ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កំពុងព្រមានអំពីការភៀសខ្លួនជាថ្មីទៀតចេញពីប្រទេសស៊ីរី ខណៈកម្លាំងរដ្ឋាភិបាលនៅទីនោះធ្វើការវាយប្រហារតាមអាកាសលើគោលដៅរបស់ក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib។ ដោយសារកងកម្លាំងរុស្ស៊ីគាំទ្រការវាយប្រហារនេះ ចំណងមិត្តភាពកក់ក្តៅនាពេលថ្មីៗនេះរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងរដ្ឋាភិបាលក្រុងមូស្គូប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។
លោក Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំឥ ស្លាមក្នុងពិភពលោកនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីថា៖ «ឥឡូវនេះមានមនុស្ស៥ម៉ឺននាក់ចេញពី Idlib មកប្រទេសយើង។ យើងបានទទួលមនុស្ស៤លាននាក់រួចហើយ ហើយឥឡូវនេះមានចំនួន៥ម៉ឺននាក់ទៀតកំពុងមក។ តួលេខនេះប្រហែលជានឹងកើនឡើងថែមទៀត»។
លោក Erdogan មិនបានផ្តល់ព័ត៌មានលម្អិតថា តើមានជនភៀសបានទៅដល់ព្រំដែនតួកគីឬយ៉ាងណាទេ។ ខេត្ត Idlib គឺជាតំបន់ត្រួតត្រាសំខាន់ចុងក្រោយរបស់ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី។ មានប្រជាជនប្រមាណ៣លាននាក់ត្រូវគេជឿថា បានជាប់នៅក្នុងទីប្រជុំជនដែលមានព្រំប្រទល់ជាប់ប្រទេសតួកគី។
ការភៀសខ្លួនចេញចុងក្រោយនេះបង្កឡើងដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្រុងដាម៉ាសដែលគាំទ្រដោយកងកម្លាំងអាកាសរុស្ស៊ី។ មន្រ្តីតួកគីនិយាយថា ជនភៀសខ្លួនប្រហែល២០ម៉ឺននាក់មកពីខេត្ត Idlib បានបោះជំរំជិតព្រំដែនតួកគី បន្ទាប់ពីបានគេចចេញពីការវាយលុកពីមុនរបស់រដ្ឋាភិបាលស៊ីរី៕