ប្រធានាធិបតី​តួកគី​និយាយ​ថា​ខ្មាន់​កាំភ្លើង​ព្យាយាម​បង្កើត​ចលាចល​ដោយ​ការ​វាយប្រហារ​នៅ​ក្លឹបរាត្រី

ក្លឹបរាត្រី​ដែល​រងការ​បាញ់ប្រហារ​នៅ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល។

ប្រធានាធិបតី​នៃ​ប្រទេស​តួកគី​បាន​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយ​បាន​បាញ់​សម្លាប់​មនុស្ស​៣៩​នាក់​ គឺ​ក្នុង​បំណងបង្កើត​ចលាចល​នៅ​ក្នុង​ប្រទេស​ក៏​ប៉ុន្តែ​អ្នក​វាយ​ប្រហារ​នេះ​គ្មាន​ជោគជ័យ​ទេ។

លោក​ប្រធានាធិបតី​ Recep Tayyip Erdogan ​បាននិយាយ​ថា៖ «ពួក​គេ​ខិត​ខំ​ព្យាយាម​បង្កើត​ចលាចល​ ធ្វើ​ឱ្យ​ប្រជារាស្ត្រ​យើង​បាក់​ទឹក​ចិត្ត​ និង​ធ្វើឱ្យ​ប្រទេស​យើង​មាន​អស្ថិរភាព​ដោយ​ធ្វើការ​វាយ​ប្រហារ​គួរ​ឱ្យ​ស្អប់​ខ្ពើម​ដែល​បានយក​ពួក​ជន​ស៊ីវិល​ជា​ទីដៅ។ យើង​នឹង​រក្សា​ភាព​ស្ងប់​ស្ងៀម​របស់​យើង​ក្នុង​ឋានៈជា​ប្រទេស​ជាតិ​មួយ​ រួម​សាមគ្គី​គ្នា​ជិត​ស្និទ្ធ​ជាង​មុន​ ហើយ​យើង​នឹង​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត​នូវ​កលល្បិច​កខ្វក់​បែប​នេះ»។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​Suleyman Soylu ​និង​លោក​ Vasip Sahin អភិបាល​ក្រុងអ៊ីស្តង់ប៊ុល​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ក្នុង​ក្លឹប​រាត្រី​នេះ​ធ្វើ​ឡើង​ដោយ​ជន​ប្រដាប់​អាវុធ​តែ​ម្នាក់​ឯង។

លោក ​Soylu​ បាន​និយាយ​ថា​ អាជ្ញាធរ​កំពុង​តែ​ស្វែង​រក​ជន​ប្រដាប់​អាវុធដែល​បាន​បាញ់​កាំ​ភ្លើង​ក្នុង​ក្លឹប​រាត្រី​នោះ​ដែល​មាន​ពេញដោយ​មនុស្ស​អបអរ​សាទរ​ឆ្នាំ​ថ្មី។

លោក ​Soylu ​បាន​និយាយ​ថា​ ក្នុង​ចំណោម​ពួក​ជន​ដែល​ត្រូវ​បាន​ដឹង​អត្តសញ្ញាណ​មាន​ជន​១៦​នាក់​ក្នុង​បណ្តា​ពួក​ជន​ដែល​បាន​ស្លាប់​ ជា​ជន​បរទេស​ហើយ​ជន​៥​នាក់​ទៀត​ជា​ជនជាតិ​តួកគី​ ដោយ​លោក​បាននិយាយ​បន្ថែម​ថា​ប៉ូលិស​ម្នាក់​ក៏​បាន​បាត់​បង់​ជីវិត​ដែរ។ ជន​រងគ្រោះ​១៨​នាក់​ទៀត​មិន​ទាន់​បាន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

លោក ​Soylu​ បាន​ថ្លែង​ថា​ មនុស្ស​៦៩​នាក់​កំពុង​ទទួល​ការ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ ដោយ​មាន​បួន​នាក់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​និង​ម្នាក់​មានស្ថានភាព​ធ្ងន់ធ្ងរ។​

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូ​វ​ជា​បន្ទាន់​ដល់​ការ​វាយ​ប្រហារ​នេះ​ទេ៕