រដ្ឋអាជ្ញាតួកគីបានប្រកាសថា អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ត្រូវបានច្របាច់កសម្លាប់ភ្លាមៗ បន្ទាប់ពីដើរចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បន្ទាប់មកសាកសពរបស់លោកត្រូវបានកាត់ជាបំណែកៗ ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានប្រកាសដោយរដ្ឋអាជ្ញាក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Ifran Fidan រដ្ឋាភិបាលតួកគីកំពុងដាក់សម្ពាធលើរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតឲ្យបញ្ជូនជនសង្ស័យ១៨នាក់ ដែលត្រូវបានជាប់ឃុំក្រោមបទចោទពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi។
ការបាត់ខ្លួនរបស់លោក Khashoggiកាលពីថ្ងៃទី២ខែតុលា នៅក្នុងស្ថានកុងស៊ុលប្រទេសអារ៉ាប៊ីសាអូឌីតនៅប្រទេសតួកគីបានបង្កើតឲ្យមានការគំរាមកំហែងដ៏ចម្រូងចម្រាសបន្ថែមទៅលើទំនាក់ទំនងអន្តរជាតិដ៏ស្មុគស្មាញនិងដែលមានស្រាប់រួចទៅហើយរវាងប្រទេសអារ៉ាប៊ីសាអូឌីត តួកគី និងសហរដ្ឋអាមេរិក។
ប្រទេសតួកគីបានបង្កើនសម្ពាធលើប្រទេសអារ៉ាប៊ីសាអូឌីតកាន់តែខ្លាំងឲ្យផ្តល់ចម្លើយ ខណៈមានការពន្យល់ផ្សេងៗគ្នាពីសំណាក់ក្រុមមន្រ្តីរបស់ពួកគេអំពីជោគវាសនារបស់លោកKhashoggi។ ប៉ុន្មានសប្តាហ៍ក្រោយមករដ្ឋាភិបាលក្រុងរីយ៉ាត់បានទទួលស្គាល់ថា លោក Khashoggiត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីត១៥នាក់ ហើយកាលពីថ្ងៃអង្គារ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoganបានជំរុញឲ្យក្រុងរីយ៉ាដបង្ហាញពីបុគ្គល ដែលបញ្ជាឲ្យសម្លាប់លោក Khashoggi៕