តែ​ជា​ការ​រួម​វិភាគ​ទាន​ដល់​ស្ថេរភាព​នៅ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ។​ អត្ថាធិប្បាយ​ស្តី​ពីការ​ទាម​ទារឲ្យ​បិទ​បន្ទាយ​កងទ័ព​នេះ ​លោក​បាន​និយាយ​ថា «ប្រសិន​បើ ​មិន​មាន​តម្រូវការ​ទេ ការដាក់​ពង្រាយ​កងទ័ព​នេះ​មានន័យ​ថា ​ជាការ​ជ្រៀត​ជ្រែក​ក្នុង​ចំណង​ទាក់​ទង​ទ្វេភាគី‍»។

កិច្ច​ព្រម​ព្រៀង​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​តួកគី​មាន​តាំង​ពី​ឆ្នាំ​២០១៤ ​ហើយ​ជា​ផ្នែក​មួយ​នៃ​គោល​ដៅ​យុទ្ធសាស្រ្ត​កាន់​តែ​ធំ​ឡើង​របស់​រដ្ឋាភិបាល​ទួគី​ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន។

លោក ​Semih Idiz​ ជា​អ្នកសរសេរ​បទ​វិចារណកថា​ខាង​នយោបាយ​ក្នុង​ប្រព័ន្ធ​វេបសាយ​ Al Monitor​ បាន​កត់​សម្គាល់​ថា​ «មូលដ្ឋាន​យោ​ធា​នេះ​ជា​ការ​សំខាន់ណាស់​ពីព្រោះ​តែ​មូលដ្ឋាន​យោធានេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​តួកគី​បោះ​ទីតាំង​នៅ​ក្នុង​តំបន់‍»៕